រតនគិរីៈ តុលាការ​គ្រោង​កោះហៅ​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ម្នាក់ ប្រចាំ​ប៉ុស្តិ៍​ភូមិ​ភិៈ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ មក​សាកសួរ​នា​សប្តាហ៍​ក្រោយ ជុំវិញ​សំណុំរឿង​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​តុលាការខេត្ត​រតនគិរី​កាលពី​ថ្ងៃទី​ ១២ មករា​។

លោក​ កែវ ពិសុទ្ធ អ្នកនាំពាក្យ​តុលាការខេត្ត​រតនគិរី ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ចន្ទ​ថា យោងតាម​សំណុំ​រឿង​ដែល​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​បង្ក្រាប​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បញ្ជូន​មក​ដល់ដៃ​តុលាការ​កាលពី​ថ្ងៃទី​ ៦ មករា​ ជនជាប់ចោទ​មាន​ឈ្មោះ​ ទួន មេសា មាន​តួនាទី​នាយ​នគរបាល​ប៉ុស្តិ៍​ភូមិ​ភិៈ​។

តាម​ការរៀបរាប់​នៅក្នុង​ពាក្យបណ្ដឹង​របស់​កុមារី​រងគ្រោះ​ចុះ​ថ្ងៃទី​​ ១ ខែ ធ្នូ ឆ្នាំ​ ២០២០ គឺ​ជន​ជាប់ចោទ​នៅ​ព្រលប់​ថ្ងៃទី​ ៣០ វិច្ឆិកា ឆ្នាំ​ ២០២០ បាន​ទូរស័ព្ទ​បបួល​នាង​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ហាង​ម្លិៈ​ ៧៧​។ នៅពេលនោះ​នាង និង​ម្ដាយមីង​របស់​នាង​ឈ្មោះ ស្រី នាង ក៏បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ហាង​នោះ​តាម​ការណាត់​។

លុះ​ដល់​ម៉ោងជាង ៩ ​យប់​ ក្រោយពី​បរិភោគ​អាហារ​ពេលល្ងាច​រួច ជនជាប់ចោទ​ក៏​បបួល​កុមារី​រងគ្រោះ​ទៅ​ហូប​បង្អែម ដោយ​ប្រាប់​ស្ត្រី​ជា​ម្ដាយមីង​ឱ្យ​ជិះ​ម៉ូតូ​ត្រឡប់​ផ្ទះ​មុន ដោយ​ធានា​ដឹក​ក្មេងស្រី​រងគ្រោះ​ទៅផ្ទះ​វិញ​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ជន​ជាប់ចោទ​មិនបាន​ដឹក​ក្មេងរងគ្រោះ​ទៅ​ហូប​បង្អែម​នោះឡើយ​បែរ​ជា​ដឹក​ក្មេងស្រី​រងគ្រោះ​ទៅកាន់​ផ្ទះសំណាក់​ ១ ​កន្លែង​នៅ​ក្រុង​បានលុង ហើយ​ធ្វើ​សកម្មភាព​លួងលោម​ក្មេងស្រី​រងគ្រោះ ដើម្បី​រួមភេទ​រហូត​បានសម្រេច​តែម្តង​។

លោក​ ពិសុទ្ធ ​ថ្លែង​ថា​៖ «​នៅពេលនេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី កំពុង​ត្រួតពិនិត្យ និង​គ្រោង​កោះហៅ​ជនជាប់ចោទ​ឱ្យ​ចូលមក​ឆ្លើយ​បំភ្លឺ​ជុំវិញ​បទចោទប្រកាន់​របស់​កុមារី​រងគ្រោះ​»​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ក្នុង​ការកោះហៅ​ជន​ជាប់ចោទ​នោះទេ ដោយ​គ្រាន់តែ​បង្ហើប​ថា អាច​កោះហៅ​មក​សួរ នា​សប្តាហ៍​ក្រោយ​។

