ប៉ៃលិនៈ តុលាការខេត្ត​ប៉ៃលិន​កាលពី​ល្ងាចម្សិលមិញ​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពន្ធនាគារ​ខេត្ត​ បន្ទាប់ពី​ជននេះ​បានប្រគល់​ខ្លួន​តាម​ដីកា​ជូន​សមត្ថកិច្ច​ពីថ្ងៃ​ទី ១ ឧសភា​ ក្រោយពី​ប្រើ​ហិង្សា​លើ​ប្រពន្ធ នៅ​ភូមិ​ផ្សារ​ព្រំជើង ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ រួច​គេចខ្លួន ។

លោកស្រី ស ចិន្តា ស្នងការរង​ទទួលបន្ទុក​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​ប៉ៃលិន​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ៣ ឧសភា​នេះ ថា ជន​ត្រូវ​ចោទ ឈ្មោះ អ៊ាន អំ អាយុ ៣៦ ឆ្នាំ ជា​កម្មករសំណង់។ ជននេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កាលពី​ល្ងាច​ថ្ងៃទី​ ២ ឧសភា​ទៅតាម​ដីកា​របស់​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ករណី​វាយ​ប្រពន្ធ​ឈ្មោះ​បាត់ សាវេត។

លោកស្រី​បន្តថា៖ «ជន​ម្នាក់​នោះ ខ្ញុំ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក​ចៅក្រម​ស៊ើបសួរ​លោក លី ម៉េង ពាក់ព័ន្ធ​បទចោទ​ប្រើ​អំពើហិង្សា​ប្រព្រឹត្ត​ដោយ​អនីត​សង្វាស​ជន​តាម​មាត្រា ២២២ នៃ​ក្រមព្រហ្មទណ្ឌ»។

ពាក់ព័ន្ធ​មាត្រា ២២២ នៃ​ក្រមព្រហ្មទណ្ឌ​នេះ​ ប្រសិន​បើ​តុលាការ​រកឃើញ​ថា​បុរស​រូបនេះ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទ​មែន​នោះ​នឹងត្រូវ​ប្រឈម​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ២ ឆ្នាំ​ដល់ ៥ ឆ្នាំ​ និង​ពិន័យ​ប្រាក់​ចូល​ថវិការដ្ឋ​ពី ៤ ទៅ ១០ លាន​រៀល។

លោក មាស សារ៉ន អធិការនគរបាល​ស្រុក​សាលា​ក្រៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣ ឧសភា​នេះដែរ​ថា បុរស​ឈ្មោះ អ៊ាន អំ ម្នាក់នេះ​តែងតែ​ប្រើ​អំពើហិង្សា​វាយដំ​លើ​ប្រពន្ធ​របស់ខ្លួន​ស្ទើរ​រាល់ថ្ងៃ ប៉ុន្តែ​មិន​បង្ក​ជា​របួសស្នាម​ធ្ងន់ធ្ងរ​ទេ។

លោក​បាន​និយាយ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ថា​នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី ២៨ មេសា​គឺ​បុរស​រូបនេះ​បាន​វាយ​ទាត់​ធាក់​លើ​គាត់ បន្ទាប់មក​ក៏​រត់គេចខ្លួន​ឡើង​លើ​ភ្នំ​នៅក្បែរ​ភូមិ​ក្រោយពេល​ស្ត្រី​រងគ្រោះ​រត់​ទៅប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​របស់លោក។ បន្ទាប់មក​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​តុលា​ និង​បាន​សុំ​ដីកា​តាម​ចាប់ខ្លួន។

លោក​បាន​បញ្ជាក់ថា៖ «ជននេះ​គាត់​ភ័យ​ហើយ​បាន​រត់​ទៅសម្ងំ​លើ​ភ្នំ​តែ​សាច់ញាតិ​គាត់​បាន​លួងលោម​ពន្យល់​គ្រប់បែបយ៉ាង​ទើប​គាត់​ព្រម​មក​ប្រគល់​ខ្លួន​ឱ្យ​យើង​ចាប់​តាម​សម្រួល​ទៅ»៕