
អយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ រូបថត ហ្វេសប៊ុក
កំពង់ធំៈ អយ្យការអមសាលាដំបូងខេត្តកំពង់ធំបានចេញសេចក្ដីថ្លែងការណ៍មួយច្រានចោលព័ត៌មានជុំវិញការចោទប្រកាន់ដែលថា បាននៅពីក្រោយខ្នងជនខិលខូចកាប់ទន្ទ្រាន ឈូសឆាយ និងគ្រប់គ្រង ចាត់ចែងដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ (តំបន់ហាមឃាត់) នៅក្នុងភូមិសាស្ត្រ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំកាលពីថ្ងៃទី ២២ ខែធ្នូ បានឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានចោទប្រកាន់ថានៅពីក្រោយខ្នងជនខិលខូចដោយមិនអើពើចុះបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងដីព្រៃលិចទឹកដោយទុកឱ្យតែបក្ខពួកកាប់ទន្ទ្រានឈូសឆាយ និងគ្រប់គ្រង ចាត់ចែងដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យដើម្បីយកធ្វើជាកម្មសិទ្ធិ។
ក្រោយពីមានការចោទប្រកាន់នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តនេះបញ្ជាក់ថា ជាព័ត៌មានមិនពិត ដែលចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងភ័ស្តុតាង ច្បាស់លាស់។
ទង្វើនេះជាការញុះញង់ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដែលប្រជាពលរដ្ឋបាន និងកំពុងជឿទុកចិត្តយ៉ាងខ្លាំង។
បើតាមសេចក្តីថ្លែងការណ៍នេះ កន្លងមកស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនជាប្រចាំ ដោយដឹកនាំ និងសម្របសម្រួលមន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នជំនាញពាក់ព័ន្ធ (ជាអាទិ៍មន្ត្រីជំនាញជលផល) ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយពុំមានការលើកលែងដល់ជនណាម្នាក់ឡើយ។
ជាមួយគ្នានេះ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានអំពាវនាវ និងស្នើសុំកិច្ចសហការពីសាធារណជន បណ្តាញសារព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធជួយរាយការណ៍មកស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ចដើម្បីមានចំណាត់ការទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
ចំពោះមន្ត្រីនគរបាលយុត្តិធម៌វិញ (ជាអាទិ៍ៈ មន្ត្រីនគរបាលជាតិ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីជំនាញរដ្ឋបាលជលផល និងមន្ត្រីជំនាញធនធានទឹក) ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ដែលបាន និងកំពុងកើតឡើងនៅក្នុងតំបន់ព្រៃលិចទឹកនៃភូមិសាស្ត្រខេត្តកំពង់ធំ។
លោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានឱ្យដឹងពីម្សិលមិញថា អ្នកដែលចោទប្រកាន់លើស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំនេះមិនមានមូលដ្ឋានច្បាស់លាស់ទេ។ ស្ថាប័ននេះតែងតែណែនាំឱ្យមន្ត្រីក្រោមឱវាទ និងមន្ត្រីនគរបាលយុត្តិធម៌ចុះធ្វើការជាប្រចាំមិនដែលមានការចូលទៅទន្ទ្រានឈូសឆាយដូចការចោទប្រកាន់នោះទេ ហើយអ្វីដែលស្ថាប័ននេះច្រានចោលគឺជារឿងត្រឹមត្រូវបំផុត។
ទោះជាយ៉ាងណា លោកមិនបានលើកចំឈ្មោះអ្នកដែលបានចោទប្រកាន់នោះទេ ដោយលោកគ្រាន់តែថា អាចជារឿងទំនាស់ផលប្រយោជន៍រវាងបុគ្គល និងបុគ្គល ហើយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងតាមបណ្តាញព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ។
លោកថ្លែងថា៖ «តំបន់ដែលមានការចោទប្រកាន់នេះ វាស្ថិតនៅក្នុងតំបន់ ៣ មែន ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា កន្លែងមួយចំនួននៅក្នុងតំបន់ ៣ នេះ មានប្រជាពលរដ្ឋបានអាស្រ័យផលដូចជា ការធ្វើស្រែប្រាំងនៅលើដីនៅតំបន់នេះជាច្រើនពាន់ហិកតា ប៉ុន្តែរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យពលរដ្ឋធ្លាប់ធ្វើស្រែអាស្រ័យផលយូរនៅតែអាចបន្តធ្វើទៀត លើកលែងតែមានការកាប់រុករាន និងទន្ទ្រានថ្មីដែលមានការហាមឃាត់»។
លោក សុក រដ្ឋា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ធំបានលើកឡើងថា អង្គការរបស់លោកមិនទទួលបានពាក្យបណ្តឹងឱ្យមានការស៊ើបអង្កេតលើករណីនេះទេ ប៉ុន្តែលោកក៏បានដឹងរឿងទាក់ទងនឹងការចោទប្រកាន់ទៅលើអយ្យការអមសាលាដំបូងខេត្តកំពង់ធំនេះដែរ។
លោក សុក រដ្ឋា បានបន្ដថា ករណីនេះសមាគមរបស់លោកក៏មិនបានស៊ើបអង្កេតឱ្យស៊ីជម្រៅនោះដែរ ប៉ុន្តែលោកបានអះអាងថា កន្លងមកនេះអយ្យការអមសាលាដំបូងខេត្តកំពង់ធំតែងតែបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានខ្ជាប់ខ្ជួនក្នុងការដោះស្រាយបណ្តឹងតវ៉ាពីពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «តាមការកត់សម្គាល់របស់ខ្ញុំ តុលាការបានអនុវត្តច្បាប់ ចំពោះមន្ត្រីដែលធ្វើការនៅក្នុងតុលាការ និងមន្ត្រីនគរបាលយុត្តិធម៌ជាពិសេសបានទទួល និងដោះស្រាយបណ្តឹងពីពលរដ្ឋឃើញថា ល្អប្រសើរមិនថា ជនសាមញ្ញ ឬជនដែលមានឋានៈបុណ្យស័ក្តិនោះទេ ដែលនេះជាសញ្ញាណវិជ្ជមានក្នុងការអនុវត្តច្បាប់»៕