សៀមរាបៈ តុលាការខេត្ត​សៀមរាប​បាន​ឃុំ​យុវជន ៣ នាក់​ក្នុង​ពន្ធនាគារ​ខេត្ត​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ករណីលួច​ខ្សែ​ភ្លើង​នៅ​តាម​ផ្លូវ កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ២៧ មេសា នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។

លោក ភឹង ចិន្តារ៉េត ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី ២៩ មេសា​នេះ​ថា ជន​សង្ស័យ​ទាំង ៣​នាក់នេះ ឈ្មោះសេង ជល់ ភេទប្រុស អាយុ១៧ឆ្នាំ, ទី២-ឈ្មោះ ទេព ឆដា ភេទស្រី អាយុ១៧ឆ្នាំ និង​ឈ្មោះ ពេស បូរី ភេទ ប្រុស អាយុ២១ឆ្នាំ។ ពួកគេ​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​ចេញ​ដីកា​ឃុំ​ក្នុង​ពន្ធនាគារ​ហើយ​កាល​ពី​រសៀល​ថ្ងៃទី​២៨ មេសា។

លោក​បាន​បញ្ជាក់​ថា៖ «ជន​ប្រុស​ស្រី​ទាំង ៣ នាក់​នោះ​ត្រូវ​តុលាការ​ចោទបទ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស លួច​ដោយ​សហចារី»។

លោក​បាន​រំឭក​ប្រាប់​ថា កាល​ពី​ព្រឹក​ថ្ងៃទី ២៧ មេសា ក្រោយ​ពី​មាន​ការ​រាយការណ៍​ពី​តំណាង អគ្គិសនី​ខេត្ត​សៀមរាប ឈ្មោះ យាវ វុទ្ធី ភេទ​ប្រុស អាយុ ៤៨ឆ្នាំ កម្លាំង​សមត្ថកិច្ច​របស់​លោក​ក៏​បាន​ស្រាវជ្រាវ និង ឃាត់​ខ្លួន​ពួកគេ​បាន​តែ​ម្តង។

ចំណែក​វត្ថុតាង​ដែល​រក​ឃើញ​រួម​មាន ស្ពាន់​ខ្សែភ្លើង ចំនួន ៨ កំណាត់, សម្បក​ជ័រ​ខ្សែ​ភ្លើង​ចំនួន ៦ដុំ ,កាំបិត​ចិត​បន្លែ ចំនួន ១២ដើម , កាំបិត​ប៉័ងតោ ចំនួន៣, ដាវ កែច្នៃ ចំនួន៣ដើម , កាំបិតព្រា ចំនួន២ដើម , ញញួរ ចំនួន២ដើម , កន្ត្រៃ ចំនួន៣។ ជាមួយនេះ ជនសង្ស័យ​ទាំង ៣​នាក់ ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​សារធាតុញៀន​ក្នុង​ខ្លួន​ផងដែរ។

លោក​បាន​ឱ្យ​ដឹង​ដែរ​ថា ចាប់​ពី​ដើម​ឆ្នាំ ២០២១ រហូត​ដល់​ខែមេសា​នេះ រាល់​បទ​ល្មើស​លួច​ឆក់​មាន​ការ​ថយចុះ​ស្ទើរ​តែ​គ្មាន នៅ​ក្នុង​ខេត្តសៀមរាប ពិសេស​ក្នុងក្រុង។ នេះ​ដោយសារ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​មូលដ្ឋាន​រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ផង​បាន​សហការ​គ្នា​ល្អ៕