កំពង់ឆ្នាំង៖ ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ឃុំ​ខ្លួន​​បុរស​ឈ្មោះ ភឹម ផាយផាត់ អាយុ ៣៩ ឆ្នាំ ជនជាតិ​ខ្មែរ មាន​លំនៅ​ក្នុង​ភូមិ​ស្វាយជ្រុំថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ នៅ​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ករណី​កាត់ត​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​បង្ហោះ​តាម TikTok ខុស​ពី​ការ​ពិត​ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា ឈ្មោះ ភឹម ផាយផាត់ ត្រូវ​បាន​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ដោយ​លោក សុខ ឧត្តម ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង។

យ៉ាងណា​ក្ដី លោក អ៊ិត សុធា មិន​បាន​បញ្ជាក់​ពី​បទ​ចោទ​លើ​បុរស​រូប​នេះ​នោះ​ទេ ដោយ​លោក​បាន​បង្វែរ​ឱ្យ​សួរ​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​ដោយ​ផ្ទាល់។ ប៉ុន្តែ លោក អៀរ ប៊ុនធឿន ស្នងការ​រង និង​ជា​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ឈ្មោះ ភឹម ផាយផាត់ កាក់​ត​សំឡេង​ថ្នាក់​ដឹកនាំ​បង្ហោះ​លើ​បណ្តាញ​សង្គម Tik Tok ខុស​ពី​ការ​ពិត​ និង «ញុះញង់​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម» ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩។

លោក​ស្នងការ​រង​បាន​បន្ត​ថា ឈ្មោះ ភឹម ផាយផាត់ បាន​កាត់​ត​សំឡេង​ថ្នាក់​ដឹកនាំ​ខ្លី (លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន) ដែល​បាន​មាន​ប្រសាសន៍​កាល​ពី​ឆ្នាំ ២០២០ ថា នៅ​បិទ​មិន​ឱ្យ​ចេញ​ដើរ​ហើរ​រយៈពេល ៣ ខែ​ទៀត ដែល​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម។

លោក អៀរ ប៊ុនធឿន បាន​បញ្ជាក់​ថា៖ «គាត់​កាត់​ត​ប្រសាសន៍​ថ្នាក់​ដឹកនាំ​មក​លេង TikTok ខុស​ពី​ការ​ពិត។ គាត់​បង្ហោះ​ថ្ងៃទី ២៣ មេសា នៅ​វេលា​ម៉ោង ៥ ល្ងាច ហើយ​ក្រោយ​គាត់​បង្ហោះ យើង​ក៏​បាន​ស្រាវជ្រាវ​ចាប់​ខ្លួន​គាត់​នៅ​ថ្ងៃទី ២៤ មេសា»។

យោង​តាម​មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា អំពើ​ញុះញង់​តាម​មធ្យោបាយ​ណា​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ៤៩៤ (លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញុង) នៃ​ក្រម​នេះ ឱ្យ​មាន​ការ​ប្រព្រឹត្ត​ការ​រើសអើង ការ​គុំកួន ឬ​ហិង្សា​ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ ដោយ​មូលហេតុ​បុគ្គល​នោះ​ជា​សមាជិក ឬ​មិនមែន​សមាជិក​នៃ​ជាតិ​ពន្ធុ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណា​មួយ​ជា​កំណត់​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់​ពី ២ លាន​រៀល ទៅ ៦ លាន​រៀល៕