ស្ទឹងត្រែង៖ ជន​សង្ស័យ ៣ នាក់​ក្នុង​ចំណោម​បក្ខពួក ១២ នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​ស្ទឹងត្រែង​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន ដោយ​ចោទ​ប្រកាន់​ក្នុង​ម្នាក់ៗ ២ បទល្មើស រួមមាន​បទ «លួច» និង បទ «ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស» ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ២ នាក់ ដែល​ជា​អ្នក​រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ទារក​ក្នុង​ផ្ទៃ​ម្នាក់។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​នាំពាក្យ​តុលាការ​ខេត្ត​ស្ទឹងត្រែង។

លោក គឹម ហុងសាន អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃ​ទី ០៥ ខែ​ឧសភា​ថា ជន​ត្រូវ​ចោទ​ក្នុង​បទល្មើស​ទាំង ២ នេះ រួមមាន​ឈ្មោះ ទុន សាវុន អាយុ ៤២ ឆ្នាំ សឿន ហ្វង អាយុ ៣៩ ឆ្នាំ និង ឈ្មោះ លឿ រចនា អាយុ ៣៧ ឆ្នាំ។ អ្នក​ទាំង ៣ គឺ​ជា​បងប្អូន​សាច់​ថ្លៃ​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​ស្វាយរៀង ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

ចំណែក​ស្ត្រី​រងគ្រោះ ២ នាក់ ដែល​ត្រូវ​បាន​ក្រុម​ជន​ត្រូវ​ចោទ ព្រួត​គ្នា​វាយ​រហូត​បណ្ដាល​ឲ្យ​ស្លាប់​កូន​ក្នុង​ផ្ទៃ​ម្នាក់​នោះ​មាន​ឈ្មោះ ដន ណា អាយុ ២៩ ឆ្នាំ មាន​ផ្ទៃពោះ ៦ ខែ និង​ឈ្មោះ វី ដួង អាយុ ២២ ឆ្នាំ មាន​ផ្ទៃពោះ ៣ ខែ។

លោក​បាន​បន្ត​ថា ពួក​គេ​ទាំង ៣ នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ០៣ ខែ​ ឧសភា ឆ្នាំ ២០២១ ក្រោយ​ពី​ទារក​ក្នុង​ផ្ទៃ​ស្ត្រី​រងគ្រោះ​ឈ្មោះ វី ដួង ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា បាន​ស្លាប់​នៅ​ក្នុង​ផ្ទៃ​ដោយសារ​ស្ត្រី​ជា​ម្ដាយ​បាន​រង​នូវ​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ពីក្រុម​ជន​ត្រូវ​ចោទ​ទាំង ៣។ ពួក​គេ​ត្រូវ​បាន​មន្ត្រី​នគរបាល​ជំនាញ​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ក្នុង​បទល្មើស ហិង្សា​ដោយ​ចេតនា និង​បាន​បញ្ជូន​មក​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១។

លោក ហុង សាន បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី ០៥ ខែ​ឧសភា តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង បាន​រក​ឃើញ​ថា ពួក​គេ​បាន​ប្រព្រឹត្ត​បទ​លួច​យក​ធុង​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​របស់​គ្រួសារ​ស្ត្រី​រងគ្រោះ មុន​ពេល​ពួក​គេ​ព្រួត​គ្នា​វាយ​ទៅ​លើ​ស្ត្រី​រងគ្រោះ​ទាំង ២»។

លោក​បាន​បន្ថែម​ថា៖ «បន្ទាប់​ពី​បញ្ចប់​នីតិវិធី​ស៊ើបសួរ ពួក​គេ​ទាំង ៣ នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ក្នុង​ម្នាក់ៗ ២ បទល្មើស រួម​មាន​បទលួច តាម​បញ្ញតិ​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​តាម​បញ្ញតិ​មាត្រា ២១៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បាន​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​នាំ​ពួក​គេ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន»។

