កំពង់ឆ្នាំងៈ ​មន្ត្រីនគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​អះអាង​កាលពី​ថ្ងៃទី​ ២៧ មករា​ ថា បុរស​ ២ ​នាក់ ​ដែល​បាន​វ៉ៃ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ខ្សាម ក្រុង​​កំពង់ឆ្នាំង​ឲ្យ​របួស​បាក់ជើង​ខាងស្តាំ​ម្ខាង​នោះ​ត្រូវបាន​សាលាដំបូង​ខេត្ត​នេះ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ហើយ​ដោយ​ចោទ​ពី​បទ​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់ទោស​។

លោក​ ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា ជនសង្ស័យ​ទាំង​ ២ ​នាក់​ នេះ​មាន​ឈ្មោះ ពៅ ប៉ុន អាយុ ២៩ ​ឆ្នាំ និង​ឈ្មោះ រ៉េត សារ៉ន អាយុ​ ២៩ ​ឆ្នាំ​ ​រស់នៅក្នុង​សង្កាត់​ខ្សាម​ក្រុង-ខេត្ត​កំពង់ឆ្នាំង​។ ពួកគេ​ត្រូវបាន​សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ទី​ ១៧ ខែមករា ​ពាក់ព័ន្ធ​ករណី​វ៉ៃ​មន្ត្រី​នគរបាល​ឈ្មោះ សួស សារី បណ្ដាល​ឲ្យ​បាក់ជើង​ខាងស្តាំ ខណៈ​គាត់​ (​នគរបាល​) ​បាន​ចូល​ឃាត់​ជម្លោះ​ពួកគេ​កាលពី​ព្រឹក​ថ្ងៃទី​ ២៦ ខែ​មករា នៅក្នុង​ភូមិ​ទី ៦ សង្កាត់​ខ្សាម ក្រុង-ខេត្ត​កំពង់ឆ្នាំង​។

លោក​បាន​បញ្ជាក់ថា​៖ «​តុលាការ​ខេត្ត​កំពង់ឆ្នាំង​បានសម្រេច​ចោទប្រកាន់​ជនសង្ស័យ​ទាំង​ ២ ​នាក់​ ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ហើយ​បាន​បញ្ជូន​ទៅ​ពន្ធនាគា​ខេត្ត​រួចហើយ​។ ​មន្ត្រី​នគរបាល​គាត់​ឃើញ​បទល្មើស​គាត់​ក៏​ទៅ​អន្តរាគមន៍​ដើម្បី​ហាមឃាត់​​តែ​ជនសង្ស័យ​បាន​វាយ​រហូត​ដល់​គាត់​បាក់ឆ្អឹង​ជើង​ខាងស្តាំ​» ។

លោក ឆាយ ខែមរ័ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ក្រុម​ខាងលើ​បាន​នាំគ្នា​ផឹកស៊ី​ស្រវឹង ហើយ​បាន​ទាស់សម្តី​។ ​បន្ទាប់មក​លោក សួស សារី បាន​ចូលទៅ​ឃាត់​ខណៈ​ជនដៃដល់​កំពុង​យក​បំពង់​ទីប​វ៉ៃ​លើ​គូទំនាស់ តែ​មិនត្រូវ​ក៏​បែរជា​មក​ត្រូវ​មន្ត្រី​នគរបាល​នោះ​បាក់ជើង​ស្តាំ​ទៅវិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពេល​ពួកគេ​កំពុង​វ៉ៃ​គ្នា​ទៅវិញ​ទៅមក ប៉ូលិស​គាត់​បាន​ចុះទៅ​អន្តរាគមន៍ និង​ឃាត់​ជនសង្ស័យ​ទាំង​ ២ ​ហ្នឹង​មិនមាន​បំណង​យក​បំពង់​ទីប​វ៉ៃ​ទៅលើ​ប៉ូលិស​ទេ តែ​ដោយសារ​ពួកគេ​ទប់​ដៃ​មិន​ជាប់​ក៏ត្រូវ​ប៉ូលិស​វា​គឺជា​រឿង​អចេតនា​។ ​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​»​។

លោក​បាន​បន្ថែមថា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២ ​នាក់​ក្រោយពី​ពួកគេ​បាន​បង្ក​ហិង្សា​លើ​ជនរងគ្រោះ ហើយ​ត្រូវ​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​មុនពេល​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

លោក​បាន​បន្ថែមថា កាលពី​ព្រឹក​ថ្ងៃទី​ ២៧ ខែ​មករា លោក ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំមន្ត្រី នគរបាល​ខេត្ត​ទៅ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​មន្ត្រីនគរបាល​​រងគ្រោះ​នោះ​ ខណៈ​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​ ១៨ ខែ​មករា​ នៅ​ខេត្តកំពង់ស្ពឺ​ក៏​ធ្លាប់​មាន​ករណី​ស្រដៀង​គ្នា​នេះដែរ ដោយ​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​នេះ​បាន​ឃាត់ខ្លួន​បុរស​វ័យ ២៨ ​ឆ្នាំ​ម្នាក់ ​ឈ្មោះ ទូច ហេង បន្ទាប់ពី​បុរស​រូបនេះ​បាន​បាញ់​នាយរង​ប៉ុស្តិ៍នគរបាល​ឃុំ​ចំបក់ ក្នុង​ស្រុក​ភ្នំស្រួច​ម្នាក់​បណ្ដាល​ស្លាប់ និង​នាយប៉ុស្តិ៍​ម្នាក់រង​ម្នាក់ទៀត​របួសធ្ងន់ ខណៈ​សមត្ថកិច្ច​រងគ្រោះ​ទាំង​ ២ ​រូប​ចុះ​អន្តរាគមន៍​ក្នុង​ជម្លោះ​កាប់​ចាក់​គ្នា រវាង​ជនសង្ស័យ និង​ភាគី​ម្ខាង​ទៀត​៕