មណ្ឌលគិរី: ជនសង្ស័យ​ ១៣ ​នាក់ ​ត្រូវបាន​មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន​ឃាត់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​សាលា​ដំបូង​ខេត្តមណ្ឌលគិរី និង​មាន​ការឃុំខ្លួន​​ជា​បន្តបន្ទាប់​កាលពី​ខែមេសា ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ ៤ ​ទីតាំង​នៅក្នុង​ខេត្ត​នេះ ខណៈ​មន្ត្រី​អះអាង​ថា តំបន់​ទាំងនេះ​កំពុង​ប្រឈម​នឹង​សកម្មភាព​វាតយក​ដី និង​ទិញ​លក់​ខុសច្បាប់​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​កាលពី​ថ្ងៃ​ ០២ ឧសភា​ថា​កាលពី​ខែ​មេសា​មាន​មេខ្លោង និង​ជនល្មើស​ ១៣ ​នាក់ ​ត្រូវ​បាន​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចោទប្រកាន់ និង​ឃុំខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ជាច្រើន​ហិកតា​​យក​ធ្វើជា​កម្មសិទ្ធិ​នៅ​ស្រុក​កោះញែក​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ដែនជម្រក​សត្វព្រៃ​ស្រែពក ដែន​ជម្រក​សត្វព្រៃ​ណាមលៀរ និង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

លោក​បន្តថា ជនល្មើស​ទាំង​ ១៣ ​នាក់​នោះ​​ ត្រូវបាន​សាលាដំបូង​ខេត្តមណ្ឌលគិរី អនុវត្ត​វិធានការ​ច្បាប់​ដោយ​ចោទប្រកាន់​តាម​បញ្ញត្តិ​មាត្រា​ ៥៦,៦០ និង​ ៦២ ដែលជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៤ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​។

លោក​បន្ថែមថា ក្រុម​ជនល្មើស​ទាំងនេះ​បាន​ប្រើ​ល្បិចកល​ផ្សេងៗ​គ្នា​ក្នុង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ខុសច្បាប់​នៅ​តំបន់​ការពារ​ធម្មជាតិ ដើម្បី​បន្លំ​ថា ក្រុម​ខ្លួន​បាន​រស់នៅ និង​អាស្រ័យផល​លើដី​នោះ​ជា​យូរ​ឆ្នាំ​មកហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ ឬ​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​ការពារធម្មជាតិ​បាន​ឡើយ​។ ក្រសួងបរិស្ថាន​សូម​ស្នើសុំ​បងប្អូន​ពលរដ្ឋ​ដែល​មិន​បាន​យល់ដឹង​ច្បាស់​ពី​ច្បាប់​សូម​ឈប់​ចាញ់បោក​​ជនខិលខូច​បន្តទៀត និង​សូម​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ខុសច្បាប់​ជាអាទិ៍​ការឈូសឆាយ​កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន​ដីព្រៃ ការសាងសង់​ខ្ទម​ ឬ​រោង​ការដាំដុះ​ដំណាំ និង​ការ​អាស្រ័យ​លើដី​របស់​រដ្ឋ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​»​។

លោក​បាន​បន្ថែមថា​៖ «​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការទិញ​លក់​ដី​រដ្ឋ​...​ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង និង​ប្រគល់​ទីតាំង​ដី​ទាំងនោះ​ដោយ​ឥត​លក្ខខណ្ឌ​មក​ជូន​ក្រសួង​បរិស្ថាន​គ្រប់គ្រង​វិញ បើ​ពុំ​នោះទេ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​»​។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​ការឃាត់ខ្លួន​ជនល្មើស​ទាំង​ ១៣ ​នាក់​នេះ​។ ​ប៉ុន្តែ​លោក​ថា គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ក្នុង​ការការពារ​ព្រៃឈើ​ក្នុង​តំបន់​ទាំង​ ៤ ​នេះ​​បានទេ ព្រោះ​តំបន់​នោះ​កំពុង​ត្រូវបាន​ជនល្មើស និង​អ្នកមាន​អំណាច​មួយចំនួន​ឈូស​ព័ទ្ធរបង​យក​ស្ទើរ​រាល់ថ្ងៃ​។

លោក​ថា​៖ «​កន្លងមក​ពួកគាត់​ជា​អ្នកសម្របសម្រួល​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​អ្នកណា​មាន​លុយ​ឲ្យ​ទៅ​មន្ត្រី​គឺ​មន្ត្រី​ធ្វើជា​មើលមិនឃើញ​បទល្មើស ពេល​ពលរដ្ឋ​សួរ​ទៅ​ឆ្លើយថា​មិនដឹង​រឿង​។ ចំពោះ​ពលរដ្ឋ​ក្រក្រី​គាត់​បង្ក្រាប​ភ្លាមៗ​បញ្ជូនទៅ​តុលាការ​លឿនៗ​តែម្ដង ប៉ុន្ដែ​បើ​អ្នកមាន​លុយ គ្មាន​បញ្ជូន​ទៅ​តុលាការ​ទេ​ត្រឹម​ចុះកិច្ចសន្យា​ទេ​។ ​លើសពី​នេះ​បើ​ពលរដ្ឋ​រាយការណ៍​ពី​បទល្មើស​គឺ​មន្ត្រី​ងាក​មកប្ដឹង​អ្នករាយការណ៍​វិញ​ដោយ​ថា​ជា​ព័ត៌មាន​មិន​ពិត​ ឬ​បំភ្លៃ​ព័ត៌មាន​ខុសពី​ការពិត​ជាដើម​»​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​ថ្លែង​ពីថ្ងៃ​ម្សិលមិញ​ថា លោក​គាំទ្រ​ចំណាត់ការ​របស់​ក្រសួងបរិស្ថាន​នេះ ប៉ុន្ដែ​លោក​ជំរុញ​អនុវត្ត​ច្បាប់​មាន​តម្លាភាព និង​យុត្តិធម៌​ស្មើៗ​គ្នា​។

លោក​ថា​៖ «​បទល្មើស​ព្រៃឈើ​គឺជា​បទល្មើស​ជាក់ស្ដែង បើទោះបី​កន្លងផុត​រយៈពេល​ ១៥ ​ឆ្នាំ​ក៏ដោយ ក៏​អាច​សើរើ​មក​ដាក់​ទោសទណ្ឌ​បានដែរ​។

នៅ​ខេត្តមណ្ឌលគិរី​មាន​អ្នកមាន​អំណាច និង​អ្នកមាន​លុយ​ជាច្រើន​ពាក់ព័ន្ធ​ការកាប់​ទន្ទ្រាន​ដីព្រៃ ដូច្នេះ​សមត្ថកិច្ច​គួរ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​ដូចនឹង​អ្នក​គ្មាន​លុយ​ដែរ​»​។

បើ​តាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ​ក្រសួងបរិស្ថាន​មាន​មន្ត្រី​ឧទ្យានុរក្ស​ ១២៦០ ​នាក់​ដែល​មាន​តួនាទី​ជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​ជា​ឆ្មាំ​ការពារ​ធម្មជាតិ​នៅលើ​ផ្ទៃដី​អភិរក្ស​សរុប​ជាង​ ៧,២ ​លាន​ហិកតា ដោយ​ពួកគាត់​នឹង​បង្កើន​សកម្មភាព​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​ក៏ដូចជា​​ការបរបាញ់​សត្វព្រៃ​ជាពិសេស​សកម្មភាព​ការកាប់​ឆ្ការ និង​រុករាន​ដីព្រៃ​ខុសច្បាប់ និង​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​ផ្សេងៗ​​ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​៕