សៀមរាបៈ​ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​ចៅក្រម​សា​លាដំ​បូង​ខេត្ត​សៀមរាប ​ចេញ​ដីកា​ឃុំខ្លួ​ន​ក្នុង​ពន្ធ​នាគារ​ខេត្ត​កាល​ពី​ថ្ងៃទី​ ៤​ មេសា​​ ពាក់​ព័ន្ធ​ករណី​ចាប់​រំលោភ​ចៅស្រី​បង្កើត ប្រព្រឹត្ត​កាល​ពីខែកុម្ភៈ​ នៅ​សង្កាត់​ស្រ​ងែ​ក្រុង-ខេត្ត​សៀម​រាប ហើយ​ត្រូវ​សម​ត្ថកិច្ច​ចាប់ខ្លួន​ពី​ថ្ងៃទី​ ៣ មេសា​ តាម​បណ្តឹង​របស់​អ៊ំ​ស្រី​បង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ។

លោក​ យិន​ ស្រាង ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀម​រាប​ប្រាប់​នៅថ្ងៃនេះថា​ ជន​សង្ស័យ​ឈ្មោះ​ លាក់ លាង អាយុ​ ៥​២ ឆ្នាំ ។រីឯ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ទ.ប អាយុ​ ៤​ ឆ្នាំ រស់​នៅ​ជា​មួយ​ជ​នសង្ស័យ​ក្នុង​សង្កាត់-ក្រុង-ខេត្ត​សៀម​រាប​។

លោក​ថ្លែង​ថា៖ «ជន​សង្ស័យ​ត្រូវ​តំណាង​អយ្យ​ការ​ចោទ​បទ​រួមភេទ​ជា​មួយ​អនី​តិ​ជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​ មាត្រា​ ៤២ ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ​និង​បញ្ជូន​ដីកា​ដំណោះ​ស្រាយ​ទៅ​ចៅ​ក្រម​ស៊ើប​សួរ។​ រឿង​នេះ​លោកស្រី ​លិ ស៊ីវ​ទាន ​ចៅក្រ​ម​ស៊ើប​សួរ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ខេត្ត​ហើយ​»។

យោង​មាត្រា​ ៤២ ​នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ​និង​អំពើ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​នេះ ​ប្រសិន​បើ​តុលា​ការ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​មែន​នោះ​ ជន​សង្ស័យ​ពិត​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ពី ៥​ ទៅ ១​០​ ឆ្នាំ។

លោក​ស្រី ដួង ថាវ​រី ស្នង​ការ​រងនគ​របាល​ខេត្ត​សៀម​រាប​ប្រាប់​តាម​សម្តី​ស្ត្រី​ជា​ម្តាយ​ធំបង្កើត​របស់​ក្មេង​ស្រី​រងគ្រោះ​ថា ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ឪពុក​ស្លាប់​ចោ​ល​ ហើយ​ម្តាយ​នាង​ក៏​បាន​ទៅ​យក​ប្តី​ថ្មី។ ប៉ុន្តែ​ដោយ​សារ​ម្តាយ​នាង​ទៅ​រស់​នៅ​តាម​ប្តី​ក្រោយ ​និង​គ្មាន​អ្នក​មើល​ថៃ​កូន​ក៏​បាន​យក​ក្មេង​រ​ងគ្រោះ​ទៅ​ផ្ញើ​ឱ្យ​រស់​នៅជា​មួយ​ជន​សង្ស័យ ​​(ជា​ជីតា​បង្កើត​ខាង​ម្ដាយ)។

លោក​ស្រី​បន្ត​ថា មុន​ថ្ងៃ​សមត្ថ​កិច្ច​ចាប់​ជន​សង្ស័យ​ គឺ​ក្មេង​ស្រី​រងគ្រោះ​បាន​ប្រាប់​អ៊ុំ​ស្រីនាង​ថា លោក​តា​ឈ្មោះ លាក់ ​លាង​ បាន​ចាប់​នាង​រំលោភ​សេព​សន្ថវៈ​ក្នុង​អំឡុង​ខែកុ​ម្ភៈ​ កន្លង​មក។​ ក្រោយ​ពី​ដឹង​រឿង​នេះ​ស្ត្រី​ជា​ម្តាយ​ធំ​ក្មេង​រង​គ្រោះក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ការិ​យា​ល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​រប​ស់លោ​ក​ស្រី​នៅ​ថ្ងៃទី ​៣​ មេសា។​

លោក​ស្រី​បន្ថែម​ថា ​បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ភ្លាម ​លោក​ស្រី​ក៏បាន​ឲ្យ​មន្ត្រី​ជំនាញ​​ចុះ​ដល់​លំនៅ​ឋាន​​ជន​សង្ស័យ​ និង​បាននាំ​ខ្លួន​មក​សួរ​នៅ​ការិយា​ល័យ​ប្រឆាំង​ការជួ​ញ​ដូរ​មនុស្ស​ខេត្ត​សៀម​រាប​ ហើយ​ជន​សង្ស័យ​បាន​សារ​ភា​ពតែម្ដ​ង។

បើតា​ម​លោក​ស្រី ថាវ​រី​ «រឿងនេះ​មុន​នឹង​សមត្ថ​កិច្ច​ខ្ញុំ​ឃាត់​ខ្លួន​ជនស​ង្ស័យ ​គឺ​យើង​បាន​អង្កេត​ល្អិតល្អន់​ណាស់។ យើង​ធ្វើការ​ផ្ទៀ​ងផ្ទាត់​ចម្លើយ​ក្មេងរង​គ្រោះ ​និង​ចម្លើយ​ជន​សង្ស័យ​មាន​លក្ខណៈ​ស៊ីចង្វាក់​​គ្នា​ទើប​យើង​ឃាត់​គាត់។ ដូ​ច្នេះ​ខ្ញុំ​មិន​បាច់​រៀប​រាប់ថា ​ជន​សង្ស័យ​រំលោភ​ក្មេង​ប៉ុន្មាន​ដង​ទេ​»។

ទោះ​​យ៉ាង​ណា​ លោកស្រី ថាវ​រី​ ប្រាប់​ថា តាម​ចម្លើយ​របស់​ជនស​ង្ស័យ​ថា​គាត់​ពិតជា​បាន​ចាប់​ចៅ​បង្កើត​របស់​គាត់​រំលោភ​ពិត​ប្រាកដ​មែន​តែ​មិន​បាន​ច្រើន​ដង​ទេ​ ហើយ​គាត់​រំលោភ​នាង​ក្នុង​អំឡុង​ខែកុម្ភៈ​ កន្ល​ងម​កនេះ​​ទេ​៕