យោង​តាម​បទចោទ​ទាំង ២ ក្រុម​ជន​ត្រូវ​ចោទ​ទាំង ៣ នឹង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី ២ ឆ្នាំ ៦ ខែ ទៅ ៨ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ លានរៀល ដល់ ១៦ លាន​រៀល។ ព្រោះ​បទ​លួច​ដែល​ត្រូវ​បាន​ចោទ​ក្នុង​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​កំណត់​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ៦ ខែ ដល់ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល ដល់ ៦ លាន​រៀល។ ចំណែក​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ត្រូវ​បាន​ចោទ​ក្នុង​មាត្រា ២១៩ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​កំណត់​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល ដល់ ១០ លាន​រៀល។

ទោះ​ជា​បែប​ណា​ក៏​ដោយ លោក សល់ ច្រូច ដែល​ជា​ប្ដី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ វី ដួង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅ​ក្នុង​អំពើ​ហិង្សា​នោះ ក្រុម​ជន​ត្រូវ​ចោទ​មាន​គ្នា ១២ នាក់ ក្នុង​នោះ​ម្នាក់​ជា​មេឃុំ​តាឡាត ឈ្មោះ សឿន ខង ផង​ដែរ។ លោក​បាន​បន្ត​ថា នៅ​ពេល​នេះ លោក​មេឃុំ​រូប​នោះ និង​សមាជិក​គ្រួសារ​គាត់​ជាច្រើន​នាក់​ទៀត មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នោះ​ទេ។

លោកសល់ ច្រូច បាន​និយាយ​ថា៖ «គាត់​ជា​មេឃុំ​មិន​បាន​ឃាត់ ឬ​រារាំង​កូន​ប្រុស ស្រី និង​កូន​ប្រសារ រួម​ទាំង​ចៅៗ​របស់​គាត់ កុំ​ឲ្យ​បង្ក​ហិង្សា​វាយ​មក​លើ​ប្រពន្ធ និង​បង​ថ្លៃ​ស្រី​របស់​ខ្ញុំ​ដែល​មាន​ផ្ទៃ​ពោះ​នោះ​ទេ ថែម​ទាំង​បាន​មក​ទាត់​ធាក់​ប្រពន្ធ និង​បង​ថ្លៃ​ស្រី​ខ្ញុំ​រហូត​ដល់​ស្លាប់​កូន​ក្នុង​ផ្ទៃ ៣ ខែ​ទៀត។ ក្នុង​ករណី​នេះ គ្រួសារ​ខ្ញុំ និង​គ្រួសារ​បង​ថ្លៃ​ស្រី​ខ្ញុំ ទាមទារ​សំណង​ជំងឺ​ចិត្ត​សរុប ៦ ម៉ឺន​ដុល្លារ និង​សូម​ឲ្យ​សមត្ថកិច្ច​តុលាការ​ផ្ដន្ទាទោស​ពួក​គេ​ទៅ​តាម​នីតិវិធី​ច្បាប់ ដែល​មាន​ជា​ធរមាន»។

បើ​តាម​លោក សល់ ច្រូច ករណី​ហិង្សា​នោះ​បាន​កើត​ចេញ​ពី​បុរស​ទាំង ៣ ដែល​ត្រូវ​បាន​ជាប់​ឃុំ​នោះ បាន​លួច​យក​ធុង​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ពី​ទីតាំង​ចម្ការ​ស្វាយ​ចន្ទី​របស់​ឪពុក​ក្មេក​របស់​គាត់​កាល​ពី​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ គ្រា​ដែល​មាន​ភ្លើង​ឆេះព្រៃ​កើត​ឡើង​ក្បែរ​ចម្ការ​ស្វាយ​ចន្ទី​របស់​ឪពុក​ក្មេក​របស់​គាត់។

លុះ​ដល់​មាន​អ្នក​ជិត​ខាង​រាយការណ៍​ប្រាប់​ឪពុក​ក្មេក​របស់​គាត់ អំពី​ករណី​នោះ ប្រពន្ធ​គាត់​បាន​ទៅ​ប្ដឹង​មេភូមិ និង​ប្រជា​ការពារ​ភូមិ​ឲ្យ​ជួយ​ដឹង​ឮ​ជា​មុន ដើម្បី​ទៅ​ស្នើសុំ​យក​ធុង​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នោះ​ត្រឡប់​មក​វិញ ហើយ​ក៏​ត្រូវ​ក្រុម​គ្រួសារ​របស់​លោក​មេឃុំ​តាឡាត នាំ​គ្នា​ព្រួត​វាយ​តែ​ម្ដង៕