កំពង់ឆ្នាំងៈ សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​​ បាន​សម្រេច​ឱ្យ​សមត្ថកិច្ច​ឃុំខ្លួន​បុរស​ម្នាក់​នៅ​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ជនសង្ស័យ​​ពី​បទក្លែងបន្លំ​ឯកសារ​ (យានយន្ត) ​និង​ប្រើប្រាស់​ស្លាកលេខ​ក្លែងក្លាយ។ នេះ​បើ​តាម​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ។

លោក​ ហង្ស សុជាតិ ​ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​​ជនសង្ស័យ​ឈ្មោះ​​ ឃឹម ប៊ុនធឿន ​មាន​លំនៅ​ភូមិ​ត្រពាំងពោធិ៍ ​ឃុំ​ពង្រ ​ស្រុក​រលាប្អៀរ ​ខេត្ត​កំពង់ឆ្នាំង ​ត្រូវបាន​ឃាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី ២៦ ​ខែវិច្ឆិកា ​ឆ្នាំ ២០២០ ​ខណៈ​ដែល​ជនសង្ស័យ​កំពុង​ធ្វើដំណើរ​នៅ​ឃុំខ្សា ​ស្រុក​រលាប្អៀរ។

លោក ហង្ស សុជាតិ បាន​ថ្លែងថា​៖ «ជនសង្ស័យ​បានប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ក្លែងក្លាយ»។

បើ​តាម​មន្ត្រី​អាវុធហត្ថ​រូបនេះ​ជនសង្ស័យ​មាន​មុខរបរ​បើក​ហ្គារ៉ាស់​ជួសជុល​រថយន្ត ​និង​​ប្រមូល​ទិញ-លក់​រថយន្ត​ដែល​នាំចូល​គេច​ពន្ធ​ពី​ប្រទេស​វៀតណាម។ នៅ​ថ្ងៃ​ឃាត់​ខ្លួនជន​នោះ សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​រថយន្ត​ LEXUS RX 400h ​ពណ៌ស​ ១ គ្រឿង​ដែល​ជនសង្ស័យ​កំពុង​ប្រើប្រាស់​មាន​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ ភ្នំពេញ​ BD-9326 ​និង​ប្រភេទ​រថយន្ត​ទំនើបៗ​ជាច្រើន​ទៀត​ដែល​មាន​តម្លៃ​ចន្លោះ​ចាប់ពី​ ៧ ៥០០ ដុល្លារ ទៅ​ ២០ ០០០ ​ដុល្លារ​អាមេរិក។

លោក​បានបន្ថែម​ថា ​តាម​ការស្រាវជ្រាវ​ស្លាក​លេខ​ភ្នំពេញ​ BD-9326 ​ជា​ស្លាកលេខ​របស់​រថយន្ត HIGH- LANDER ​ស៊េរី​ឆ្នាំ ២០០២ ​ពណ៌​ខ្មៅ​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ GUO CHAO-YANG។ ក្រៅពី​ស្លាក​លេខ​នេះ​សមត្ថកិច្ច​ក៏​បានរក​ឃើញ​ស្លាក​លេខ​រថយន្ត​មួយចំនួន​ផ្សេង​ទៀត​ដែល​សង្ស័យ ជនសង្ស័យ​ប្រមូល​ទិញ​ «ផលចោរកម្ម» ​ផង​ដែរ។

កាលពី​រសៀល​ថ្ងៃសៅរ៍ ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​មន្ត្រី​ជំនាញ​មន្ទីរ​យុត្តិធម៌​ខេត្ត​កំពង់ឆ្នាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

ជុំវិញ​ករណី​នេះ​លោក អ៊ីត សុធា​ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​អាទិត្យ​​ថា ​ក្រោយពី​បញ្ចប់​ការស៊ើបសួរ​ ជនសង្ស័យ​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ ​«ក្លែងបន្លំ​ឯកសារ​​(យានយន្ត​) ​និង​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ»។ ករណីនេះ តុលាការ​ក៏បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​នាំ​យក​ជនសង្ស័យ​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ ដើម្បី​ធ្វើការស្រាវជ្រាវ​បន្ថែម និង​រង់ចាំ​ការបើក​សវនាការ​ជំនុំជម្រះ​ជា​ក្រោយ។

ជាមួយ​គ្នា​នេះ​លោក​ព្រះរាជអាជ្ញា​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន ដែល​បាន​បាត់​ស្លាកលេខ​រថយន្ត ​ឬ​ក៏បាត់​រថយន្ត​នាពេល​កន្លង​មក​នោះ​ ពួកគេ​អាច​មក​ពិនិត្យ ​និង​ទំនាក់ទំនង​ផ្ទាល់​នៅ​ស្ថាប័ន​អយ្យការអមសាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ដោយ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​រថយន្ត​មក​ជាមួយ​ផង៕