កណ្ដាលៈ សាលាដំបូង​ខេត្តកណ្តាល​បាន​ចោទ​ប្រកាន់ និង​បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត កាល​ពី​ថ្ងៃ​ទី ១៨ មករា បន្ទាប់​ពី​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​បាន​នៅ​ខេត្ត​កំពង់ធំ​កាល​ពី​ថ្ងៃ ១៧ មករា ពាក់ព័ន្ធ​ករណី​រឹត​ក​សម្លាប់​ស្ត្រី​ចង​ការ​ប្រាក់​ម្នាក់​កាល​ពី​ថ្ងៃ​ទី ១៤ មករា នៅ​ភូមិ​បឹង ឃុំ​រកា​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល។

លោក សូ សារិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ស្ត្រី​ឈ្មោះ សុខ ចាន់ថា អាយុ ៣៦ ឆ្នាំ​ដែល​បាន​សម្លាប់​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ឈុន ទូ អាយុ ៥៦ ឆ្នាំ ជា​អ្នក​រក​ស៊ី​ចង​ការ​ប្រាក់​ត្រូវ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្តាល​ចោទ​ប្រកាន់​ហើយ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មករា។

លោក​បញ្ជាក់ថា៖ «ស្ត្រី​ជា​ជនដៃដល់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ លោកស្រី ពេជ្រ ម៉ារ៉ែន ចោទ​ប្រកាន់ និង​ឃុំខ្លួន​បណ្តោះ​អាសន្ន​ហើយ​នៅ​ពន្ធនាគារ​ខេត្ត។ ស្ត្រី​ម្នាក់​នេះ​ត្រូវ​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​តាម​បញ្ញត្តិ មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ»។

យោងតាម​ប​ញ្ញ​តិ្ត​មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ប្រសិន​បើ​តុលាការ​រក​ឃើញ​មាន​កំហុស​មែន​នោះ ស្ត្រី​ត្រូវ​ចោទ​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់ ១ ជីវិត។

ពាក់ព័ន្ធ​នឹង​ការ​តាម​ចាប់ខ្លួន​ស្ត្រីត្រូវ​ចោទ​នេះ លោក រឿន ណារ៉ា ស្នង​ការ​រង​នគរបាល​ខេត្ត​កណ្តាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឃាតកម្ម​រួច ស្ត្រី​ត្រូវ​ចោទ បាន​រត់​គេច​ខ្លួន​ទៅ​ខេត្ត​កំពង់ស្ពឺ រួច​បន្ត​ទៅ​ខេត្ត​តាកែវ ហើយ​ចុង​ក្រោយ​ទៅ​លាក់​ខ្លួន​នៅ​ខេត្ត​កំពង់ធំ។ ក្នុង​ពេល​គេច​ខ្លួន​នោះ​ស្ត្រី​ត្រូវ​ចោទ​បាន​នាំ​ប្តី និង​កូន ៣ នាក់ រត់​ទៅ​តាម​ខ្លួន​ដែរ តែ​ករណី​នេះ​បុរស​ជា​ប្តី​មិន​ជាប់​ពាក់ព័ន្ធ​ទេ។

លោក​បាន​បញ្ជាក់ថា៖ «ស្ត្រី​ត្រូវ​ចោទបន្ទាប់ពី​សម្លាប់​ស្ត្រី​រងគ្រោះ​រួច​បាន​ប្រាប់​ប្តី​ថា ទៅ​លេង​បង​ប្អូន ហើយ​ប្តី​និង​កូន​ក៏​ទៅ​តាម ប៉ុន្តែ​ក្រោយ​មក​ទើប​ប្រាប់​ប្តី។ ដូច្នេះ​ក្រោយ​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ទៅ​ឃើញ​ថា​ប្តី​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ទេ»។

លោក​ប្រាប់ថា ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​ប្រាក់​ដុល្លារ​ចំនួន ៦៣២ ដុល្លារ​រួម​នឹង​ខ្សែក​ខ្សែដៃ​របស់​ស្ត្រី​រង​គ្រោះ​មក​វិញ​ហើយ។

បើតាម លោក រឿន ណា​រ៉ា ស្ត្រីត្រូវ​ចោទ បាន​សារភាពថា មូល​ហេតុ​ដែល​ខ្លួន​ធ្វើ​បែប​នេះ​លើ​ជន​រង​គ្រោះ​ដោយសារ​គាត់​ជំពាក់​បំណុល​គេ​ក្នុង​ភូមិ​ច្រើន និង​ធនាគារ​ទៀត។ ដោយ​សារ​តែ​ម្ចាស់​បំណុល​ចោម​រោម​ទារ​លុយ​ច្រើន​ពេក គាត់​ក៏​គិត​គម្រោង​ថា ធ្វើ​យ៉ាង​ណា​រក​ប្រាក់​យក​មក​ដោះស្រាយ​បំណុល​នេះ​ហើយ​បាន​រៀបចំ​ខ្សែ​អង្រឹង ត្រៀម​ទុក​ក្នុង​ហោប៉ៅ​ខោ​រួច​រក​ឱកាស​សម្លាប់​ជន​រង​គ្រោះ​យក​លុយ​តែ​ម្តង។

លោក​បន្តថា បន្ទាប់មក ស្ត្រី​ត្រូវចោទ​បាន​ជិះ​ម៉ូតូ ទៅផ្ទះ​ស្ត្រី​រងគ្រោះ​នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​គោះទ្វារ ហៅ​ស្ត្រី​រង​គ្រោះ​រួច​ចូល​ទៅ​អង្គុយ​មើល​ទូរទស្សន៍​ក្នុង​ផ្ទះ​ជន​រង​គ្រោះ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​នាំ​ខ្លួន​ចូល​មើល​កម្រាល​ពូក​ថ្មី នៅ​ក្នុង​បន្ទប់។ ពេល​មាន​ឱកាស​ស្ត្រី​ត្រូវ​ចោទ​ក៏បាន​យក​ខ្សែ​អង្រឹង​រឹត​ក​ហើយ ប្រវាយ​ប្រតប់​គ្នា ហើយ​ជន​រង​គ្រោះ​ដណ្ដើម​បាន​ខ្សែ​អង្រឹង​ហើយ​រឹត​ក​ស្ត្រី​ត្រូវ​ចោទ​វិញ តែ​ត្រូវ​ស្ត្រី​ដៃដល់​ច្របាច់​ក និង​រឹត​ក​បន្ថែម​រហូត​ជន​រង​គ្រោះ​ស្លាប់។

លោក​បន្ត​តាម​សម្តី​សារភាព​របស់ស្ត្រី​ត្រូវ​ចោទថា ក្រោយ​សម្លាប់​រួច ខ្លួន​បាន​យក​ខ្សែដៃ ១ ខ្សែ​និង​ខ្សែក​ប្លាទីន ១ ខ្សែ របស់​ជន​រង​គ្រោះ ហើយ​ដើរ​មក​ទាញ​ថតទូ​ជ័រ​បើក​ឃើញ​កូន​កាបូប ដាក់​លុយ នៅ​ក្រោម​ខោអាវ ក៏​ដក​យក​លុយ​ដុល្លារ​ក្រដាស ១០០ និង​ក្រដាស ៥០ ក្រដាស ២០ ខ្លះ រួម​ទាំង​លុយ​ខ្មែរ​ផង​ហើយ​គេច​ខ្លួន៕