ពោធិ៍សាត់ៈ មន្ត្រី​សាលាដំបូង​ខេត្តពោធិ៍សាត់​បាន​អះអាង​ថា បុរស​ម្នាក់​ត្រូវ​​បាន​តុលាការ​ចោទប្រកាន់​ និង​បាន​បង្គាប់​ឲ្យ​ឃុំខ្លួន​កាលពី​រសៀល​ម្សិលមិញ បន្ទាប់ពី​នគរបាល​បញ្ជូន​មក​តុលាការ ករណី​ចាប់រំលោភ​កូនស្រី​បង្កើត​ជា​បន្តបន្ទាប់​តាំងពី​នាង​នៅ​វ័យក្មេង​។

លោក ហេង ដូនីន អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សំណុំ​រឿង​បុរស​ឈ្មោះ ប៉ោះ ខ្ញី អាយុ​ ៥០ ​ឆ្នាំ​ដែល​រំលោភ​កូនស្រី​ខ្លួនឯង​នោះ​បាន​មក​ដល់​តុលាការ​ហើយ ដោយ​ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​នីតិវិធី​ចោទប្រកាន់​គាត់​។

លោក​បាន​បញ្ជាក់ថា​៖ «​បុរស​រូបនេះ​ត្រូវ​បាន​ចៅក្រម​បាន​ចោទប្រកាន់​គាត់​ពី​​បទ​រួមភេទ​ជាមួយ​អនីតិជន​ដោយ​បុព្វញាតិ​តាម​បញ្ញត្តិ​មាត្រា​ ៣៥១ ​នៃ​ក្រម​ព្រហ្មទណ្ឌ​»​។

ផ្អែក​តាម​មាត្រា​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​កំហុស​ដូច​ការចោទប្រកាន់​មែន​នោះ បុរស​ខាងលើ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ ។

ពាក់ព័ន្ធ​ករណី​នេះ​លោក ប៉ុល ចំរើន ប្រធានការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​លោក​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី​ ២១ កក្កដា​ ១ ​ថ្ងៃ​ បន្ទាប់ពី​នគរបាល​ស្រុក​ភ្នំក្រវាញ​ចាប់បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​។

លោក​ថា​៖ «​បើ​តាម​ខ្ញុំ​ដឹង​ពី​ខាង​តុលាការ​គឺ​កំពុង​ដំណើរ​រឿងនេះ ហើយ​ជនសង្ស័យ​ក៏​សារភាព​ពាក់ព័ន្ធ​រំលោភ​កូន​គាត់​ប្រាប់​សមត្ថកិច្ច​ខ្ញុំ​ដែរ​»​។

លោក ហ៊ុន ចាន់ធា នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​ឲ្យ​ដឹង​ពីថ្ងៃ​ទី​ ២០ កក្កដា ថា​សមត្ថកិច្ច​លោក​បាន​ឃាត់ខ្លួន​ឈ្មោះ ប៉ោះ ខ្ញី កាលពី​ថ្ងៃទី​ ១៩ កក្កដា នៅ​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ បន្ទាប់ពី​នារី​រងគ្រោះ​ប្ដឹង​មក​នគរបាល​ប៉ុស្ដិ៍​ឃុំ​សំរោង ។

លោក ហ៊ុន ចាន់ធា រំឭក​ប្រាប់​តាម​សម្តី​នារី​រងគ្រោះ​ឈ្មោះ​ ស.ធ អាយុ​ ២០ ​ឆ្នាំ​ថា នាង​ជា​កូនច្បង​ក្នុង​ចំណោម​បងប្អូន​ ៣ ​នាក់​ក្នុង​នោះ​មាន​ប្រុស​ម្នាក់​ជា​កូនពៅ​។ ​ប៉ុន្តែ​ឪពុក​នាង​ដែល​ពិការ​ស្វិតដៃជើង​តែ​នៅ​ដើរ​កើត​បាន​លែងលះ​ម្ដាយ​ប្រហែល​ ៦-៧ ​ឆ្នាំ​មក​ហើយ​។

