បាត់ដំបងៈ ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ចេញ​ដីកាឃុំខ្លួន​ក្រុម​ក្មេងប្រុស​​ទំនើង​ ១៥ ​នាក់ ​ដាក់​ពន្ធនាគារ​ខេត្ត​ពាក់ព័ន្ធ​បង្ក​ហិង្សា​វាយតប់​គ្នា​តាមផ្លូវ​សាធារណៈ ប្រព្រឹត្ត​នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​ ១៣ មីនា​។

លោកស្រី ជា ចាន់រស្មី អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​បាត់ដំបង​ឱ្យដឹងពី​ម្សិលមិញ​ថា​ក្រុម​ក្មេង​ទាំង​ ១៥ ​នាក់​ ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ គី ទីម៉េង សម្រេច​ចេញ​ដីកា​ឃុំ បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត បាត់ដំបង​កាលពី​ថ្ងៃទី​ ១៥ មីនា ពាក់ព័ន្ធ​បង្ក​ហិង្សា​វាយ​គ្នា​។

លោកស្រី​ថា​៖ «​ជន​ទាំង​ ១៥ ​នាក់​នោះ ​ត្រូវបាន​ព្រះរាជអាជ្ញា​​ចោទ​ពី​បទ​ធ្វើឱ្យ​ខូចខាត​ដោយ​​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​បញ្ញត្តិ​មាត្រា​ ៤១១ ​នៃ​ក្រមព្រហ្មទណ្ឌ​ និង​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​តុលាការ​»​។

តាម​មាត្រា​ ៤១១ ​នៃ​ក្រមព្រហ្មទណ្ឌ​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​ថា ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទ​​ប្រកាន់​មែន​នោះ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ទៅ​ ៥ ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​ ៤ ​លាន​ទៅ​ ១០ ​លាន​រៀល​។

តាម​កំណត់ហេតុ​នគរបាលខេត្ត​បង្ហាញថា ក្រុម​ក្មេង​ទំនើង​ទាំង​ ២ ​ក្រុម​ដែល​ខ្លះ​ជា​សិស្ស​ហើយ​ក្នុង​ ១ ​ក្រុមៗ​មាន​គ្នា​ពី​ ៦ ​ទៅ​ ៨ ​នាក់ សុទ្ធតែ​លេង​បណ្តាញ​​សង្គម​ TiK Tok ដូចគ្នា​។ ​ការលេង​ TikTok ​នោះ​ក្រុម​ម្ខាងៗ​បាន​ទាស់សម្តី​គ្នា ហើយ​ក៏​ណាត់​​ជួប​វាយ​គ្នា​បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​ចំនួន​ ២ ​គ្រឿង​ ដែល​ជា​មធ្យោបាយ​បង្ក​បទល្មើស ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​។

កំណត់ហេតុ​បង្ហាញ​បន្តថា​បន្ទាប់ពី​ទាំង​ ២ ​ក្រុម​បង្ក​ហិង្សា​វាយតប់​គ្នា​មក សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​ ២ ​ក្រុម​ដោយ​ក្រុម​ឈ្មោះ​ Boy Srer ចាប់បាន​ ៨ ​នាក់ និង​ក្រុម​ឈ្មោះ Boy Loy ចាប់បាន​ ៧ ​នាក់​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​កាំបិត​ខ្វែវ​ចំនួន ១ ​ដើម​ពី​ក្រុម Boy Loy៕