ពោធិ៍សាត់ៈ សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ពីថ្ងៃ​ទី​ ២ កញ្ញា បាន​ឃុំខ្លួន​បុរស​ម្នាក់​ភ្លាមៗ​បន្ទាប់ពី​សមត្ថកិច្ច​ចាប់បញ្ជូន​ដល់​តុលាការ ករណី​កាប់​យុវជន​ម្នាក់​ស្លាប់​នៅ​ភូមិ​កំរែង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១០​។

លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា បុរស​ត្រូវ​ចោទ​ឈ្មោះ ណាត ដា អាយុ​ ៣០ ​ឆ្នាំ រស់នៅ​ភូមិ-ឃុំ-ខាងលើ​ត្រូវ​បាន​តុលាការ​ខេត្ត​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តហើយ​។ ​សមត្ថកិច្ច​ចាប់បាន​ជននេះ​នៅ​ថ្ងៃ​ ១ កញ្ញា តាម​ដីកា​ចុះ​ថ្ងៃ​ ១៤ ធ្នូ ឆ្នាំ​ ២០១០​។

លោក​បន្តថា បន្ទាប់ពី​បញ្ជូន​ដល់​តុលាការ​នៅ​ថ្ងៃទី​ ២ កញ្ញា​ភ្លាម​ក៏ត្រូវ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បើកសវនាការ​ជំនុំជម្រះ​ភ្លាមៗ​ដែរ ហើយ​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​ដូច​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចេញ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ ថោង អុល នៃ​សាលា​ដំបូង​ខេត្តពោធិ៍សាត់​។

លោក ឡាំ ជឿន នាយនគរបាល​ប៉ុស្តិ៍​ឃុំ​ស្វាយ ស ប្រាប់​ពី​ម្សិលមិញ​ថា ករណី​សម្លាប់​មនុស្ស​​នេះ​កើត​ពី​ជម្លោះ​ក្នុង​ពេល​មាន​​ពិធី​រាំកម្សាន្ត​បុណ្យ​ពូន​ភ្នំស្រូវ​នៅ​ភូមិ​កំរែង តាំងពី​យប់​ថ្ងៃទី​ ១ មករា ​ឆ្នាំ​ ២០១០ មក​។

លោក​បន្តថា ជម្លោះ​នេះ​កើតឡើង​រវាង​យុវជន​ ២ ​ក្រុម ប៉ុន្តែ​ក្រុម​បង្ក​បាន​យក​ចបកាប់ និង​ដំបង​វាយ និង​កាប់​យុវជន​ឈ្មោះ​​ជ្រូក អាយុ​ ២០ ​ឆ្នាំ​ (២០១០) ​ស្លាប់​នៅ​កន្លែង​កើតហេតុ ដោយ​មាន​​ឈ្មោះ ណាត ដា ជា​ជនដៃដល់​​តែ​ពួកគេ​បាន​គេច​ខ្លួន​។

លោក ឡាំ ជឿន បន្ត​ថា ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​​ទើប​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​។

លោក​ថា តាម​ចម្លើយ​ជន​ត្រូវ​ចោទថា បន្ទាប់ពី​សម្លាប់​ជនរងគ្រោះ​​រូបគេ​បាន​រត់​ទៅ​សំងំ​រស់នៅក្នុង​ភូមិ​កំពង់ចម្លង​លើ ឃុំ​តាក្របី ស្រុក​កំរៀង ខេត្ត​បាត់ដំបង ហើយ​ពេល​លួច​ចូល​ស្រុក​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែម្តង​៕