រតនគិរីៈ សមត្ថកិច្ច​ខេត្ដ​រតនគិរី​នៅ​មិនទាន់​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ​ ធី ឬទ្ធីសី ​បាន​នៅឡើយ​ទេ បើទោះ​ជា​ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តាំងពី​ថ្ងៃទី​ ១២ ​ខែ​តុលា​ ពាក់ព័ន្ធ​បទ​ចោទ​ «​រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​នៅពេល​ដល់​ឥណប្រតិទាន​ដោយ​មាន​បំណង និង​ចេតនា​ធ្វើឲ្យ​ខូចខាត​ប្រយោជន៍​អ្នកដទៃ​» ​ក៏ដោយ​។

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដែល​ចេញ​ដោយ​លោក ឡេង វណ្ណារិទ្ធិ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​រតនគិរី​បាន​បង្ហាញថា ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង​ចប់សព្វគ្រប់ តុលាការ​យល់ឃើញ​ថា​ជន​ត្រូវ​ចោទ​ឈ្មោះ​ ធី ឬទ្ធីសី ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ​ជនជាតិខ្មែរ​ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​រតនគិរី​ផ្ដើម​ចោទប្រកាន់​ជុំវិញ​បទល្មើស​ខាងលើ​។

ជននេះ​បាន​ប្រព្រឹត្ត​នៅ​ភូមិ​អូរកន្សែង សង្កាត់​បឹងកន្សែង ក្រុង​បានលុង ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ ២៩ ខែ​មិថុនា ឆ្នាំ​ ២០១៨ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញតិ​មាត្រា ៣៩១ នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​ស្នើសុំ​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​។

លោក​ ឡេង វណ្ណារិទ្ធិ ប្រាប់​ពី​ម្សិលមិញ​ថា​៖ «​រហូត​មក​ដល់​ពេលនេះ​នៅ​មិនទាន់​ឃើញ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​បាន​នៅឡើយ​ទេ​។ នីតិវិធី​ទាំងនេះ ខ្ញុំ​គ្រាន់​តែ​ជា​អ្នកចេញ​ដីកា​បង្គាប់​ទេ ចំណែក​ខាង​តំណាង​អយ្យការ​គាត់​ជា​អ្នកជំរុញ​លើ​ការងារ​ទាំងនេះ​»​។

លោក​ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​លោក​នៅ​មិនទាន់​ទទួលបាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ប្រហែល​ជា​តុលាការ​គាត់​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​នៅ​ទីតាំង​ដែល​មុខសញ្ញា​រស់នៅ​។ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ទទួល​បាន​របាយការណ៍​ណាមួយ​ជុំវិញ​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​នៅឡើយ​ទេ​»​។

លោក​ ឯក វ៉ាន់ដន អធិការ​ស្រុក​កំពង់សៀម​បាន​ប្រាប់ថា លោក​ក៏​មិនទាន់​ទទួលបាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​ដែរ បច្ចុប្បន្នកំពុង​សាកសួរ​ទៅ​មន្ដ្រី​ជំនាញ​បន្ថែមទៀត​។

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ខាងលើ​បាន​បញ្ជាក់ថា​៖ «​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ចំនួន​ ២ ​លើក​មកហើយ ប៉ុន្ដែ​មិនឃើញ​ជន​ត្រូវ​ចោទ​មក​ឆ្លើយ​ដោះសារ​នោះទេ​។ តាម​ភ័ស្ដុតាង​មូលប្បទានបត្រ​របស់​ធនាគារ ABA ឃើញថា សែក​នេះ​ពុំមាន​ទឹកប្រាក់​នៅក្នុង​គណនី​ទេ​។ ដើម្បី​សម្រួល​ដល់​នីតិវិធី​ស៊ើបសួរ​ឲ្យ​បាន​ពេញលេញ​គប្បី​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​នេះ​»​។

ដីកា​ដដែល​បញ្ជាក់ថា ហេតុដូច្នេះ​សម្រេច​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ឲ្យ​ចាប់ និង​នាំខ្លួន​ជន​ឈ្មោះ ធី ឬទ្ធីសី មាន​មុខរបរ​ជា​អ្នករកស៊ី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ដ​កំពង់ចាម​។ បង្គាប់​ឲ្យ​ពន្ធនាគារ​ខេត្ដ​រតនគិរី​ទទួលយក​ជននេះ​រហូត​ដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​៕