ភ្នំពេញ: ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​ ១១ តុលា បាន​​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ ៣ ​នាក់​ក្នុង​ពន្ធនាគារ ខណៈ​ ២ ​នាក់​ផ្សេងទៀត​​ត្រូវបាន​ចៅក្រម​កំពុង​សាកសួរ បន្ទាប់ពី​មន្ត្រី​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជូន​ជនសង្ស័យ​ ៥ ​នាក់​ទៅ​តុលាការ ក្រោយពី​ឃាត់ខ្លួន​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ ២ ​ករណី​ផ្សេងគ្នា​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពីថ្ងៃ​ ១១ តុលា​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន ៣ ​នាក់​​រួមមាន ទី​ ១- ​ឈ្មោះ CONTH ABDUL, ទី​ ២- ​ឈ្មោះ OGAN DIMMA LGWE LINUS និង​ទី​ ៣- ​ឈ្មោះ ហាន លីស ភេទ​ស្រី ជនជាតិខ្មែរ​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ​ដឹកជញ្ជូន រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។

លោក​បន្តថា ចំណែក​ករណី​ជនសង្ស័យ​ចំនួន ២ ​នាក់​រួមមាន ឈ្មោះ ឈន មករា អាយុ​ ៣១ ​ឆ្នាំ និង​ឈ្មោះ តែម ជីមី ត្រូវបាន​លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ពី​បទរក្សាទុក​ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ដោយបាន​បញ្ជូន​សំណុំរឿង​ទៅ​ចៅ​​ក្រម​ស៊ើបសួរ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។

លោក​ថា​៖ «​ករណី​ជនសង្ស័យ​ ៣ ​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​និង​ឃុំខ្លួន​ហើយ​។ ​រីឯ​សំណុំរឿង​ជនសង្ស័យ​ ២ ​នាក់​ត្រូវបាន​ចៅក្រម​កំពុង​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់ ហើយ​បើ​មាន​ការសម្រេច​យ៉ាងណា​ទៀត​ខ្ញុំ​នឹង​ជម្រាប​ជូន​ពេល​ក្រោយ​ទៀត​»​។

លោក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ថ្លែង​ពីថ្ងៃ​ទី​ ១១ ខែតុលា​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យ​ ៥ ​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៩ ខែតុលា បន្ទាប់ពី​ឃាត់ខ្លួន​ក្នុង​ ២ ​ករណី​ផ្សេងគ្នា​កាលពី​ថ្ងៃទី​ ៦ និង​ថ្ងៃទី​ ៧ ខែតុលា​។

លោក​បន្តថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​ឈាន​ទៅ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំបូល ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​ជាមួយ​នឹង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ ICE ១០ ​កញ្ចប់ ប្រហែល​ ១ ​គីឡូក្រាម​។

លោក​ថា ករណី​ដាច់ដោយឡែក​មួយទៀត​នៅ​ថ្ងៃទី​ ៦ ​ខែតុលា​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​សហការ​​ជាមួយ​ក្រុមហ៊ុន​បញ្ញើ​ទំនិញ​ទៅ​ក្រៅប្រទេស​បាន​ត្រួតពិនិត្យ​កញ្ចប់​បញ្ញើ​មិន​ប្រក្រតី​មាន​បង្កប់​គ្រឿងញៀន​ក្នុង​សៀវភៅ​។ ​ក្នុង​នោះ​សមត្ថកិច្ច​ឆែក​ឃើញ​មាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ICE) ទម្ងន់​សុទ្ធ​ ៩៩៣,៤២ ​ក្រាម​ដោយ​ទៅ​ឃាត់ខ្លួន​សង្ស័យ​ចំនួន​ ៣ ​នាក់​។

លោក ឡឹក វណ្ណៈ បាន​បញ្ជាក់ថា​៖ «​ក្រោយ​បញ្ចប់​ការសួរនាំ​ជនសង្ស័យ​ទាំង​ ៥ ​នាក់ យើង​បាន​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ហើយ​រឿង​នីតិវិធី​បន្ត​បែបណា​ខ្ញុំ​អត់​ទាន់​ដឹង​ទេ ព្រោះ​វា​ជា​នីតិវិធី​របស់​តុលាការ​ចាត់ចែង​»​។

បើ​តាម​របាយការណ៍​របស់​មន្ទីរប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ការបង្ក្រាប​នៅ​ភូមិ​កន្ទោកជើង សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈន មករា អាយុ​ ៣១ ​ឆ្នាំ និង​ឈ្មោះ តែម ជីមី អាយុ ២៦ ​ឆ្នាំ ដោយ​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន ICE ១០ ​កញ្ចប់ ប្រហែល​ ១ ​គីឡូក្រាម​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ ១ ​គ្រឿង​,​ទូរស័ព្ទ​ ៤ ​គ្រឿង និង​សម្ភារ​ប្រើប្រាស់​វេចខ្ចប់​មួយចំនួន​ទៀត​។

របាយការណ៍​ដដែល​បន្ត​ថា ចំណែក​ការបង្រាប​នៅ​ថ្ងៃទី​ ៦ ខែ​តុលា សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទទួលបញ្ញើ​ទំនិញ​មួយ និង​​ដោយមាន​ការសម្របសម្រួល​ពី​លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​នៅ​ភ្នំពេញ​បាន​ត្រួតពិនិត្យ​កញ្ចប់​បញ្ញើ​មិន​ប្រក្រតី​ដែល​បង្កប់​គ្រឿងញៀន​ក្នុង​សៀវភៅ​។ ​ករណីនេះ​សមត្ថកិច្ច​បាន​ឃាត់​​ខ្លួន​ជនសង្ស័យ ៣ ​នាក់​រួមមាន ទី​ ១- ​ឈ្មោះ CONTH ABDUL អាយុ​ ៣៩ ​ឆ្នាំ ជនជាតិ​សៀរ៉ាឡេអូន​, ទី​ ២- ​ឈ្មោះ OGAN DIMMA LGWE LINUS អាយុ​ ២៩ ​ឆ្នាំ ជនជាតិ​នីហ្សេរីយ៉ា និង​ទី​ ៣- ​ឈ្មោះ ហាន លីស ភេទ​ស្រី អាយុ​ ២៨ ​ឆ្នាំ​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន (ICE) ទម្ងន់​សុទ្ធ ៩៩៣,៤២ ​ក្រាម​៕