ទោះ​យ៉ាងណា​កាលពី​ម្សិលមិញ​លោក​ ទួន មេសា បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ថា នៅពេល​នេះ​លោក​កំពុង​ជាប់​បំពេញការងារ​ការពារ​សន្តិសុខ​សុវត្ថិភាព តាម​ជួរ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម គ្មាន​ពេល​ចាប់​អារម្មណ៍​ចំពោះ​បណ្ដឹង​ចោទប្រកាន់​នេះ​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គ្មាន​បារម្ភ​អ្វី​នោះទេ​ចំពោះ​ករណីនេះ ព្រោះ​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​។ ខ្ញុំ​នឹង​ចូលទៅ​ឆ្លើយបំភ្លឺ​ចំពោះមុខ​តុលាការ ប្រសិនបើ​តុលាការ​ចេញ​ដីកា​កោះហៅ​រូបខ្ញុំ​»​។

ប៉ុន្តែ​បើតាម​មន្ត្រី​នគរបាល​មូលដ្ឋាន​ម្នាក់ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា ករណីនេះ​គឺជា​ការពិត​។ ព្រោះ​ក្រោយពី​កើតមាន​ករណី​ប្ដឹង​ចោទប្រកាន់​ពី​ក្មេងស្រី​រងគ្រោះ​មាន​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់​បាន​ចេញ​មុខ​ជួយ​សម្របសម្រួល រក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ជួយ​ដល់​ភាគី​ជនជាប់ចោទ​ដែល​ជា​មន្ត្រី​នគរបាល​ដូចគ្នា​។

ក្នុង​ការសម្របសម្រួល​នោះ ភាគី​ជនជាប់ចោទ​បាន​សម្រេច​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៦ ​លាន​រៀល​ដល់​ក្រុមគ្រួសារ​កុមារី​រងគ្រោះ ដើម្បី​បញ្ចប់​បញ្ហា​។ ក្រោយពី​ទទួល​លុយ​ពី​ភាគី​ជនជាប់ចោទ កុមារី​រងគ្រោះ​បាន​សម្រេច​ចិត្ត​ទៅ​ស្នើសុំ​ដក​ពាក្យបណ្ដឹង​ពី​មន្ត្រី​នគរបាល​ជំនាញ​វិញ ដោយ​អះអាង​ថា ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​គ្រួសារ​របស់​នាង​។

ជាមួយ​គ្នា​នេះ​លោកស្រី​កែវ ដាវី ស្នងការរង​ទទួល​បន្ទុក​ផ្នែកបង្ក្រាប​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា កុមារី​រងគ្រោះ​បាន​ព្យាយាម​មកសុំ​ដក​ពាក្យបណ្ដឹង​វិញ​ចំនួន​ ៣ ​លើក ប៉ុន្តែ​មិនបាន​ប្រាប់​ពី​មូលហេតុ​នោះទេ​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​មិនដឹង​ពី​មូលហេតុ​ដែលនាំឱ្យ​នាង​មក​ទទូច​សុំ​ដក​ពាក្យបណ្ដឹង​វិញ​នោះទេ​។ យើង​បាន​បញ្ជូន​សំណុំ​រឿង​ទៅកាន់​អយ្យការ ដើម្បី​ចំណាត់ការ​បន្ត​តាម​នីតិវិធី​រួចហើយ​»​។

ករណី​នេះ​លោក​ យិន ចំណាន ស្នងការ​ខេត្តរតនគិរី​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ថា​៖ «​ឥឡូវនេះ​សំណុំរឿង​ដល់​ដៃ​តុលាការ​ហើយ​។ រឿងហេតុ​យ៉ាងណា​នោះ ទុក​ឱ្យ​តុលាការ​ជា​អ្នកដោះស្រាយ​ចុះ ព្រោះ​វា​ហួស​ដែន​សមត្ថកិច្ច​របស់ខ្ញុំ​ហើយ​»៕