The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក សម រង្ស៊ី ​និង​អតីត​សមាជិក​នៃ​អតីត​ CNRP ៨ ​រូប​ចូលខ្លួន​ ដើម្បី​សួរនាំ​រឿង​ឧបឃាត




តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក សម រង្ស៊ី ​និង​អតីត​សមាជិក​នៃ​អតីត​ CNRP ៨ ​រូប​ចូលខ្លួន​ ដើម្បី​សួរនាំ​រឿង​ឧបឃាត

Content image - Phnom Penh Post
ដីកា​បង្គាប់​ឱ្យ​លោក​ សម រង្ស៊ី និង​អតីត​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ៨ ​នាក់​ទៀត​ចូលខ្លួន​មក​បំភ្លឺ​តុលាការ​។ រូបថត រស្មីកម្ពុជា

តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក សម រង្ស៊ី ​និង​អតីត​សមាជិក​នៃ​អតីត​ CNRP ៨ ​រូប​ចូលខ្លួន​ ដើម្បី​សួរនាំ​រឿង​ឧបឃាត

ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ដោយ​បង្គាប់​ឱ្យ​លោក សម រង្ស៊ី និង​អតីតមន្ត្រី​ ៨ ​រូប​ទៀត​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ (CNRP) ឱ្យចូល​ខ្លួន​ដើម្បី​សួរនាំ​នៅ​ថ្ងៃទី​ ១១ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឧបឃាត ខណៈ​អ្នកនាំពាក្យ​តុលាការ​អះអាង​ថា ដីកា​នោះ​ជា​ការជូន​ដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យដឹង​ជាមុន​។

តាម​ដីកាកោះ​ឱ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញារង លោក សេង ហៀង ដែល​ ភ្នំពេញ ប៉ុស្តិ៍​ ទទួល​បាន​កាលពី​ម្សិលមិញ ព្រះរាជអាជ្ញារង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​បង្គាប់​ឱ្យ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក​ ហូរ វ៉ាន់ លោក ​ឡុង រី លោក​ ម៉ែន សុថាវរិន្ទ្រ លោកស្រី ជូឡុង សូមូរ៉ា និង​លោក​ នុត រំដួល ចូល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១១ ខែ​ វិច្ឆិកា ឆ្នាំ​ ២០២០ វេលា​ម៉ោង​ ៨ ​ព្រឹក​ជា​កំហិត ​ដើម្បី​ឆ្លើយ​ដោះសា​ការចោទប្រកាន់​ពី​បទឧបឃាត​ប្រព្រឹត្ត​នៅក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ ២០១៩​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពិតជា​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក​ សម រង្ស៊ី និង​អតីតមន្ត្រី​របស់គាត់​ ៨ ​រូប​ទៀត​ឱ្យចូល​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១១ ខែ វិច្ឆិកា ឆ្នាំ​ ២០២០​។ ដីកា​នោះ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​ទៅ​បិទ​នៅ​អតីត​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​។

Content image - Phnom Penh Post
លោក សម រង្ស៊ី និង​អតីត​សមាជិក​នៃ​អតីត​ CNRP ​ថត​រួមគ្នា​។ រូប ហ្វេសប៊ុក

លោក​បន្តថា ការចេញ​ដីកា​នេះ​គឺ​ដើម្បី​ជូន​ដំណឹង​ទៅដល់​ភាគី​ពាក់ព័ន្ធ​បានដឹង​ប៉ុន្តែ​បើ​ការចូល​ខ្លួន​ ឬ​មិន​ចូល​បង្ហាញខ្លួន​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ​នោះ​។

លោក​ថ្លែងថា​៖ «​ការចេញ​ដីកា​ឱ្យចូល​ខ្លួន​នេះ​បានន័យថា​អញ្ជើញ​ពួកគាត់​ឱ្យចូល​សវនាការ​ជំនុំជម្រះ​។ ដីកា​នោះ​ជា​ការជូន​ដំណឹង​តែ​ចូល​មិន​ចូល​យើង​មិនដឹង​ទេ​។ ពួកគាត់​ត្រូវ​ចោទ​ពី​បទ​ឧបឃាត​តាម​មាត្រា ៤៥១ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

បទឧបឃាត​តាម​បញ្ញត្តិ​មាត្រា​ ៤៥១ ​នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា​ឧបឃាត​គឺជា​ការប្រព្រឹត្ត​អំពើ​ហិង្សា​មួយ​ ឬ​ច្រើន​ក្នុង​គោលបំណង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឬ​នាំឱ្យ​មាន​ការប៉ះពាល់​ដល់​បូរណភាព​នៃ​ដែនដី​ជាតិ​។ យោង​បទ​ចោទ​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​ថា អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ៩ ​រូប​ ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥ ​ទៅ​ ៣០ ​ឆ្នាំ​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​អ្នក​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ដីកា​របស់​តុលាការ​នោះទេ ដោយ​អ្នក​ទាំងនោះ​កំពុងស្ថិត​នៅក្រៅ​ប្រទេស​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