រតនគិរី៖​តុលាកា​រខេត្តរ​តនគិរី​កាល​ពី​ថ្ងៃទី​២៩​ឧសភា បានចេញ​ដីកា​ឃុំ​ជន​ត្រូវ​ចោទ​ម្នាក់​នៅ​ពន្ធ​នាគារ​ខេត្ត ក្រោយ​ពីចាប់​ខ្លួន​បាន ២ ថ្ងៃ​ ពាក់ព័ន្ធ​ករណីរំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​របស់ខ្លួន ​ប្រព្រឹត្ត​នៅ​ឃុំ​ត្រពាំង​ច្រេស ​ស្រុក​កូន​មុំ ខេត្ត​រតន​គិរី។

លោក​ស្រី​កែវ ​ដាវី ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនី​តិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ ប្រាប់​នៅ​ថ្ងៃទី ៣០ ឧសភា​ថា ​សមត្ថ​កិច្ច​របស់​លោក​ស្រី​បាន​ទទួល​ដីកាឃុំ​ខ្លួន​ពី​តុលា​ការខេត្តរ​តនគិរី ដែល​បញ្ជាក់​ពី​ជន​ត្រូវ​ចោទ​ឈ្មោះ ស្រី​ សាវឿន អាយុ ៤៥ ឆ្នាំ​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឱ្យសមត្ថកិច្ច​របស់លោក​ស្រី​នាំ​ជន​ម្នាក់នេះ​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តពី​ថ្ងៃទី ​២៩​ ឧសភា។រីឯ​ក្មេង​រង​គ្រោះ​ឈ្មោះ ស.ធ អាយុ ៩ ឆ្នាំ។

លោកស្រី​ថ្លែង​ថា៖«បុរស​នោះ​ត្រូវ​ចោទ​ពីបទ​រួមភេទ​ជាមួយ​អនីតិ​ជន​ក្រោម​អាយុ ១៥​ ឆ្នាំ​ តាម​បញ្ញត្តិមាត្រា ​៤២ ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជ​ន»​។

យោងតាម​បញ្ញត្តិ​មាត្រា ៤២ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​ការពារ​អនី​តិជន ប្រសិន​បើតុលាការ​រកឃើញថា​ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹងត្រូវ​ប្រឈម​ការផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ពី ៥ ឆ្នាំ​ទៅ ១០ ​ឆ្នាំ។

លោកស្រី ដាវី​ ឱ្យដឹងថា៖«ការបំភ្លឺ​របស់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស.ធ ប្រាប់​សមត្ថកិច្ច​ខ្ញុំ​ថា​ នាង​ត្រូវជា​កូនបង្កើត​របស់​ជន​ត្រូវ​ចោទហើយ​ត្រូវបាន​ឪពុក​របស់ខ្លួន​ចាប់រំលោភ​ពិតប្រាកដ​មែន​ ប៉ុន្តែ​នាង​មិន​ចាំ​ពេល​ម៉ោង និង​ថ្ងៃ​ណា​ច្បាស់​ទេ​ ព្រោះ​អាចមកពី​នាង​នៅ​ក្មេង​ពេក»។

យ៉ាង​ណា​ក្ដី លោក​វរសេនីយ៍​ឯក ថេ​ង ច​ន្ធី អធិការ​នគរ​បាល​ស្រុក​កូន​មុំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ ឧសភាដោយ​បាន​ស្រង់​សម្តី​ជន​ត្រូវ​ចោទ​ថា​ការចាប់​ខ្លួន​នេះ​គឺ​ តាម​បណ្តឹងរ​បស់បង​ស្រី​ក្មេង​ស្រី​រងគ្រោះ​ ក្រោយ​ពីនាង​បានឃើញ​ជននេះ​កំពុង​ធ្វើ​សកម្ម​ភាព​លើ​ក្មេង​រងគ្រោះ​ ហើយ​បាន​រាយការណ៍​ប្រាប់​អ្នកភូ​មិ​ ទើប​ពលរដ្ឋ​រាយ​ការណ៍​បន្ត​មក​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ច្រេស រហូតចុះ​ឃាត់​ខ្លួន​នៅ​ថ្ងៃទី ២៧ ឧសភា ​តែម្តង​។

លោក​បាន​រៀបរាប់​តាម​សម្តី​ប្រពន្ធ​ជន​ត្រូវ​ចោទ​ថា គាត់(ប្រពន្ធ) និងជ​នត្រូវចោ​ទមាន​កូន​ចំនួន ៤ នាក់​ ប្រុស ២ នាក់​ និង​កូនស្រី​ ២ នាក់​។ចំណែក​ក្មេង​ស្រី​រងគ្រោះ​ជា​កូនពៅ​ ហើយ​ដោយ​សារ​ជន​ត្រូវចោទ​ជា​មនុស្ស​ញៀន​ស្រា គឺ​តែង​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​កូន​រាល់ថ្ងៃ។​ករណីនេះ​សមត្ថ​កិច្ច​តែងបាន​ហៅ​ជន​នេះម​កអប់រំ​​ឱ្យ​ឈប់​ប្រព្រឹត្ត​អំពើហិ​ង្សា​តទៅ​ទៀត​។ប៉ុន្តែ​ក្រោយមក​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​កូន ៣​ នាក់​ចុះ​ចេញពី​ផ្ទះ​តែជន​ត្រូវ​ចោទ​រូបនេះ​ទាម​ទារ​ឱ្យទុក​កូនស្រី​ពៅ (ក្មេងរង​គ្រោះ) នៅ​ជា​មួយ​ខ្លួន ​។

លោក​បន្តថា​បន្ទាប់​ពី​ប្រពន្ធ​ចុះចោល​បាត់ទៅ​គឺ​ជន​សង្ស័យ​មិន​យក​ប្រពន្ធ​ទេ​ ដោយ​រស់នៅ​ជាមួយ​កូនស្រី​ពៅ​តែ ២ នាក់​ឪពុក​កូន។ លុះ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០២១​ នេះ ជន​សង្ស័យ​បាន​ចាប់ក្មេងស្រី​រងគ្រោះ​រំលោភ​ជាច្រើនលើក​ តែ​ត្រូវ​បែកការ​ដោយ​សារ​បង​ស្រីរ​បស់​ក្មេង​នោះមក​ទាន់។

បើតាម​លោក ច​ន្ធី​ «ដោយសារ​ក្មេង​នៅ​តូច មិន​ចាំ​ខែ​ឆ្នាំ​អី​ទេ​គាត់​គ្រាន់តែ​ដឹងថា​ឪពុក​ចាប់រំលោភ​ជួន​ពេលព្រឹក​ ពេល​ល្ងាច ហើយ​ពេលយប់​ក៏មាន ​តែ​ក៏​មិន​ចាំ​ប៉ុន្មាន​ដង​ដែរ»។

លោក​ប្រាប់ថា ពេល​សមត្ថកិច្ច​ចាប់មក​អធិការដ្ឋាន​នគរបាល​រហូត​បញ្ជូន​ដល់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​គឺ ​ជន​នេះ​មិន​ឆ្លើយ​សារភាព​ទេ​ តែ​នៅ​ដំណាក់កាល​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តរ​តនគិរី​សាកសួរ​ ទើប​គេ​ឆ្លើយ​សារភាព​ប្រាប់​ព្រះ​រាជ​អាជ្ញា​ថា គាត់​បាន​រំលោភ​កូនស្រី​របស់គាត់​បាន ​៤​ ដង៕