បាត់ដំបង៖ សាលា​ដំបូង​ខេត្ត​បាត់ដំបង​នៅ​រសៀល​ថ្ងៃទី ១១ ឧសភា​នេះ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​នាំ​បុរស​ម្នាក់​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក​អាវុធ និង​គ្រាប់​រំសេវ​ដោយ​ខុស​ច្បាប់។

លោកស្រី ជា ចាន់រស្មី អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ នៅ​រសៀល​ថ្ងៃទី ១១ ឧសភា​នេះ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ សាំ សុបញ្ញាវ័ន្ត អាយុ ២៥ ឆ្នាំ ត្រូវ​បាន​ចៅក្រម​ចេញ​ដីកា​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ហើយ។

លោកស្រី​បាន​ថ្លែង​ថា៖ «លោក​ចៅក្រម​ស៊ើបសួរ​ គឹម ហេង ជា​អ្នក​ចេញ​ដីកា​ឃុំ។ ជន​នេះ​ត្រូវ​ចោទ​ពី​បទ​រក្សា​ទុក​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ»។

តាម​ច្បាប់​នេះ ប្រសិន​បើ​តុលាការ​រក​ឃើញ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ គឺ​ជន​សង្ស័យ​នឹង​ត្រូវ​ប្រឈម​មុខ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ២ ឆ្នាំ និង​ពិន័យ​ប្រាក់​ចូល​ថវិកា​រដ្ឋ​ពី ៥០ ម៉ឺន​រៀល ទៅ ២ លាន​រៀល។

លោក ឡាច វ៉ាន់ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង​បាន​ប្រាប់​នៅ​ថ្ងៃទី ១១ ឧសភា​នេះ​ថា ជន​សង្ស័យ​រូប​នេះ​ជា​ជាង​ដែក រស់នៅ​ភូមិ​ចម្ការឫស្សី សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

លោក​រំឭក​ឱ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ម្នាក់​នេះ​ធ្លាប់​មាន​ឪពុក​ធ្វើ​ជា​យោធា​ ហើយ​បាន​យក​អាវុធ​ប្រភេទ M16 ចំនួន ១ ដើម និង​សម្ភារ​សម្លៀក​បំពាក់​យោធា​មក​ទុក​នៅ​ក្នុង​ផ្ទះ។ ប៉ុន្តែ​ក្រោយ​ពី​ឪពុក​របស់​ខ្លួន​ស្លាប់​ទៅ គឺ​ជន​សង្ស័យ​នៅ​តែ​បន្ត​រក្សា​ទុក​អាវុធ និង​សម្ភារ​យោធា​នោះ​នៅ​ក្នុង​ផ្ទះ​ដដែល។

លោក វ៉ាន់ បាន​បញ្ជាក់​ថា៖ «ជន​សង្ស័យ​គាត់​ខុស​ ព្រោះ​គាត់​មិន​យក​កាំភ្លើង​ទៅ​ប្រគល់​ឱ្យ​អាជ្ញាធរ​សង្កាត់​ក្រុង​គ្រប់គ្រង។ តែ​គាត់​មិន​បាន​យក​កាំភ្លើង​នោះ​ទៅ​ប្រព្រឹត្ត​បទល្មើស​ទេ»។

លោក ឡាច វ៉ាន់ បាន​ឱ្យ​ដឹង​ដែរ​ថា មូលហេតុ​ដែល​សមត្ថកិច្ច​របស់​លោក​ដឹង​ គឺ​ដោយសារ​អ្នក​រស់នៅ​ជិត​ខាង​ផ្ទះ​ជនសង្ស័យ​បាន​រាយការណ៍​ប្រាប់​ ទើប​សមត្ថកិច្ច​របស់​លោក​ចុះ​ទៅ​ឆែក​ផ្ទះ​តែ​ម្ដង។ ចំណែក​វត្ថុតាង​ដែល​រក​ឃើញ​រួមមាន អាវុធ​ប្រភេទ​ M16 ចំនួន ១ ​ដើម,​ បង់​ M16 ​ចំនួន ១០ បង់, បង់​អាវុធ AK47 ចំនួន ៤ បង់, បង់​អាវុធ​ប្រភេទ​ម៉ាត់តាយ៉ែត​ចំនួន ២ បង់, គ្រាប់​អាវុធ M16 ចំនួន ២៤២ គ្រាប់, គ្រាប់​អាវុធ AK47 ចំនួន ៦៤ គ្រាប់, កិប AK47 ចំនួន ៧ គ្រាប់, មីន​ថ្មើរ​ជើង​ចំនួន ៤ គ្រាប់, ទូសៀរ​ចំនួន ១, ស្បែក​ជើង​ក​វែង​យោធា​ចំនួន ១គូ ឯកសណ្ឋាន​ប៉ារ៉ា​ចំនួន ១ កំប្លេ និង​អាវ​ភ្លៀង​យោធា​ចំនួន ១ ផង​ដែរ៕