ព្រះវិហារ: សាលាដំបូង​ខេត្ត​ព្រះវិហារ​គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ចំនួន​ ៣ ក្នុង​ចំណោម​ ៤ ​ករណី​ផ្សេងៗ​គ្នា​ក្នុង​ខែធ្នូ​ពាក់ព័ន្ធ​ការរំលោភ​ទន្ទ្រាន​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ភ្នំ​ត្នោត-ភ្នំ​ពក ស្ថិត​នៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​កាលពី​អំឡុង​ឆ្នាំ​ ២០១៩ ខណៈ​ជនសង្ស័យ​ចំនួន​ ៦ ​នាក់​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​។

លោកស្រី ជុំ កន្នីយ៉ា អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្តព្រះវិហារ ជំនុំជម្រះ​លើ​សំណុំរឿង​កាប់​ព្រៃឈើ និង​ការឈូសឆាយ​រំលោភ​ទន្ទ្រាន​យក​ដីព្រៃ​ចំនួន ៣ ​ករណី​ផ្សេងៗ​គ្នា​ក្នុងចំណោម​ ៤ ​ករណី​កាលពី​ថ្ងៃ​ទី​ ៨ ខែធ្នូ ខណៈ​ ១ ​ករណី​ទៀត​គ្រាន់តែ​សាកសួរ​អ្នក​ពាក់ព័ន្ធ ប៉ុន្ដែ​លោកស្រី​មិនទាន់​អាច​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលក្រម​នៅឡើយ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ថា លោក​ចៅក្រម​ប្រកាស​សាលក្រម​នៅពេល​ណា​ទេ តែ​គ្រាន់តែ​ដឹងថា លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​គាត់​ចូលរួម​ក្នុង​សវនការ​ហ្នឹង​ដែរ ព្រោះ​តុលាការ​អញ្ជើញ​គាត់​មក​ក្នុង​នាម​មន្ត្រី​នគរបាល​យុត្តិធម៌​។ បើសិន​មាន​ការប្រកាស​មែន គឺ​ប្រហែល​ជា​ប្រកាស​ក្នុង​អំឡុង​ខែធ្នូ​នេះហើយ​»​។

លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៩ ខែ​ធ្នូ ថា​លោក​បាន​ចូលរួម​សវនាការ​ចំនួន ៤ ​ករណី​ក្នុង​នោះ​ចូលរួម​បំភ្លឺ​ ១ ​ករណី និង​ចូលរួម​ជំនុំជម្រះ​ចំនួន ៣ ​ករណី​។

លោក​បញ្ជាក់ថា សវនាការ​នេះ​ពាក់ព័ន្ធ​ការកាប់​ព្រៃឈើ​ដោយ​ខុសច្បាប់​នៅ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ការឈូសឆាយ​រំលោភ​ទន្ទ្រាន​យក​ដីព្រៃ​នៅ​ដែន​ជម្រក​គូលែន​ព្រហ្មទេព​ចំនួន​ ៤ ​ហិកតា ការកាប់​ទន្ទ្រាន​រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ភ្នំ​ត្នោត-ភ្នំ​ពក​សរុប​ចំនួន​ ៧០ ​ហិកតា និង ការប៉ុនប៉ង​សម្លាប់​លោក បេន ដេវីស​ (​ជនបរទេស​) ​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​។

