ក្រចេះ៖ តុលាការ​ខេត្ត​ក្រចេះ​នៅ​រសៀល​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៧ បាន​សម្រេច​ឃុំ​ខ្លួន​បុរស ៣ នាក់ ដែល​បាន​លួច​ជីក​រ៉ែមាស​នៅ​ក្នុង​រណ្ដៅ​ដី​រ៉ែ​មាស​មួយ​កន្លែង​ក្នុង​តំបន់​អូរត្រូន នៃ​ឃុំក្បាលដំរី ស្រុក​សំបូរ ដោយ​ចោទ​ប្រកាន់​ពី​បទ «លួច»។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​ក្រចេះ។

លោក ទីវ វុធធេន អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​ក្រចេះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃទី ២៧ ខែ​មេសា​ថា ជន​ត្រូវ​ចោទ​ក្នុង​បទ​ល្មើស​ខាង​លើ​នេះ​ រួម​មាន​ឈ្មោះ ស៊ិន សុខេត អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​បក្ខពួក ២ នាក់​ទៀត ដែល​រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​រួម​មាន​ឈ្មោះ អាន រ៉ាវី អាយុ ២៩ ឆ្នាំ និង​ឈ្មោះ ជឹម សុឡា អាយុ ២៤ ឆ្នាំ។

លោក​បាន​បន្ត​ថា យោង​តាម​សំណុំ​រឿង​ដែល​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​បញ្ជូន​មក​នា​រសៀល​ថ្ងៃទី ២៧ ខែ​មេសា ជន​ត្រូវ​ចោទ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សំបូរ ចាប់​ឃាត់​ខ្លួន​នៅ​យប់​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ ខណៈ​កំពុង​នាំ​គ្នា​លួច​ជីក​យក​រ៉ែមាស​នៅ​ក្នុង​រណ្ដៅ​ដី​អាជីវកម្ម​រ៉ែ​មាស​មួយ​កន្លែង​របស់​ក្រុមហ៊ុន [ចិន] ស៊ីង យ័ងគ័ងយិ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ អូរត្រូន នៃ​ឃុំ​ក្បាលរមាស។ បន្ទាប់​មក​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​នៅ​រសៀល​ថ្ងៃទី ២៦ ខែ​មេសា ។

លោក វុធ ធេន បាន​បញ្ជាក់​ថា៖ «ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ លោកស្រី ទេព សុធាវី ចៅក្រម​ស៊ើបសួរ​លើ​សំណុំ​រឿង​នេះ បាន​សម្រេច​ចោទ​ប្រកាន់​ពី​បទលួច តាម​បញ្ញតិ​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​នគរបាល​យុតិ្តធម៌​នាំ​ខ្លួន​ពួក​គេ​ទាំង ៣ នាក់ ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ ដើម្បី​រង់ចាំ​ការ​ជំនុំជម្រះ​ទោស​នៅ​ពេល​ក្រោយ»។

យោង​តាម​បទចោទ និង​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ខាង​លើ​នេះ​ ជន​សង្ស័យ​ទាំង ៣ នាក់ នឹង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ៦ ខែ​ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល ដល់ ៦ លាន​រៀល។

ការ​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អូរ​ត្រូន​នៃ​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ១០ នាក់​បាន​ស្លាប់ ដោយ​ករណី​បាក់​ដី​នៃ​រណ្ដៅ​រ៉ែ​មាស​សង្កត់​លើ និង​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​វិធានការ​ជា​បន្តបន្ទាប់​ទៅ​តាម​នីតិវិធី​ច្បាប់។ ទន្ទឹម​នឹង​នេះ​ អាជ្ញាធរ​ខេត្ត​ក៏​ធ្លាប់​បាន​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ និង​បង្ក្រាប​ជា​ច្រើន​ដង​រួច​មក​ហើយ​ដែរ ជុំវិញ​ការ​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ីង យ័ងគ័ងយិ នេះ​ផង​ដែរ៕