បាត់ដំបង៖ តុលាការខេត្តបាត់ដំបងបានឃុំខ្លូនបុរសម្នាក់ក្នុងពន្ធនាគារខេត្តនៅថ្ងៃទី ២៧ ឧសភា ក្រោយឃាត់ខ្លួនបាន ១ ថ្ងៃ ពាក់ព័ន្ធករណីចាប់កូនស្រីចុងរបស់ខ្លួនរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីខែសីហា ឆ្នាំ ២០១៩។
លោក ប៊ន់ វណ្ណារ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ២៧ ឧសភានេះថា ជនត្រូវចោទ ឈ្មោះ វង់ធឿន អាយុ ៤៥ ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តហើយ នៅថ្ងៃទី ២៧ ឧសភា បន្ទាប់ពីសមត្ថកិច្ចលោកបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង បាន ១ ថ្ងៃ។
លោកពន្យល់ប្រាប់ថា ជានីតិវិធី កាលណានគរបាលយុត្តិធម៌ចាប់ជនល្មើសណាម្នាក់បាន គឺត្រូវបញ្ជូនជននោះទៅតុលាការ។ក្រោយពេលដែលតុលាការឃុំខ្លួនជននោះហើយ គឺតុលាការនឹងបញ្ជូនដីកាឃុំខ្លួននោះមកឱ្យនគរបាលយុត្តិធម៌ដើម្បីជូនដំណឹងថាជនសង្ស័យម្នាក់នោះត្រូវបានឃុំខ្លួនហើយ។
លោក វណ្ណារ៉ា បានប្រាប់ថា៖ «បុរសម្នាក់នោះត្រូវបានចោទបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះតាមបញ្ញត្តិមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ»។ក្នុងករណីដែលតុលាការរកឃើញថា ជននេះពិតជាបានប្រព្រឹត្តលើជនរងគ្រោះដូចដែលតុលាការចោទប្រកាន់មែននោះ នឹងត្រូវប្រឈមការជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។
ពាក់ព័ន្ធនឹងប្រវត្តិរបស់ជនសង្ស័យ លោក ណន ផេង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្តីទីឃុំបារាំងធ្លាក់ បានរៀបរាប់នៅរសៀលថ្ងៃទី ២៧ ឧសភាថា ម្តាយក្មេងរងគ្រោះមានប្តីនិងមានកូនប្រុសស្រី ២ នាក់ដែលក្មេងស្រីរងគ្រោះឈ្មោះ ម.រ អាយុ ១៣ ឆ្នាំ (២០១៩) ជាកូនច្បង ប៉ុន្តែក្រោយមកបានលែងលះជាមួយប្តី។ ក្រោយមកទៀត គាត់ក៏បានយកគ្នាជាប្តីប្រពន្ធជាមួយបុរសឈ្មោះ វង់ ធឿន (ជនសង្ស័យ) និងរស់នៅក្នុងឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
លោកបន្តថា គ្រួសារក្មេងស្រីរងគ្រោះមានជីវភាពក្រីក្រ ហើយម្តាយនាងតែងតែទៅស៊ីឈ្នួលធ្វើការងារឱ្យគេមិនសូវបាននៅផ្ទះឡើយ។ ហេតុដូច្នេះហើយទើបជនសង្ស័យជាឪពុកចុងមានឱកាសអាចចាប់ក្មេងរងគ្រោះរំលោភសេពសន្ថវៈបាន។ ប៉ុន្តែរាល់ពេលជនសង្ស័យរំលោភម្តងៗគឺជននោះតែងតែសំឡុតគំរាមក្មេងរងគ្រោះមិនឱ្យនិយាយប្រាប់នរណាឱ្យដឹងទេ បើរឿងនេះបែកការគេនឹងសម្លាប់ចោល។
លោកបានបន្តតាមសម្តីម្តាយក្មេងរងគ្រោះទៀតថា នៅថ្ងៃទី ២ សីហា ឆ្នាំ ២០១៩ ម្តាយក្មេងរងគ្រោះឃើញអាការកូនខុសប្លែកពីប្រក្រតីក៏សួរក្មេងរងគ្រោះទើបដឹងថាកូនរបស់គាត់ត្រូវប្តីក្រោយចាប់រំលោភ។ភ្លាមៗនោះម្តាយបាននាំក្មេងរងគ្រោះមកប្តឹងនៅនគរបាលប៉ុស្តិ៍ ឃុំបារាំងធ្លាក់ របស់លោកតែម្តង។
លោកបន្តទៀតថា ដោយដឹងថា ម្តាយក្មេងរងគ្រោះប្តឹងឱ្យនគរបាលចាប់ ជនសង្ស័យបានរត់គេចខ្លួនបាត់ហើយចាប់តាំងពីខែសីហាឆ្នាំ ២០១៩ មក គឺជនសង្ស័យមិនដែលចូលស្រុកទេ។ ក៏ប៉ុន្តែលុះដល់ថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២១ ទើបសមត្ថកិច្ចចាប់ជនសង្ស័យបានខណៈជននោះបានលួចចូលផ្ទះ។
លោក ណន ផេង បានបញ្ជាក់ថា៖ «រឿងនេះម្តាយក្មេងមកប្តឹងនៅប៉ុស្តិ៍នគរបាលខ្ញុំមែន ប៉ុន្តែខាងនគរបាលស្រុកភ្នំព្រឹក និងខាងនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តទេ ជាអ្នកចុះចាប់ជនសង្ស័យនោះ»៕