ព្រះ​សី​ហនុៈ ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ពលរដ្ឋ​ ៤ នាក់​ក្នុង​ចំណោម​ ៦ នាក់​ដាក់​ពន្ធនាគារ​ខេត្ត​បណ្តោះ​អាសន្ន​ កាល​ពីថ្ងៃ​អង្គារ​ ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដីធ្លី​ជា​មួយ​នឹង​ឧកញ៉ា​ម្នាក់​នៅ​ក្នុង​ឃុំ​ អូរត្រេះ ​ស្រុក​​ស្ទឹងហាវ។​

​ពល​រដ្ឋ​ ៤ នាក់​ក្នុង​ចំណោម ​៦ នាក់​នោះ​ត្រូវបាន​តុលាការ​ខេត្ត​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​ពីបទ​ «ប្រើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចល​ន​វត្ថុ​ដោយ​សុចរិត»​ ទៅ​តាម​មាត្រា​ទី ២៥៣ ​នៃ​ច្បាប់​ភូមិ​បាល​ ខណៈ​ដែល​ពល​រដ្ឋ​ ២ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ បន្ទាប់​ពី​ពួក​គាត់​ត្រូវ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទៅ​តាម​ពាក្យ​បណ្តឹង​របស់​លោក​ឧក​ញ៉ា​ តាន់ តា​ត់។​

ដីកា​ បង្គាប់ឲ្យ​ឃុំខ្លួន​ដែល​ចុះ​ហត្ថា​លេខា​ដោយ​ចៅក្រម​ស៊ើប​​សួរ​ឈ្មោះ ​​ឡូត ផា​រី​ បាន​បង្ហាញ​អត្ត​សញ្ញាណ​ពល​រដ្ឋ​ទាំង ​៤ នាក់​នោះ ដែល​មាន​ឈ្មោះ​ លោក​ កៅ ​ហេង ​អាយុ​ ៤៣ ឆ្នាំ, ​លោក​ស្រី​លុច ​ទូច​អាយុ​៥៥ឆ្នាំ,​ លោក​ ញ៉ា​ញ់ ជាតិ ​អាយុ​ ៣៥​ ឆ្នាំ ​និង​ លោក​ មែន​ ខេន​ អាយុ​ ៣៦ ឆ្នាំ។​ យោង​តាម​មាត្រា ​២៥៣​ នេះ​បាន​ឲ្យ​ដឹ​ង​ថា​ ​ពល​រដ្ឋ​ទាំង​ ៤ នាក់​ប្រឈម​មុខ​នឹង​ការ​ពិន័យរ​ហូត​ដល់​ទៅ ​២​៥ ​លា​ន​រៀល​ និង​/​ឬ​ ជាប់​ពន្ធ​នា​គារ​ពី​ ៦​ ខែ​ទៅ​ ២ ​ឆ្នាំ។​

​លោក​ ស៊ុយ ​ឈុន​ហាក់​ មេធាវី​ការ​ពារ​ក្តី​ឲ្យ​ពល​រដ្ឋ​ទាំង​ ៦ នាក់​បាន​មាន​ប្រសាសន៍​ថា​៖ ​«កូន​ក្តី ៤ ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ ឃុំខ្លួន​បណ្តោះ​អាសន្ន​ហើយ។ ​២ នាក់​ទៀត​ត្រូវ​ដោះ​លែង​វិញ»។

លោក​មេធាវី​បាន​ថ្លែង​បន្តថា​៖ «ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ហើយ​ខ្ញុំ​បាន​ប្រឹង​ប្រែង​យ៉ាង​អស់​សមត្ថ​ភាព​កូន​ក្តី​ខ្ញុំ ​៦ នាក់​ [តែ]​ ជួយ​បាន​ ២ នាក់​ឲ្យ​មាន​សេរីភាព​វិញ ៤​ នាក់​ត្រូវ​ចៅ​ក្រម​ស៊ើ​សួរ​ឃុំ​ខ្លួន​ដាក់​ពន្ទ​នាគារ​ជា​បណ្តោះ​អាសន្ន»​។​

ពល​រដ្ឋ​៦នាក់​ ក្នុង​ចំណោម ​៥៦ គ្រួសារ ​ត្រូវ​បាន​លោក​ឧកញ៉ា​តាន់​ តា​ត់​ប្តឹង​ទៅ​អាវុធ​ហត្ថ​ ហើយ​ត្រូវបាន​ចាប់​ឃាត់​ខ្លួន​ ពីថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន​ ក្នុង​ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ត្រួស​ត្រាយ​សំអាត​ស្មៅ ​និង​ព្រៃ​នៅ​លើដី​របស់​ពួក​គាត់​ដែល​បាន​កាន់កាប់​ តាំងពី​ឆ្នាំ ១៩៩២​ មក ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។​ ប៉ុន្តែ​ លោក​លោក​ឧកញ៉ា​តាន់ តា​ត់​ក៏មាន​លិខិត​កាន់កាប់​លើដី​នោះ​រហូត​ដល់​ទៅ ១៦ ប័ណ្ណ​ភោគ ដែល​ស្មើ​នឹង​ ៨៥ ហិកតា៕