ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿងឪពុកម្តាយលោក ថោង សារ៉ាត់ នៅថ្ងៃទី៣ ខែមេសាខាងមុខនេះ ក្រោមការចោទពីបទកាន់កាប់អាវុធខុសច្បាប់ ខណៈមន្រ្តីក្រសួងយុត្តិធម៌បង្ហើបឲ្យដឹងថា អធិការកិច្ចលើភាពមិនប្រក្រតីនៃសំណុំរឿងនៅក្រៅឃុំរបស់ជនជាប់ចោទទាំងពីរ មានលទ្ធផលខ្លះហើយ។
ឪពុកម្ដាយឧកញ៉ា ថោង សារ៉ាត់ មានលោក ថោង ចំរើន អាយុ ៦៣ ឆ្នាំ និងអ្នកស្រី កែវ សារី អាយុ ៥៥ ឆ្នាំ ត្រូវបានតុលាការរាជធានីសម្រេចចោទប្រកាន់ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ ក្រោមការចោទពីបទកាន់កាប់អាវុធខុសច្បាប់ តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការរក្សាទុកនូវអាវុធវែងខ្លី ១១ដើម ដែលសមត្ថកិច្ចរឹបអូសបានពីភូមិគ្រឹះឧកញ៉ា ថោង សារ៉ាត់ ជាទីស្នាក់នៅអចិន្រៃ្តយ៍របស់ជនជាប់ចោទ។
ចៅក្រមជំនុំជម្រះ លោក ឃី ឆៃ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សវនាការនេះនឹងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ និងមានមេធាវីការពារជនជាប់ចោទចូលរួមផងដែរ។
លោកថា៖ «យើងនឹងបើកសវនាការរឿងក្តីរបស់ជនជាប់ចោទទាំងពីរនៅថ្ងៃទី ៣ ខែមេសា ពេលព្រឹក លើរឿងកាន់កាប់អាវុធខុសច្បាប់នោះ»។
មេធាវីការពារជនជាប់ចោទ លោក ស៊ី សត្យា បានឲ្យដឹងថា លោកមិនទាន់ទទួលបានដីកាកោះរបស់ចៅក្រមទេ តែលោក នឹងពិនិត្យលើរឿងនេះ។
លោកស្រី កែវ សារី និងលោក ថោង ចំរើន ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស រងការចោទពីបទកាន់កាប់និងរក្សាអាវុធដោយខុសច្បាប់ ធ្លាប់ត្រូវបានដោះលែងនៅក្រៅឃុំម្តង ពីថ្ងៃទី ៧ ខែកុម្ភៈ តែក្រោយមក អ្នកទាំងពីរត្រូវសមត្ថកិច្ចឃាត់ខ្លួននៅម៉ោង ១០យប់ ថ្ងៃទី ១៥ ខែកុម្ភៈ ខណៈបានព្យាយាមធ្វើដំណើរបម្រុងឆ្លងដែនទៅព្យាបាលជំងឺនៅប្រទេសវៀតណាម និងត្រូវលោកចៅក្រម លី សុខលេង សម្រេចបញ្ជូនមកឃុំនៅពន្ធនាគារនៅថ្ងៃបន្ទាប់។
ក្រោយមកនៅថ្ងៃទី១៧ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសស្នើជាសាធារណៈទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រួតពិនិត្យលើសេចក្តីសម្រេចរបស់ចៅក្រម លី សុខលេង ដែលដាក់ឲ្យឪពុកម្តាយលោកឧកញ៉ា ថោង សារ៉ាត់ នៅក្រៅឃុំកាលពីថ្ងៃទី ៧ មករា ដោយហៅសេចក្តីសម្រេចនោះថា មិនមានមូលហេតុសមរម្យ បើធៀបនឹងបទល្មើសតូចតាចផ្សេងទៀត ហើយលោក ក៏ស្នើឲ្យមានការស៊ើបអង្កេតលើករណីពុករលួយនៅក្នុងស្ថាប័នតុលាការមួយនេះផងដែរ។
នាថ្ងៃដដែលនោះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានបើកកិច្ចប្រជុំបន្ទាន់មួយ សម្រេចផ្ទេរភារកិច្ចលោក អាំង មាលតី ពីប្រធានសាលាដំបូងរាជធានីមកបញ្ឈរជើងនៅក្រសួងយុត្តិធម៌ ដើម្បីរង់ចាំការស៊ើបអង្កេត។
ចំណែកក្រសួងយុត្តិធម៌ក៏បានចាត់តាំងក្រុមអធិការកិច្ចឡើង ដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីទាំងនេះ។ ក្នុងនោះ ក៏បានសម្រេចតែងតាំងលោក តាំង ស៊ុនឡាយ ពីអនុប្រធាន ឲ្យឡើងជាប្រធានសាលាដំបូងរាជធានីនៅថ្ងៃទី ១៨ ខែកុម្ភៈ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឲ្យដឹងពីម្សិលមិញថា រហូតមកទល់ពេលនេះ ក្រុមអធិការកិច្ចចាត់តាំងបានរកឃើញនូវលទ្ធផលវិជ្ជមានមួយចំនួនដើម្បីឈានទៅដល់ការចាប់ខ្លួនជនពាក់ព័ន្ធផ្សេងៗទៀត។
លោកថា៖ «ក្រុមការងារបានរកឃើញនូវលទ្ធ-ផលខ្លះហើយ តែមិនអាចផ្សព្វផ្សាយជាសាធារណៈបានទេ ដោយសារស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ»។
ក្រៅពីចំណាត់ការអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បើក ការស៊ើបអង្កេតលើសំណុំរឿងឪពុកម្តាយលោក ថោង សារ៉ាត់ និងលើអតីតប្រធានសាលាដំបូងលោក អាំង មាលតី ផងដែរ តែមកទល់ពេលនេះព័ត៌មានជាលទ្ធផលផ្លូវការ មិនទាន់បានបង្ហាញនៅឡើយទេ៕