ស្វាយរៀងៈ អយ្យការ​អម​សាលា​ដំបូង​បន្ត​សាកសួរ​ស្ត្រី​វៀតណាម​ម្នាក់​ និង​បុរស​ចិន​ម្នាក់​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន និង អិចស្តាស៊ី​ជាង​ ១ ​គីឡូក្រាម​ក្រោយ​ចាប់ខ្លួន​បន្ត​គ្នា​កាលពី​ថ្ងៃទី​ ២ ខែ​មករា នៅ​ប្រទេស​វៀតណាម​ និង​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។

លោក ទេព ផល្លា អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ករណី​ស្ត្រី​វៀតណាម​ឈ្មោះ Nguyen thingoc bich អាយុ​ ២៥ ​ឆ្នាំ និង​បុរស​ជនជាតិ​ចិន​ឈ្មោះ Wendusu អាយុ​ ២៥ ​ឆ្នាំ​ត្រូវ​អយ្យការ​អម​សាលាដំបូង​ខេត្ត ស្វាយរៀង​កំពុង​បន្ត​សាកសួរ​នៅឡើយ​។

លោក​ថ្លែង​ប្រាប់ថា​៖ «​ជន​ប្រុស ស្រី​ទាំង​ ២ ​នាក់​នោះ តុលាការ​កំពុង​បន្ត​នីតិវិធី​សាកសួរ​ពួកគេ​នៅ​មិនទាន់​ចប់​ទេ​»​។

លោក កេន កាន ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដោយ​យោងតាម​សម្តី​នគរបាល​វៀតណាម​ថា​កាលពី​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០២០ ស្ត្រី​វៀតណាម​ឈ្មោះ Nguyen thingoc bich ត្រូវបាន​អាជ្ញាធរ​នៃ​ប្រទេស​វៀតណាម​ចាប់ខ្លួន​បាន​ពេល​គាត់​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាមផ្លូវ ដឹក​គ្រឿងញៀន ឆ្លងដែន​ពី​ច្រកទ្វារ​អន្តរជាតិ​បាវិត​ចូល​ទៅ​ប្រទេស​វៀតណាម​។ ដោយមាន​ការសង្ស័យ​សមត្ថកិច្ច​វៀតណាម​បាន​បញ្ឈប់​ការធ្វើ​ដំណើរ​របស់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ឲ្យ​ឈប់​ហើយ​ឆែក​ក្នុង​កញ្ចប់​អីវ៉ាន់​ឃើញ​លាក់​គ្រាប់​ថ្នាំញៀន​ប្រភេទ​អិចស្តាស៊ី​ចំនួន ១ ​គីឡូ ២ ខាំ​។

លោក កេន កាន បាន​ថ្លែងថា ក្រោយ​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះបាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​វៀតណាម​ថា គាត់​មាន​បក្ខពួក​ម្នាក់ទៀត​ជា​ជន​ជាតិ​ចិន ហើយ​កំពុង​លាក់ខ្លួន​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ប្រទេស​កម្ពុជា​។ ភ្លាមៗ​នោះ​ខាង​សមត្ថកិច្ច​វៀតណាម​បាន​ទំនាក់ទំនង​មក​សមត្ថកិច្ច​ខេត្តស្វាយរៀង ហើយ​សមត្ថកិច្ច​របស់​លោក​បាន​ស្រាវជ្រាវ​តាម​ការចង្អុល​ប្រាប់​ពី​សមត្ថកិច្ច​វៀតណាម​រហូត​ចាប់បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ទៀត​ឈ្មោះ Wendusu ក្នុង​បន្ទប់​ជួល​មួយ​ស្ថិត​នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់-ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ ដោយសារ​តែ​ស្ត្រី​សង្ស័យ​មាន​បក្ខពួក​នៅ​ប្រទេស​កម្ពុជា​ ហើយ​ក៏​នាំ​គ្រឿងញៀន​ពី​ប្រទេស​កម្ពុជា​ផង​នោះ​ត្រូវ​ខាង​ភាគី វៀតណាម​បាន​ប្រគល់​ស្ត្រី​សង្ស័យ​ និង​វត្ថុតាង​ថ្នាំញៀន​ដល់​សមត្ថកិច្ច​របស់លោក​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​នៃ​ប្រទេស​កម្ពុជា​។

លោក កាន បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ស្ត្រី​វៀតណាម​រូបនោះ​ត្រូវ​សមត្ថកិច្ច​វៀតណាម​ចាប់ខ្លួន​នៅ​ខេត្ត​តាយនិញ​ប្រមាណ​ ២ ​គីឡូម៉ែត្រ​ពី​ច្រក​ព្រំដែន​បាវិត​ហើយ​គាត់​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​លោក​ថា គ្រឿងញៀន និង សារធាតុ​ផ្សំ​គ្រឿងញៀន​គឺ​គាត់ និង បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​នាំ​ពី​រាជធានី​ភ្នំពេញ និង​មាន​គោលបំណង​យក​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ចែកចាយ​បន្តទៀត​។

លោក​ថ្លែងថា​៖ «​ពួក​ជនសង្ស័យ​បាន​ជួញដូរ​ថ្នាំញៀន​ហើយ​នាំទៅ​​ប្រទេស​វៀតណាម​»​។

លោក​បាន​ថ្លែង​បន្តទៀតថា ក្រោយ​ចាប់​ខ្លួន​បុរស​ជនជាតិ​ចិន​ខាង​លើ​សមត្ថកិច្ច​រឹបអូស​បាន​ម្សៅ​ក្រាម​ពណ៌​ថ្លា និង​ម្សៅ​ក្រាម​ពណ៌​ស ប្រភេទ​មេតំហ្វេតាមីន​ទម្ងន់​ប្រមាណ​ជិត​ ១ ​គីឡូក្រាម​, ម្សៅ​ក្រាម​ពណ៌​ផ្កាឈូក សង្ស័យ​ជា​ថ្នាំញៀន​ប្រភេទ MDMA (​អិចស្តាស៊ី​) ទម្ងន់​ប្រមាណ​ជាង​ ១៣១ ​ក្រាម​, ម្សៅ​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក សង្ស័យ​ជា​ថ្នាំញៀន​មេតំហ្វេតាមីន​ចំនួន ៤០០ ​គ្រាប់ ទម្ងន់​ប្រមាណ​ជាង​ ១០២ ​ក្រាម​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ១ ​កញ្ចប់ ទម្ងន់​ប្រមាណ​ជាង​ ៦ ​ក្រាម​, ទឹក​អាកុល​ចំនួន​ ៣ ​ដប​, សារធាតុគីមី​ផ្សំ (​ទឹក​ថ្នាំ​ដប​) ចំនួន​ ៧ (​ធំ​ ១)​ដប និង​សម្ភារ​ប្រើប្រាស់​វេចខ្ចប់​ថ្នាំញៀន​មួយចំនួន​ទៀត​៕