ពោធិ៍សាត់ៈ សាលាដំបូង​ខេត្តពោធិ៍សាត់​នៅ​រសៀល​ថ្ងៃនេះ​បាន​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​ខេត្ត ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​សមត្ថកិច្ច​បញ្ជូន​ដល់​តុលាការ​ពាក់ព័ន្ធ​ករណី​កាប់​ព្រះចៅអធិការ​វត្ត​បណ្ដាល​ឱ្យ​របួសធ្ងន់ ប្រព្រឹត្ត​នៅ​វត្ត​បក្សី​ចាំក្រុង​ក្នុងភូមិ​អូរបាក់ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ កាលពី​យប់​ថ្ងៃទី ២៦ មេសា។

លោក​ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង​នគរបាល​ខេត្ត​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​ឱ្យដឹង​នៅ​ថ្ងៃទី ២៨ មេសា​នេះ​ថា ជនសង្ស័យ​រូបនេះ​ឈ្មោះ ឆេង ឆាយ អាយុ ៣៨ ឆ្នាំ​រស់នៅ​ភូមិ​អូរបាក់ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ។ រីឯ​ព្រះចៅអធិការវត្ត​ព្រះនាម ទេព អ៊ូច ព្រះជន្ម ៥៣ ព្រះវស្សា គង់នៅ​វត្ត​បក្សីចាំក្រុង ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ។

លោក​បាន​ប្រាប់ថា៖ «បុរស​ម្នាក់​នោះ​ត្រូវ​ចោទ​ពី​បទហិង្សា​ដោយមាន​ស្ថានទម្ងន់​ទោស​និង​បទ​ប្រើប្រាស់​គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ»។ បើតាម​លោក លីដា ព្រះចៅអធិការ​រងគ្រោះ​ត្រូវ​ជនសង្ស័យ​កាប់​រយះ​ពី​ស្មា​រហូត​ដល់​ក្រោម​ឆ្អឹងជំនីរ​ខាងស្តាំ​ហើយ​ដេរ​ជាង ៦០ ថ្នេរ»។

ដោយឡែក​លោក ហ៊ុន ចាន់ធា នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ភ្នំក្រវាញ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃនេះ​ដែរ​ថា ជនសង្ស័យ​ម្នាក់នេះ​កន្លងមក​ធ្លាប់​សុំ​ព្រះចៅអធិការ​ចូល​បួស​រៀន​ម្តង​មក​ហើយ តែដោយសារ​កាល​នៅ​ជា​សង្ឃ ជនសង្ស័យ​តែង​ប្រើ​ហិង្សា​ហើយ​ពេល​ឆាន់ចង្ហាន់​ម្តងៗ​តែង​គប់​ចាន​គប់​ស្លាបព្រា ទើប​ព្រះចៅអធិការ​វត្ត​ផ្សឹក​ និង​បណ្តេញ​ចេញ​ពី​វត្ត។ តែ​ក្រោយមក​ជនសង្ស័យ​បាន​សុំ​បួស​ម្ដងទៀត​តែ​ព្រះចៅអធិការ​មិន​អនុញ្ញាត។

លោក​បន្តថា លុះ​នៅ​យប់​ថ្ងៃទី ២៦ មេសា ខណៈ​ព្រះចៅអធិការ​កំពុង​អង្គុយ​សូត្រធម៌​តែ​អង្គឯង​នៅ​ថ្ងៃ​វិសាខបូជា ស្រាប់តែ​ជនសង្ស័យ​កាន់​កាំបិត​ផ្កាក់​លប​ដើរ​ពីក្រោយ​ខ្នង​ព្រះអង្គ តែ​ដោយសារ​ព្រះចៅអធិការ​វត្ត​ឮសូរ​សម្រិប​ជើង​ដើរ​ក៏​ស្រែកសួរ ហើយ​ពេលនោះ​ជនសង្ស័យ​ក៏​ស្ទុះ​មក​កាប់​ព្រះអង្គ​តែម្តង។

បើតាម​លោក ហ៊ុន ចាន់ធា ពេលនោះ​ព្រះចៅអធិការ​បាន​ស្រែក​ឮ​ដល់​សង្ឃ​ និង​ដូនជី​ក្នុង​វត្ត​ហើយ​ក៏​បាន​រត់​មកជួយ​ និង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ។ រីឯ​ជនសង្ស័យ​បាន​រត់គេចខ្លួន តែ​រហូត​ដល់​ព្រឹក​ថ្ងៃទី ២៧ មេសា សមត្ថកិច្ច​ក៏​ចាប់បាន​វិញ។

លោក​បញ្ជាក់ថា៖ «រឿងនេះ​ជនសង្ស័យ​មាន​គំនុំ​ជាមួយ​ព្រះចៅអធិការ​វត្ត​ ព្រោះ​គេ​សុំ​លោក​បួស​ម្ដងទៀត​តែ​ព្រះចៅអធិការ​មិន​ព្រម។ ជនសង្ស័យ​រូបនេះ​ក៏មាន​ប្រើ​គ្រឿងញៀន​ផងដែរ»៕