កំពង់ស្ពឺៈ សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​កំពុង​បន្ត​សាកសួរ​លោក​ កង ភារី អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ និង​មន្ដ្រីនគរបាល​ក្រោមបង្គាប់​ចំនួន​ ៦ ​នាក់​ទៀត ករណី​ផឹកស៊ី​ស្រវឹង​បាញ់បោះ​សេរី និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​បរិវេណ​សាលាស្រុក​សំរោងទង​កាលពី​ថ្ងៃ​ ១៩ សីហា​។ ​

លោក​ សម សាមួន ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា បច្ចុប្បន្ន​សំណុំរឿង​របស់​លោក កង ភារី និង​មន្ដ្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោងទង ៦ ​នាក់​ទៀត​ ត្រូវបាន​បញ្ជូន​ដល់​តុលាការខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។

លោក​ថ្លែងថា​៖ «​សំណុំ​រឿងនេះ យើង​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​ ២២ ខែ​សីហា​។ ប៉ុន្ដែ​រហូត​ដល់​ព្រឹក​ថ្ងៃអាទិត្យ ទី​ ២៣ ខែសីហា ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ដ​កំពុង​បន្ត​សាកសួរ​នៅឡើយ​មិនទាន់​បាន​បញ្ចប់​ទេ​»​។ លោក​បញ្ជាក់ថា​៖ «​ករណី​លោក កង ភារី និង​កូនចៅ​ ៦ ​នាក់​នេះ​ ជា​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់​មាន​ន័យថា អាវុធ​របស់​គាត់​មិនមាន​បណ្ណ​សម្រាប់​ប្រើប្រាស់​ទេ​។ មួយទៀត​គាត់​បាន​បាញ់កាំភ្លើង​នោះ​ដោយ​គ្មាន​បទបញ្ជា ឬ​ហៅថា បាញ់បោះ​សេរី​»​។

លោក​ សាមួន ​ថ្លែង​ថា នៅក្នុង​រយៈពេល​ ៥ ​ថ្ងៃ​នៃ​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កន្លង​ទៅ​នេះ​នគរបាល​ខេត្ត ក្រុង ស្រុក ទាំងអស់ គឺមាន​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​លោក​ កង ភារី និង​នគរបាល​ ៦ ​នាក់​នោះ​មិនបាន​អនុវត្ដ​តាម​តួនាទី បែរ​ជា​ផឹកស៊ី ហើយ​បាញ់បោះ​សេរី​បង្ក​ភាព​អនាធិបតេយ្យ​ទៅវិញ​។

នៅពេល​សួរថា តើ​លោក កង ភារី និង​នគរបាល​ដែល​បាញ់បោះ​សេរី​នេះ​នឹង​ត្រូវ​បញ្ឈប់​ពី​តួនាទី​ជា​មន្ដ្រី​នគរបាល​ឬ​យ៉ាងណា​នោះ លោក សម សាមួន បាន​បញ្ជាក់​ថា រង់ចាំ​មើល​ការសម្រេច​របស់​តុលាការ​សិន​។

លោក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោងទង​បាន​ថ្លែងថា ករណី​បាញ់បោះ​សេរី​ខាងលើ​នេះ​កើតឡើង​ក្រោយពេល​លោក កង ភារី និង​កូនចៅ​បាន​ផឹក​ស្រវឹង​ហើយ​នាំគ្នា​បាញ់បោះ​សេរី​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​បរិវេណ​សាលាស្រុក​សំរោងទង​ដោយ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​សរុប​អ្នក​ដែល​បង្ក​ហេតុនេះ​ទាំង​លោក កង ភារី និង​មន្ដ្រី​នគរបាល​ចំនួន​ ៧ ​នាក់​ក្នុងនោះ ​ប្រើប្រាស់​កាំភ្លើង​ម៉ាក Lock ចំនួន ២ ​ដើម សុទ្ធតែ​ជា​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទាំងអស់​»​។

បើ​តាម​លោក ឃុត សុផល ជនសង្ស័យ​ជា​មន្ដ្រី​នគរបាល​បាញ់បោះ​សេរី​ទាំង ៧ ​នាក់​នេះ​រួមមាន​ឈ្មោះ កង ភារី ម្ចាស់ កាំភ្លើង Lock ឈ្មោះ កាន់ សៅលី ម្ចាស់​កាំភ្លើង Lock ឈ្មោះ ដន សុខុម អ្នកបាញ់​ឈ្មោះ ម៉ាន់ ប៉ុណ្ណារ៉ា អ្នកបាញ់​ឈ្មោះ ម៉ាន់ ប៊ុនណ្ណារែក អ្នកបាញ់ ឈ្មោះ នី សុភាក់ អ្នកបាញ់ និង ឈ្មោះ ព្រីង ឡង់ឌី អ្នកបាញ់​។

លោក​បាន​បន្ដថា ករណី​នេះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឈរ​បាញ់បោះ​សេរី​ចំនួន​ ១១ គ្រាប់​ នៅក្នុង​បរិវេណ​សាលាស្រុក​សំរោងទង​។ ប៉ុន្ដែ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​នោះទេ​។

លោក​ ស៊ឹង សែនករុណា ​មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ស្នើឱ្យ​មាន​ការស៊ើបអង្កេត​ប្រកប​ដោយ​តម្លាភាព​លើ​អ្នក​ដែល​ប្រព្រឹត្ដ​ក្នុង​ករណី​បាញ់បោះ​សេរី​នេះ ហើយ​ដាក់​ទោសទណ្ឌ​តាម​វិន័យ​រដ្ឋបាល និង​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យ​មាន​ការត្រួតពិនិត្យ ចំពោះ​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​របស់​មន្ដ្រីនគរបាល​នេះ​។ ករណី​ដែល​សមត្ថកិច្ច​ទិញ​អាវុធ​យក​មក​ប្រើប្រាស់​ដោយ​ខ្លួនឯង​បែបនេះ វា​ជា​គ្រោះថ្នាក់ ព្រោះ​ពិបាក​ក្នុង​ការគ្រប់គ្រង​អាវុធ​ទាំងនោះ​។ បើសិន​ជា​អាវុធ​របស់​អង្គភាព ពេល​យក​ប្រើប្រាស់​ក្នុង​ករណី​ណាមួយ​នោះ​អាច​ពិនិត្យ​ដឹង​។ ប៉ុន្ដែ​ការទិញ​អាវុធ​ប្រើ​ដោយ​ខ្លួនឯង​យ៉ាង​អនាធិបតេយ្យ​បែប​នេះ គឺជា​រឿង​គ្រោះថ្នាក់​សម្រាប់​អ្នក​អនុវត្ដ​ច្បាប់​នៅ​កម្ពុជា​»៕