កំពង់ឆ្នាំងៈ មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា តុលាការនៅតែបន្តនីតិវិធីលើពាក្យបណ្ដឹងរបស់ពលរដ្ឋដែលបានប្ដឹង «មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង» ម្នាក់រួមទាំងគូកនពីបទបង្ខាំងមនុស្ស និងជំរិតទារប្រាក់ចំនួន ៥ ពាន់ដុល្លារ បើទោះបីជាដើមបណ្តឹងបានសម្រេចឈប់ប្ដឹងក្រោយពីជនជាប់ចោទបានផ្តល់ប្រាក់ទាំងអស់ឱ្យជនរងគ្រោះវិញក្តី។
លោក ឈុន ឈីវជាតិ ជាដើមបណ្ដឹងបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា កាលពីថ្ងៃទី ២៦ ខែតុលា លោក លុន ឡន ហៅ ឡុង បានយកលុយទាំង ៥ ពាន់ដុល្លារមកប្រគល់ឱ្យលោកវិញ ដើម្បីជាថ្នូរឱ្យលោកដកពាក្យបណ្ដឹងដែលបានប្ដឹងឈ្មោះ លឹម ហាក់ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ លុន ឡន និងគូកន។
លោកថា លោកបានសម្រេចដកពាក្យបណ្ដឹងតាមកិច្ចសន្យា។ លោកថា៖ «ថ្ងៃមុន តុលាការបានហៅខ្ញុំទៅដែរ ហើយតុលាការថា ការដកពាក្យបណ្ដឹងគឺរឿងរបស់ខ្ញុំ។ ប៉ុន្តែរឿងព្រហ្មទណ្ឌចាត់ចែងតាមផ្លូវច្បាប់ គឺជារឿងរបស់តុលាការ ហើយតុលាការគេបញ្ជាក់ទៀតថានឹងស៊ើបអង្កេតបន្តទៀត ប្រសិនបើពាក់ព័ន្ធនឹងរឿងបទល្មើសព្រហ្មទណ្ឌមែន»។
ជាមួយគ្នានេះលោក ឈួន ស៊ីវិន អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង ថ្លែងថាលោក លឹម ហាក់ រួមទាំងបក្ខពួកបានជាប់បណ្ដឹងចំនួន ២ គឺបណ្ដឹងរដ្ឋប្បវេណី និងបណ្ដឹងអាជ្ញា។ លោកថា ថ្វីដ្បិតលោក ឈុន ឈីវជាតិ ទទួលបានសំណងរដ្ឋប្បវេណីវិញក្ដី ប៉ុន្តែលោក លឹម ហាក់ និងបក្ខពួកនៅតែជាប់បណ្ដឹងអាជ្ញាដែលតម្រូវឱ្យតុលាការបន្តនីតិវិធីទៅមុខទៀត។
លោកថា៖ «គាត់សងអា ៥ ពាន់ហ្នឹងហើយ វារួចពីបណ្ដឹងរដ្ឋប្បវេណី ប៉ុន្តែគាត់នៅជាប់បណ្ដឹងអាជ្ញា។ ឥឡូវនេះសំណុំរឿងហ្នឹងគឺស្ថិតនៅក្នុងដៃរបស់ព្រះរាជអាជ្ញាចាត់ការនៅឡើយ»។
ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបំភ្លឺបន្ថែមពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ឆ្នាំងបានទេដោយសារទូរស័ព្ទលោកមិនមានអ្នកទទួល។
កាលពីថ្ងៃទី ១០ ខែតុលា លោក ឈុន ឈីវជាតិ បានដាក់ពាក្យប្ដឹងឈ្មោះ លុន ឡន និងឈ្មោះ លឹម ហាក់ ដែលជា «មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង» និងគូកន ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងពីបទចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់។
លោក ឈីវជាតិ បានរៀបរាប់នៅក្នុងពាក្យបណ្ដឹងនោះថាកាលពីថ្ងៃទី ២៨ ខែកញ្ញា មានមន្ត្រីប៉េអឹមពីរនាក់ បានចុះមកឃាត់រថយន្តរបស់លោកយកទៅដាក់នៅសាលាក្រុងកំពង់ឆ្នាំង ខណៈលោកកំពុងបើកបររថយន្តតែម្នាក់ឯងដើម្បីទៅចាក់សាំង។
លោកបន្តថា ក្រោយមកលោកបានជួបជាមួយលោក លឹម ហាក់ ហើយមន្ត្រីកងរាជអាវុធហត្ថរូបនេះបានប្រាប់ថា មេរបស់ខ្លួនបានបញ្ជាឱ្យយករថយន្តនោះទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង និងថែមទាំងបានចាប់ឃុំឃាំងលោកនៅទីនោះ។
ក្នុងពាក្យបណ្ដឹងបន្តថា បន្ទាប់មកលោក លឹម ហាក់ ប្រាប់ទៀតថាគាត់បានរាយការណ៍ទៅកាន់ព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាបានបញ្ជាឱ្យឃាត់រថយន្ត និងអ្នកបើកបរពីបទប្រើប្រាស់ឡានអត់ពន្ធ។ លោក លឹម ហាក់ បានឱ្យលោក ឈុន ឈីវជាតិ រកលុយចំនួន ៥ ពាន់ដុល្លារ ប្រសិនបើចង់ពឹងពាក់ខ្លួនឱ្យជួយអន្តរាគមន៍ ដើម្បីរួចខ្លួនពីការឃុំឃាំង និងបានរថយន្តទៅវិញ។
