សៀមរាបៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​កាលពី​ថ្ងៃទី​ ៥ ខែមេសា​ ពី​បទ​ឃាតកម្ម​ដោយ​ចេតនា ក្រោយពី​ជនសង្ស័យ​បាន​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ដោយហេតុ​រឿង​ប្រចណ្ឌ​។

រឿងនេះ​បាន​កើតមាន​ឡើង​នៅ​ភូមិ​ស្រះខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​ ៤ មេសា ក្រោយមក​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ ក្រោយពី​កើតហេតុ​។

លោក យិន ស្រាង អ្នកនាំពាក្យ​តុលាការ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ តាត គង់ អាយុ​ ៤៥ ​ឆ្នាំ​ត្រូវបាន​លោក ស៊ិន សង្ហា ជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ចោទប្រកាន់​ពី​បទឃាតកម្ម​ដោយ​ចេតនា​តាម​បញ្ញត្តិ​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​ និង​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ៥ មេសា ឆ្នាំ​ ២០២០​។

លោក​ប្រាប់ថា​៖ «​ជន​ម្នាក់​នោះ​ត្រូវបាន​ចៅក្រម ស៊ិន សង្ហា ចោទប្រកាន់​រួចហើយ​ពី​ម្សិលមិញ​ (​ថ្ងៃទី​ ៥ មេសា​) ​និង​បាន​ឃុំខ្លួន​គាត់​ហើយ​ដែរ​»​។

យោង​មាត្រា​ ២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ​ប្រសិន​បើ​តុលាការ​រកឃើញ​ថា​ជន​សង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ​នឹងត្រូវ​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​ ១ ​ជីវិត​។

លោក គី សំប៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ជា សាវី អាយុ ៣៧ ​ឆ្នាំ​ចំណែក​ជនបង្ក​ជា​ប្តី​ឈ្មោះ​ តាត គង់ ជា​មន្ត្រី​យោធា​មាន​តួនាទី​អនុសេនីយ៍ឯក​ជា​​ជំនួយការ​របស់​អង្គភាព​វរសេនា​តូច​ការពារ​អាកាស​នៃ​កងពលធំ​អន្តរាគមន៍​លេខ​ ២ មាន​ទីតាំង​ឈរជើង​នៅ​ចំណុច​ក្បាលរហាល​ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប និង​មាន​លំនៅ​ភូមិ​ស្រះខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​។

លោក គី សំប៊ុន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​យក​ដប​សាំង​ទៅ​ចាក់​ដុត​ប្រពន្ធ​ដែល​កំពុង​ដេក​ក្នុង​អង្រឹង​ក្រោយពី​ទទួល​បាន​ទូរស័ព្ទ​ពី​បុរស​ម្នាក់​បាន​អះអាង​ថា បាន​ធ្លាប់​ដេក​ជាមួយ​ស្ត្រី​រងគ្រោះ​តាំងពី​ឆ្នាំ​ ២០១៩​។ ភ្លើង​បាន​ឆេះ​លើ​ស្ត្រី​រងគ្រោះ​ដែល​កំពុង​ដេក​ក្នុង​អង្រឹង​បណ្តាល​ឲ្យ​រលាក​រលួយ​ពេញ​ខ្លួន រីឯ​ជនសង្ស័យ​ជា​ប្តី​ក៏ត្រូវ​ភ្លើង​ឆាបឆេះ​ត្រូវ​ក្បាល​ និង​ត្រចៀក​ខ្លះ​ដែរ​។ ភ្លាមៗ​នោះ​យោធា​ដែល​នៅក្នុង​បន្ទាយ​នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​ ២ ​នាំគ្នា​ជួយ​ពន្លត់ភ្លើង​ និង​ជួយ​សង្ក្រោះ​ស្ត្រី​រងគ្រោះ​ និង​ជនសង្ស័យ​ដឹកយក​ទៅ​មន្ទីរពេទ្យ​។

លោក​ថា​៖ «​អង្រឹង​នោះ​ជ័រ​ហើយ​ត្រូវ​ភ្លើង​ឆេះ​ទៀត​ដូច​គេ​ដុត​ថង់​ប្លាស្ទិក​បន្តក់​លើ​សាច់មនុស្ស​អ៊ីចឹង​គឺ​វា​ឆេះ​រុំ​ជាប់​នឹង​សាច់​តែម្តង​»​។

លោក​ គី សំប៊ុន ប្រាប់​បន្តថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បន្ទាយស្រី តែ​ដោយសារ​ស្ថានភាព​ភ្លើង​រលាក​ខ្លាំងពេក​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រោយពី​សម្រាក​បាន​ ១ ​យប់​រីឯ​ជនសង្ស័យ​ជា​ប្តី​ក៏ត្រូវ​យោធា​ក្នុង​បន្ទាយ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បន្ទាយស្រី​ដែរ​តែ​យោធា​បាន​ប្រគល់​ជនសង្ស័យ​មក​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​របស់​លោក​យាមកាម ដើម្បី​ព្យាបាល​របួស​៕​