The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​​ករណី​ហិង្សា​នៅ​ប៉ោយប៉ែត




តុលាការ​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​​ករណី​ហិង្សា​នៅ​ប៉ោយប៉ែត

កម្មករ​អូស​រទេះ​ទៅ​ប៉ោយប៉ែត​ធ្វើការ​តវ៉ា​ទាមទារ​នា​ពេល​កន្លងមក​។
កម្មករ​អូស​រទេះ​ទៅ​ប៉ោយប៉ែត​ធ្វើការ​តវ៉ា​ទាមទារ​នា​ពេល​កន្លងមក​។ រូបថត សហការី

តុលាការ​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​​ករណី​ហិង្សា​នៅ​ប៉ោយប៉ែត

បន្ទាយមានជ័យៈ សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ចាប់ផ្តើម​បើក​ការ​ស៊ើបសួរ​ករណី​បង្ក​ការ​ខូចខាត​​អគារ​គយ​ និង​រដ្ឋាករ​នៅ​ក្រុង​ប៉ោយប៉ែត​ដោយ​កោះ​ហៅ​​កម្មករ​អូស​រទេះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ២០​ ខែ​កក្កដា ទាក់ទិន​នឹង​រឿង​បាតុកម្ម​ហិង្សា​​កាលពី​ថ្ងៃ ២៥ ឧសភា​កន្លង​ទៅ​។

ដីកា​កោះ​ចុះ​ថ្ងៃ​ទី​ ១ កក្កដា របស់​លោក ឯក ប៉ូលីហ្វីល ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រគល់​ដល់​ដៃ​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​​ថ្ងៃ​ទី​ ៣ កក្កដា មាន​ស្ត្រី​ឈ្មោះ វ៉ាន ស្រីមុំ កើត​ឆ្នាំ​ ១៩៨៨ និង​ប្តី​ឈ្មោះ ម៉ៅ សុន កើត​ឆ្នាំ ១៩៨០ មុខរបរ​ជា​កម្មករ​ឲ្យ​ចូល​ទៅកាន់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​ ២០ កក្កដា វេលា​ម៉ោង​ ១០ និង​ ៣០ នាទី។

ចៅក្រម​ប៉ូលីហ្វីល​សរសេរ​ថា​ការ​កោះ​ហៅ​នេះ គឺ «ដើម្បី​សាកសួរ​បំភ្លឺ​ពី​ករណី​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​កាលពី​ថ្ងៃ ២៥ ឧសភា នៅ​ភូមិ​ក្បាល​ស្ពាន​ ១ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត»។

«សាមី​ខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកា​កោះ​នេះ​ឲ្យ​ទាន់​ពេលវេលា​ និង​​យក​លិខិត​ផ្សេងៗ​ទាក់ទង​នឹង​រឿង​​ខាង​លើ​មក​ជាមួយ​ផង ប្រសិន​បើ​មាន»។

អ្នកស្រី វ៉ាន ស្រីមុំ ឲ្យ​ដឹង​ថា​មិន​​ដឹង​ថា​ហេតុអ្វី​បានជា​ដីកា​កោះ​ហៅ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ទេ ហើយ​​ថា​គាត់ និង​ប្តី​ត្រូវ​តែ​ទៅ​ព្រោះ​ជា​ដីកា​កោះ​ពី​តុលាការ​តែ​ពិបាក​ចិត្ត​ចំពោះ​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​តុលាការ ព្រោះ​ខ្លួន​ជា​អ្នក​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច។

អ្នកស្រី​ថ្លែង​ថា ៖ «ខ្ញុំ​នឹង​ប្រាប់​តុលាការ​ថា​ថ្ងៃ​នោះ​ខ្ញុំ​ និង​ប្តី​ដែល​​មាន​បី​កូន​តូច​គ្រាន់តែ​ឈរ​មើល​បាតុកម្ម​។ បាន​មួយ​ស្របក់​ពេល​មាន​រឿង​ក៏​ឲ្យ​ប្តី​យក​រទេះ​ចេញ​ក៏​ប៉េអឹម​មក​ក្របួច​អាវ​គាត់​វ៉ៃ​អូស​ប្តី​ខ្ញុំ​ដាក់​ខ្នោះ​អុក​យកៗ​ទាល់​តែ​សន្លប់​ទៅ​មន្ទីរពេទ្យ​។ ខ្ញុំ​មិន​បាន​ដឹង​រឿង​បង្ក​ហិង្សា​ដាក់​អគារ​គយ​នោះ​ទេ»។