លោក​បន្តថា តុលាការ​បាន​សួរដេញដោល​អំពី​ជនសង្ស័យ​ចំនួន ៦ ​នាក់ ​ថា ​តើ​ពួកគេ​ពិតជា​បាន​កាប់​រានទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ប្រាកដ​មែន​ឬ​អត់​? ដោយ​លោក​បាន​ឆ្លើយ​ប្រាប់​ទៅ​តុលាការ​តាម​ដំណើរ​រឿង​ព្រមទាំង​ដាក់​របាយការណ៍​មួយ​ចំនួន​ជូនទៅ​តុលាការ ដើម្បីឱ្យ​តុលាការ​ពិនិត្យ​តាម​នីតិវិធី​ច្បាប់​។ ចំពោះ​សវនាការ​នេះ តុលាការ​គ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១២ ​ចំនួន​ ១ ​ករណី​នៅ​ថ្ងៃទី​ ១៧ ចំនួន​ ១ ​ករណី និង​នៅ​ថ្ងៃទី​ ២៤ ចំនួន​ ១ ​ករណី​នៅក្នុង​ខែធ្នូ ឆ្នាំ​ ២០២០​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ប្ដឹង​ឱ្យ​រឹបអូស​ដីព្រៃ​របស់​រដ្ឋ​ ៤ ​ហិកតា​ស្ថិតនៅ​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ដែល​ជនសង្ស័យ​បាន​រំលោភ​ទន្ទ្រាន​យក និង​ទាមទារ​ឱ្យ​រឹបអូស​ដីព្រៃ​ចំនួន ៧០ ​ហិកតា​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំពក​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។ ជាពិសេស​ខ្ញុំ​ទាមទារ​ឱ្យ​តុលាការ​ផ្តន្ទាទោស​ជនល្មើស​តាម​ច្បាប់​ដែល​បាន​កំណត់​ជា​ធរមាន​»​។

លោក មាស ញឹម បាន​ថ្លែង​ឱ្យដឹងទៀតថា ជនសង្ស័យ​ទាំង ៦ ​នាក់ បាននិង​កំពុង​ជាប់​ពន្ធនាគារ ដោយ​ខ្លះ​ជាប់ពន្ធនាគារ​កន្លះ​ឆ្នាំ និង​ខ្លះ​ ១ ​ឆ្នាំ​ក្នុង​សំណុំរឿង​ផ្សេងៗ​គ្នា​។ អ្នកពាក់ព័ន្ធ​នៅ​ភ្នំ​ត្នោត និង​ភ្នំ​ពក​ចំនួន ៤ ​នាក់​បាន​ជាប់​បទចោទ​ «​ការកាប់​ទន្ទ្រាន ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ដោយ​ខុសច្បាប់ និង​បទ​គំរាម​សម្លាប់​។ ចំណែក ២ ​នាក់​ទៀត​ពាក់ព័ន្ធ​កាប់​ព្រៃឈើ និង​រំលោភ​ដីព្រៃ​នៅ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​។

លោក សេត ទេព តំណាង​ពលរដ្ឋ​ចំនួន​ ១២ ​សហគមន៍​ស្ថិត​នៅ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ស្រុក​ជាំក្សាន្ដ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៩ ធ្នូ​ថា កន្លងមក​ពិតជា​មាន​ករណី​រំលោភ​ទន្ទ្រាន​ដីព្រៃ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព និង​រំលោភ​យក​ដី​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មែន​។ ក្នុងនោះ​មាន​ពលរដ្ឋ​ចំនួន​ ៤ ​នាក់​ត្រូវបាន​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ និង​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​ធ្លាប់​មាន​ច្រើន បញ្ហា​រំលោភ​យក​ដីព្រៃ​ហ្នឹង ប៉ុន្ដែ​អ្នក​ដែល​រំលោភ​យក​ដី​ទាំងអស់​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ប្ដឹង​ទៅ​តុលាការ ហើយ​ខ្លះទៀត​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព និង​ខ្លះទៀត​ត្រូវ​បាន​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់​។ ចំពោះ​បច្ចុប្បន្ននេះ​គឺ​មិន​មាន​អ្នករំលោភ​យក​ដី​ទៀត​ទេ ហើយ​បទល្មើស​កាប់​ឈើ​ក៏​មិនសូវ​មាន​ដែរ ឥឡូវនេះ​ហាក់​ដូចជា​ស្ងាត់​​បទល្មើស​»​។

លោក សេត ទេព ជំរុញ​ឱ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​យកចិត្ត​ទុកដាក់​បន្ថែមទៀត បើទោះបី​ជា​បទល្មើស​ស្ងប់ស្ងាត់​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ និង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត-ភ្នំពក​ក៏ដោយ ព្រោះ​ជនល្មើស​មួយចំនួន​កំពុង​តាមដាន​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​។ ប្រសិនជា​សមត្ថកិច្ច​មាន​ការអនុវត្ត​ច្បាប់​ធូររលុង ក្រុម​ជនល្មើស​នឹងធ្វើ​សកម្មភាព​បន្តទៀត​៕