លោក​បន្ត តាម​សម្តី​នារី​រងគ្រោះ​ថា​នាង​ត្រូវ​បាន​ឪពុក​បៀតបៀន​កេរ្តិ៍ភេទ​តាំងពី​អាយុ​ ១២ ​ឆ្នាំ​មក​ម្ល៉េះ​។ ​ពេល​ម្តាយ​នាង​ទៅ​ធ្វើ​ស្រែ​បាត់ ឪពុក​នាង​តែង​សុំ​នាង​រួមភេទ​។ ​ប៉ុន្តែ​គាត់​គ្រាន់តែ​យក​​ប្រដាប់ភេទ​គាត់​ញល់ៗ​លើ​ប្រដាប់ភេទ​នាង​ប៉ុណ្ណោះ​មិន​បាន​ស៊ីជម្រៅ​ទេ​។ ​ក្រោយ​​មក​ក្នុង​ ១ ​ខែ​ឪពុក​នាង​តែងតែ​ធ្វើ​បែប​នេះ​ពី​ ៣ ​ទៅ​ ៤ ​ដង​ពេល​ម្តាយ​មិន​នៅ​ផ្ទះ​។

លោក​បន្តថា លុះ​ក្រោយ​ម្តាយ​ឪពុក​បាន​លែងលះ​គ្នា​រួច កូន​ទាំង​ ៣ ​នាក់​ត្រូវ​រស់នៅ​ជាមួយ​ឪពុក​ (​ជនសង្ស័យ​)​។

ខណៈ​នាង​មាន​អាយុ​ ១៥-១៦ ​ឆ្នាំ ឪពុក​នាង​តែង​រួមភេទ​ជាមួយ​នាង​តែ​មិន​ឲ្យ​​ចូល​ទឹកកាម​ទេ​ ព្រោះ​ខ្លាច​មាន​កូន​។

លុះ​ដល់​នាង​មាន​អាយុ​ ១៧ ​ឆ្នាំ​ក៏​មាន​បុរស​ម្នាក់​ចូល​ស្តីដណ្តឹង​រៀបការ​រហូត​បាន​កូន​ស្រី​ម្នាក់​អាយុ​ ២ ​ឆ្នាំ​។

លោក​បន្តទៀត​ថា ពេល​កូនស្រី​មាន​ប្តី ជនសង្ស័យ​បាន​ផ្អាក​សកម្មភាព​ជិត​ ១ ​ឆ្នាំ ប៉ុន្តែ​ពេល​ប្តី​នារី​រងគ្រោះ​ទៅ​រកស៊ី​ឆ្ងាយ​ពី​ស្រុក ស្រាប់​តែ​ជនសង្ស័យ​សុំ​នាង​រួមភេទ​ញឹកញាប់​។ តែ​ក្រោយមក​ប្តី​នាង​គ្មាន​ការងារ​ធ្វើ​ក៏​ត្រឡប់​មក​នៅផ្ទះ​វិញ រីឯ​ជនសង្ស័យ​ក៏​ចេះតែ​សួរ​នាង​ថា​ក្នុង​ ១ ​ខែ​គាត់​សុំ​រួមភេទ​ ៥ ​ដង​បានទេ​?

នាង​ប្រាប់ថា​ឲ្យ​តែ​ម្តង​ទេ​ក្នុង​ ១ ​ខែ ព្រោះ​ប្តី​នៅ​ផ្ទះ តែ​ជនសង្ស័យ​មិន​ព្រម​។

ពេលខ្លះ​ជនសង្ស័យ​ប្រាប់​នារី​រងគ្រោះ​ថា បើ​ពិបាក​ពេក​លុយ​ដែល​នាង​ខ្ចី​គាត់​ជាង​ ១៥ ​ម៉ឺន​រៀល​មិន​បាច់​សង​គាត់​ទេ តែ​ត្រូវ​ដេក​ជាមួយ​គាត់ ហើយ​កាត់លុយ​ហើយ​នាង​ក៏​ចេះ​តែ​ធ្វើ​តាម​នោះ​ទៅ​។

លោក​បញ្ជាក់​តាម​សម្តី​នារី​រងគ្រោះ​​ទៀត​ថា មុនពេល​ប្តឹង​សមត្ថកិច្ច​គឺ​មកពី​​ឪពុក​នាង​ចេះ​តែ​រករឿង​ប្តី​នាង ហើយ​ដេញ​ប្តី​នាង​មិន​ឲ្យ​នៅ​ផ្ទះ ដើម្បី​មាន​ឱកាស​​រួមភេទ​ជាមួយ​នាង​បាន​ច្រើនដង​។

ដោយសារ​ទ្រាំលែង​បាន​នាង​ក៏​ប្តឹង​មក​នគរបាល​ប៉ុស្តិ៍​សំរោង​តែម្ដង​៕