ការ​ប៉ះទង្គិច​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​សមត្ថកិច្ច​ចម្រុះ​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​ដែល​នាំ​ឲ្យ​កម្មករ​បី​នាក់ និង​សន្តិសុខ​ម្នាក់​រងរបួស​ធ្ងន់​ស្រាល​ និង​ខូច​រថយន្ត​ ៨ គ្រឿង​​របស់​​មន្ត្រី​គយ និង​បែកបាក់​ទ្វារ​របង និង​ទ្វារ​បង្អួច​កញ្ចក់​នៃ​អគារ​ទីស្នាក់ការ​គយ​នោះ​បាន​កើតឡើង​ដោយសារ​មាន​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ចចាមអារ៉ាម​ថា​កម្មករ​ម្នាក់​ឈ្មោះ ម៉ៅ សុន ហៅ​ស្រស់​ដែល​សមត្ថកិច្ច​នគរបាល​ និង​ប៉េអឹម​បាន​វាយ​ឲ្យ​រងរបួស​ និង​ចាប់​ដាក់​ខ្នោះ​នោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។

មន្ត្រី​ខេត្ត​បាន​ប៉ាន់​ប្រមាណ​ថា​ការ​ខូចខាត​ទាំង​នេះ បើ​គិត​ជា​ទឹកប្រាក់​គឺ​ខាតបង់​ប្រាក់​ចំណូល​ពន្ធ​ប្រមាណ ១៥០០ លាន​រៀល​។

លោក ចៅ វាសនា ជំទប់​ទី ២ សង្កាត់​ប៉ោយប៉ែត​មកពី​គណបក្ស​សមរង្ស៊ី​ និង លោក ឌិន ពុទ្ធី ប្រធាន​​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​គូកន​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​សាលា​ក្រុង​ប៉ោយប៉ែត​ចោទ​ថា​បាន​ដឹកនាំ​កម្មករ​អូសរទេះ​ជាង ១០០ ​នាក់​ធ្វើការ​តវ៉ា និង​បំផុស​ការ​ញុះញង់​បង្ក​ហិង្សា​។

លោក ចៅ វាសនា ថ្លែង​ថា​មក​ទល់​ពេល​នេះ​មិន​មាន​ដីកា​​កោះ​ពី​តុលាការ​ឲ្យ​លោក​ទៅ​បំភ្លឺ​អ្វី​ឡើយ​។ លោក​ថា ៖ «ទោះ​យ៉ាងណា​បើ​មាន​ដីកា​ខ្ញុំ​នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​ហើយ​ខ្ញុំ​នឹង​ប្រាប់​ថា ប៉េអឹម ជា​អ្នក​បង្ក​ហិង្សា​មុន​គេ​ដោយ​វាយ​កម្មករ​ឲ្យ​របួស​ដល់​ប្រេះ​ថ្លើម»។

លោក​ចៅក្រម ឯក ប៉ូលីហ្វីល មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា បាន​ថ្លែង​ថា ការ​កោះ​ហៅ​ពីរ​នាក់​ប្តី​ប្រពន្ធ​គឺជា​ការ​កោះ​ហៅ​ក្នុង​នាម ​«សាក្សី​» ​​​ប៉ុណ្ណោះ​ដើម្បី​ឈាន​ទៅ​​ធ្វើការ​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ​ការ​ធ្វើឲ្យ​ខូចខាត​សម្បត្តិ​រដ្ឋ​ដែល​មាន​ក្នុង​របាយការណ៍​សាលា​ក្រុង​ប៉ោយប៉ែត​។

លោក​ថា៖ «នេះ​ជា​ការ​ចាប់ផ្តើម​ហៅ​សាក្សី​ដើម្បី​ឈាន​​ទៅ​រក​អ្នក​ទទួល​ខុសត្រូវ។ មុខ​សញ្ញា​របស់​គេ គឺ​អាច​នឹង​ចោទប្រកាន់​លោក ឌិន ពុទ្ធី និង​មន្ត្រី​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​»៕

អត្ថបទគួរចាប់អារម្មណ៍