បន្ទាយមានជ័យៈ តុលាការខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ២៧ ​ឧសភា​ បានសម្រេច​ឃុំខ្លួន​មេខ្យល់​ប្រុស​ស្រី​ ៣ ​នាក់​ ក្នុង​ពន្ធនាគារ​ខេត្ត​ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ឆ្លងដែន​ទៅ​ថៃ​ខុសច្បាប់ បន្ទាប់ពី​ចាប់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​ ២២ ​និង​ថ្ងៃទី​ ២៥ ​ឧសភា នៅក្នុង​ភូមិ​ព្រៃគប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ២៧ ​ឧសភា​ថា ជនសង្ស័យ​ទាំង​ ៣ ​នាក់​ទី​១- ​ឈ្មោះ ជួន ចំណាប់ ភេទ​ប្រុស អាយុ​ ២៨ ​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ទី​២- ចាន់ ស្រី ភេទ​ស្រី អាយុ​ ៣៤ ​ឆ្នាំ រស់នៅ​ភូមិ​ព្រៃគប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត និង វី ចិត្រា ភេទ​ប្រុស​អាយុ​ ៣២ ​ឆ្នាំ​នៅ​សង្កាត់-ក្រុង​ប៉ោយប៉ែត​។ ពួកគេ​ត្រូវ​បាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​ ២៧ ឧសភា​។

លោក​ថា​៖ «​តំណាង​អយ្យការ​អម​សាលាដំបូង​ចោទ​ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន តាម​បញ្ញតិ្ត​មាត្រា​ ១១ ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»​។

យោង​មាត្រា​ ១១ ច្បាប់ ​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ ប្រសិនបើ​តុលាការ​រកឃើញថា ក្រុម​ជន​ត្រូវ​ចោទ​ពិតជា​បានធ្វើ​សកម្មភាព​នាំ​មនុស្ស​ឆ្លងដែន​មែន​នោះ​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ៧ ទៅ​ ១៥ ​ឆ្នាំ​។

លោក​ ព្រហ្ម ថេង​ឱ្យដឹង​បន្តថា​ការងារ​ចាប់​មេខ្យល់​ និង​ជួយសង្គ្រោះ​ពលករ​ពី​អំពើ​នាំ​ឆ្លងដែន​ខុសច្បាប់​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​មាន​ការលំបាក​ដែរ​ព្រោះថា​ក្រុម​មេខ្យល់​ទាំងនោះ​ភាគច្រើន​តែង​លួច​នាំ​ពលករ​ឆ្លងដែន​នៅពេល​យប់​។ ហេតុដូច្នេះ​សមត្ថកិច្ច​ត្រូវ​ដើរល្បាត​ជាប្រចាំ​ទាំងយប់​ទាំងថ្ងៃ ប្តូរ​វេន​គ្នា​ហើយ​សមត្ថកិច្ច​ក៏តែងតែ​ចាប់បាន​មេខ្យល់​ និង​ជួយសង្គ្រោះ​ពលករ​ជា​ញឹកញាប់​ដែរ​។

លោក​ថ្លែងថា​៖ «​ការងារ​ចាប់​មេខ្យល់​នេះ​យើង​មាន​ការលំបាក​ព្រោះ​យើង​មិនមែន​ចាប់​ពួកគេ​ហើយ​បញ្ជូន​ទៅ​តុលាការ​តែម្តង​ទេ​គឺ​ត្រូវឱ្យ​គ្រូពេទ្យ​យក​សំណាក​ពួកគេ​ពិនិត្យ​រក​មេរោគ​កូវីដ​សិន​។ បើ​ពិនិត្យ​ទៅ​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​គឺ​ត្រូវយក​ជនសង្ស័យ ទៅ​ព្យាបាល​សិន តែបើ​ពិនិត្យ​ទៅ​ឃើញថា គ្មាន​វិជ្ជមាន​កូវីដ​ទេ​ទើប​យើង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​»​។

លោក​រំឭក​ប្រាប់ថា កាលពី​យប់​ថ្ងៃទី​ ២២ ឧសភា​​ កម្លាំងសមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បានដាក់​កម្លាំង​ល្បាត​តាម​គោលដៅ​នៅ​តំបន់​ដែល​មេខ្យល់​ធ្លាប់​នាំ​ពលករ​ឆ្លងកាត់​។

ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​ដើរល្បាត​នៅ​ចំណុច​ភូមិ​ព្រៃគប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ក៏​ឃើញ​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៧ ​នាក់ ​ដែល​ម្នាក់ៗ​មាន​សាក់​កាដូ​រៀងៗ​ខ្លួន​ផង​។

ដោយ​មាន​ការសង្ស័យ​សមត្ថកិច្ច​បាន​ហៅ​ពួកគេ​សាកសួរ​តែ​ភ្លាមៗ​នោះ មេខ្យល់​ម្នាក់​បាន​រត់គេចខ្លួន​ ខណៈ​ដែល​មេខ្យល់​ ២ ​នាក់ ​ត្រូវ​ចាប់ខ្លួន និង​ជួយសង្គ្រោះ​បាន​ពលករ​ចំនួន​ ៤ ​នាក់ និង​ស្រី​ម្នាក់​។ ​រហូតដល់​ថ្ងៃទី​ ២៥ ឧសភា អាវុធហត្ថ​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​៕