ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចបង្កកទ្រព្យសម្បត្ដិរបស់បុគ្គល និងអង្គភាពដែលមានជាប់ឈ្មោះនៅក្នុងបញ្ជីនៃសេចក្ដីសម្រេចដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្រោយពីទទួលបានសំណើពីក្រសួងយុត្ដិធម៌។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ៤ ខែវិច្ឆិកាថា ដីកាសម្រេចបង្កកទ្រព្យសម្បត្ដិរបស់សាលាដំបូងរាជធានីភ្នំពេញនេះ គឺជាការអនុវត្ដនីតិវិធីតុលាការដោយផ្អែកទៅលើច្បាប់ថ្មីដែលរដ្ឋសភាកម្ពុជាទើបតែអនុម័តគឺច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យកាលពីពេលថ្មីៗនេះ។
លោកថ្លែងថា៖ «នៅក្នុងការសម្រេចចិត្ដរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិគឺតម្រូវឱ្យកម្ពុជាត្រូវតែធ្វើការបង្កកនូវទ្រព្យសម្បត្ដិរបស់បុគ្គល និងអង្គភាពទាំងឡាយណាដែលមានជាប់ឈ្មោះក្នុងបញ្ជីនៃសេចក្ដីសម្រេចចិត្ដដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ»។
លោក ម៉ាលីន បញ្ជាក់ថា៖ «ដោយផ្អែកទៅតាមច្បាប់ថ្មីស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ ក្រសួងយុត្ដិធម៌បានជូនដំណឹងទៅតុលាការអំពីបញ្ជីឈ្មោះបុគ្គល និងអង្គភាពដែលជាប់ទណ្ឌកម្មនៅក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តុលាការកម្ពុជា គឺបំពេញកិច្ចដោយចេញដីកាបង្កកទ្រព្យសម្បត្ដិ»។
បើតាមលោក ម៉ាលីន នៅក្នុងប្រទេសកម្ពុជាគឺមានទ្រព្យសម្បត្ដិដែលត្រូវបង្កកគឺមានទាំងថវិកា ចលនទ្រព្យ និងអចលនទ្រព្យផ្សេងៗទៀត។ ទោះយ៉ាងណាលោក ម៉ាលីន បដិសេធប្រាប់ពីឈ្មោះរបស់បុគ្គល និងអង្គភាពដែលត្រូវបានបង្កកទ្រព្យសម្បត្តិទាំងនោះ។
យោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី ២ ខែវិច្ឆិកាបានបញ្ជាក់ថា ដោយតុលាការទទួលបានលិខិតលេខ ១៥៥៩ ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ របស់ក្រសួងយុត្ដិធម៌ ដែលមានភ្ជាប់ជាមួយនូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានចំនួន ១១។ តុលាការបានពិនិត្យឃើញថា មានសេចក្ដីសម្រេចចំនួន ៩ បានដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ហេតុនេះគប្បីតុលាការត្រូវចេញដីកាសម្រេចតាមសំណើ។
ក្រៅពីនេះមានសេចក្ដីសម្រេចចំនួន ២ ផ្សេងទៀតក៏បានដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ផងដែរ ហេតុដូចនេះតុលាការចេញដីកាសម្រេចតាមសំណើ។
តុលាការបានសម្រេចបង្កកទ្រព្យសម្បត្ដិ ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជីនៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងតាមសេចក្ដីសម្រេចជាបន្តបន្ទាប់ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង និង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដោយអនុវត្ដតាមបញ្ញត្ដិនៃមាត្រា ៤ នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយហាមឃាត់ ការលក់ ផ្គត់ផ្គង់ ភតិសន្យា ការផ្ទេរ ការបំប្លែង ការធ្វើមត៌កឬអនុប្បទាន ការចល័ត ឬការប្រើប្រាស់ចំពោះទ្រព្យសម្បត្តិទាំងអស់។
នៅក្នុងចំណុចចុងក្រោយនៃដីការបស់តុលាការបានគូសបញ្ជាក់ថា៖ «ក្រសួងស្ថាប័នត្រួតពិនិត្យត្រូវតាមដានបុគ្គលរាយការណ៍ស្ថិតក្រោមការត្រួតពិនិត្យរបស់ខ្លួនដើម្បីធានាការអនុវត្តដីកាសម្រេចនេះយោងតាមបញ្ញត្តិមាត្រា ១៦ នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»។
ទោះយ៉ាងណាដីការបស់តុលាការមិនបានបញ្ជាក់ឱ្យដឹងពីឈ្មោះរបស់បុគ្គល និងអង្គភាពដែលត្រូវបានបង្កកទ្រព្យសម្បត្តិទាំងនោះទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងសុំការបញ្ជាក់លើបញ្ហានេះបានទេកាលពីម្សិលមិញ៕