ពាក្យបណ្ដឹងសរសេរថា «គេបន្តឃុំខ្លួនខ្ញុំ (ចាប់ពីម៉ោង ១២) រហូតដល់ម៉ោង ៤ រសៀល។ គ្រួសារបានទាក់ទងមកខ្ញុំដោយនិយាយថា គាត់ខ្ចីគេបានតែ ៣ ៥០០ ដុល្លារទេ ដោយយកប្រាក់នេះឱ្យឈ្មោះ លុន ឡន ហៅ ឡុង ជាអ្នកយកលុយនោះទៅឱ្យឈ្មោះ លឹម ហាក់ តែឈ្មោះ លឹម ហាក់មិនព្រមទេគឺត្រូវការ ៥ ពាន់ដុល្លារ។ រហូតដល់ម៉ោង ៨ យប់ គ្រួសារខ្ញុំបានខ្ចីប្រាក់គេគ្រប់ចំនួន និងបានយកមកឱ្យមន្ត្រីកងរាជអាវុធហត្ថខាងលើនេះហើយពួកគេបានឱ្យខ្ញូំធ្វើកិច្ចសន្យានឹងមិនប្រើប្រាស់រថយន្តអត់ពន្ធទៀត និងបានដោះលែងខ្ញុំឱ្យត្រឡប់ទៅផ្ទះវិញ»។
លោក ឈុន ឈីវជាតិ បញ្ជាក់ក្នុងពាក្យបណ្ដឹងនោះទៀតថា លោកបានថតជាវីដេអូទុកជាភ័ស្ដុតាងអំពីសកម្មភាពគំរាមទារលុយលោកពីសំណាក់មន្ត្រីកងរាជអាវុធហត្ថនេះ។
ទោះជាយ៉ាងណាកាលពីថ្ងៃទី ៩ ខែតុលា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា លោក សៅ សុខា បានបញ្ជាឱ្យស្វែងរកការពិតជុំវិញករណីនេះ និងបានបញ្ជាក់ថា បុគ្គលឈ្មោះលុន ឡន មិនមែនជាមន្ត្រីកងរាជអាវុធហត្ថឡើយ។
សេចក្ដីប្រកាសព័ត៌មាននោះសរសេរថា៖ «មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យមានការត្រួតពិនិត្យរាល់កិច្ចការរដ្ឋបាល ការបំពេញតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថគ្រប់ពេលវេលាដូចជាករណីខាងលើនេះ និងធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវរកឱ្យឃើញការពិត»។
កាលពីថ្ងៃធុធលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបាននិយាយយ៉ាងខ្លីថា អ្នកជំរិតទារប្រាក់ ៥ ពាន់ដុល្លារនោះ គឺមិនមែនជាមន្ត្រីកងរាជអាវុធហត្ថឡើយ។ លោកបានថ្លែងថា៖ «គេចេញលិខិតបដិសេធហើយថា អាអ្នកទទួលលុយហ្នឹង មិនមែនកងរាជអាវុធហត្ថខ្ញុំទេ លោកឯងម៉េចមិនមើល»។
ជាមួយគ្នានេះលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានបញ្ជាក់យ៉ាងខ្លីដែរថា បុគ្គលដែលជំរិតទារលុយគឺមិនមែនជាមន្ត្រីកងរាជអាវុធហត្ថឡើយប៉ុន្តែលោកថា ករណីនេះគឺកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់កងរាជអាវុធហត្ថនៅឡើយ។ លោកថា៖ «មិនបាច់បញ្ជាក់ (ច្រើន) ទេ គ្រាន់តែដឹងថា អាវុធហត្ថកំពុងត្រួតពិនិត្យ»។
យ៉ាងណាក្តីលោក ឈីវជាតិ បញ្ជាក់ថាថ្វីដ្បិតលោកឈប់ប្ដឹងផ្ដល់ក្ដី ប៉ុន្តែអ្វីដែលលោកបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងដែលលោកដាក់ទៅតុលាការ គឺសុទ្ធតែជាការពិតទាំងអស់ ហើយថែមទាំងមានភ័ស្ដុតាងគ្រប់គ្រាន់ទៀតផង។
លោក សំ ចាន់គា អ្នកសម្របសម្រួលសមាគមអាដហុកខេត្តកំពង់ឆ្នាំងបានលើកឡើងថា ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ គឺមិនអាចរួចផុតពីផ្លូវច្បាប់ដោយសារតែការចរចាផ្ដល់សំណងរដ្ឋប្បវេណីឡើយ។ លោកថា៖ «អ្នកឯងបានប្រព្រឹត្តរួចហើយ ហើយក្រោយមក មកសុំទោស និងបង្វិលវត្ថុតាងទៅម្ចាស់គេវិញ គឺអត់រួចពីបទល្មើសព្រហ្មទណ្ឌទេតែអាចគ្រាន់តែជាការសម្រាល (ទោស) ទេ»។
កាលពីខែមុនអង្គភាពប្រឆាំងអំពើពុករលួយក៏បានបញ្ជាក់តាមសេចក្ដីជូនដំណឹងមួយថា តាមការស្រាវជ្រាវគឺករណីចោទប្រកាន់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថា បានយកលុយពីម្ចាស់ឡានដែលត្រូវបានឃាត់ទុកគឺពិតជាមានការទារ និងការទទួលប្រាក់ពិតប្រាកដមែន។
សេចក្ដីជូនដំណឹងសរសេរថា៖ «អង្គភាពប្រឆាំងអំពើពុករលួយនៅត្រូវការពេលវេលាបន្តិចទៀត ដើម្បីវាយតម្លៃថា ការទារប្រាក់ និងការទទួលប្រាក់នេះយ៉ាងដូចម្ដេចខ្លះ ដើម្បីមានមូលដ្ឋានបន្តនីតិវិធីបើក ឬមិនបើកការស៊ើបអង្កេតករណីនេះ»៕