សៀមរាបៈ ​តុលា​ការ​ខេត្ត​សៀម​រាប​បាន​សម្រេច​ឃុំ​ខ្លួន​មនុស្ស​ ៧​ នាក់​ ជា​បណ្ដោះ​អា​​សន្ន​នៅ​ក្នុង​ពន្ធនា​គារ​ខេត្ត​​ពាក់​​ព័ន្ធ​​ជួញ​ដូរ​គ្រឿងញៀន​ប្រភេទ​​មេ​តំ​ហ្វេតា​មីន​​​ ទម្ងន់ ​៥៣,​៧៧​ ក្រាម​ ​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីដើម​ខែ​សីហា​។​

​លោក ​យិន ​ស្រាង ​អ្នក​នាំ​​ពាក្យ​សាលា​ដំបូង​ខេត្ត​​សៀម​រាប​ បាន​ប្រាប់​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​​ពី​ម្សិល​មិញ​ថា​ ការ​ចោទ​ប្រកាន់​យ៉ាង​ណា​នោះ​ វា​អា​​ស្រ័យ​ទៅ​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ម្នាក់ៗ​ ​តែ​ទោះ​​ជា​យ៉ាង​ណា​វា​​ស្ថិត​នៅ​ក្នុង​ច្បាប់​នៃ​ការ​ត្រួត​ពិនិត្យ​​គ្រឿង​ញៀន​»។​

​លោក​ ខៀវ​ ចាន់​តារា​ ប្រធាន​​ការិយា​ល័យ​ប្រឆាំង​​បទ​ល្មើស​គ្រឿង​ញៀន​នៃ​បញ្ជា​ការ​​ដ្ឋាន​អាវុធ​​ហត្ថ​​ខេត្ត​សៀម​រាប ​ប្រាប់​ពី​ម្សិល​មិញ​ដែ​រ​ថា​ ជន​ត្រូវ​ចោទ​ទាំង​ ៧​ នាក់​នោះ ​​មាន​​ ទី​១​​​-ឈ្មោះ​ ​សេង ​​រស្មី​​ ភេទ​ប្រុស ​អាយុ​ ២៨ ​ឆ្នាំ​,​ទី​២-ឈ្មោះ ​សំ​ ដា​រ៉ា​ ភេទ​ប្រុស ​អាយុ​ ២៩ ​ឆ្នាំ​,​ទី​៣-​ឈ្មោះ​ ហឹ​ង ​វិចិត្រ​ ភេទ​ប្រុស​ អាយុ ​២៤ ​ឆ្នាំ​,​ទី​៤-ឈ្មោះ​ ​ជូន​ ​តុលា ​ភេទ​ប្រុស​ ​អាយុ​ ១៧ ​ឆ្នាំ​,​ទី​៥​-ឈ្មោះ ​អុិត​ ប៉ូ​អុង ​ភេទ​ប្រុស ​អាយុ ​២៧ ​ឆ្នាំ​,​​ ទី​៦-ឈ្មោះ ​កែវ​ វិសិដ្ឋ​ ភេទ​ប្រុស ​អាយុ​ ២៦ ​ឆ្នាំ​ និង​ទី​៧-​ឈ្មោះ ​ដួង​ ​គីម​ ​ភេទ​ប្រុស​ អាយុ​ ២០ ​ឆ្នាំ។​

​លោក​ប្រាប់​ថា ​ករណី​នេះ ​កម្លាំង​អាវុធ​​ហត្ថ​របស់​លោក​បាន​ចុះ​​ធ្វើ​ប្រតិ​បត្តិ​ការ​កាល​ពី​វេលា​ម៉ោង ១១ ​​ថ្ងៃ​ត្រង់​ ថ្ងៃទី​ ១ ​​ខែ​ សីហា ឆ្នាំ​ ២០១៩ នៅ​ចំ​​ណុច​ភូមិ​តា​វៀន​ សង្កាត់សាលា​​កំរើក​​ ក្រុង​​-ខេត្ត​សៀម​រាប​។​ ដោយ​កម្លាំង​សមត្ថ​កិច្ច​អាវុធ​ហត្ថ​​របស់​លោក​ ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ចំនួន ៧​ នាក់ ពាក់​​ព័ន្ធ​ករណី​ចែក​ចាយ​ គ្រឿង​ញៀ​ន​ដោយ​ខុស​ច្បាប់​។​ ​ពាក់​ព័ន្ធ​​ការ​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​ទាំង​នេះ ​គឺ​កម្លំាង​អាវុធ​ហត្ថ​បាន​តាម​ដាន​មុខ​សញ្ញា​ជួញ​ដូរ​​គ្រឿង​ញៀន​នេះ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​រហូត​បើក​ប្រតិ​បត្តិ​​ការ​បង្ក្រាប​តែ​ម្តង​ ​។​ ​

​លោក​ ចាន់​តារា​ ប្រា​ប់​ថា​ ក្នុង​ប្រតិ​បត្តិ​ការ​នោះ​ក្រុម​ជន​សង្ស័យ​បាន​ប្រើ​កាំ​ភ្លើង​ខ្លី​ម៉ាក​ K​5​4​ ​១ ដើម​ ​បាញ់​មក​លើ​កម្លាំង​សមត្ថ​កិច្ច ​ប៉ុន្តែ​មិន​មាន​សមត្ថ​កិច្ច​ណា​ម្នាក់​ត្រូវ​របួស​ទេ​។​ ក្រោយ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​ជា​មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​នោះ​សមត្ថ​កិច្ច​ រឹប​​អូស​រួម​មាន​វត្ថុ​តាង​​ ម្សៅ​ក្រាម​ ​(​ម៉ា​ទឹក​កក​)​ ចំនួន​ ១៤ ​កញ្ចប់ ​ស្មើ​ទម្ងន់ ៥៣,៧៧ ​ក្រាម​ កាំ​​ភ្លើង​ ​K​5​4​​ ចំនួន​​ ១ ​ដើម​​ មាន​គ្រាប់ ចំនួន​​ ២៣ ​គ្រាប់,​ ទូរ​ស័ព្ទ ​​​៥ គ្រឿង​ សម្ភារសម្រាប់​វេច​ខ្ច​ប់​​គ្រឿង​ញៀន ​និ​ង​ជក់​​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត​។​

លោ​ក ចាន់​តារា​​ បាន​ឲ្យ​ដឹង​ទៀត​​ថា​៖ ​​«​ដំបូង​ឡើយ​សមត្ថ​​កិច្ច​​របស់​យើង​ចាប់​បាន​មេ​​ខ្លោង​​បាន​ម្នាក់​ដែល​កំពុង​លក់​គ្រឿង​ញៀន ហើយ​យើង​ឲ្យ​ជ​ន​​នោះ​នាំ​ទៅ​ចង្អុល​ប្រាប់​បក្ខ​ពួក​គេ​ទៀត​ តែ​នៅ​ពេល​នោះ​គេ​បាញ់​ត​ដៃ​មក​លើ​សមត្ថ​កិច្ច​របស់​យើង​​»​៕​