ភ្នំពេញៈ សាលា​ដំបូង​រាជ​​ធានី​ភ្នំ​ពេញ​​ បាន​ចេញ​ដីកា​បង្គាប់​​ឲ្យ​ចាប់​ខ្លួន​​​​​​មេ​ដឹក​នាំ​ជាន់ខ្ពស់​ ៨ ​នាក់​​​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​​ពី​បទ​ «រួម​គំនិត​ក្បត់ និង​ញុះ​ញង់​​ឲ្យ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​» ​ខណៈ​ដែល​ពេល​នេះ​ពួក​គេ​កំពុង​​ភៀស​ខ្លួន​នៅ​បរទេស។

​យោង​តាម​ដីកា​​របស់​តុលា​​ការ​​​ចុះ​ថ្ងៃ​ទី​​ ១២ ខែ ​មីនា ​​ឆ្នាំ ២០១៩ ដែល​ត្រូវ​បាន​​​ផ្សព្វ​ផ្សាយ​ជា​សាធា​រណៈ​​​កាល​ពី​ម្សិល​មិញ​ ​ចៅ​ក្រម​​ស៊ើប​សួរ​ លោក កូយ ​សៅ ​បាន​បង្គាប់​ឲ្យ​អាជ្ញា​ធរ​​ចាប់​ខ្លួន​​ប្រធាន​ស្តី​ទី​​អតី​ត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ​អនុ​ប្រធាន លោក​ស្រី មូរ សុខ​ហួរ ​និង​ លោក អេង ឆៃ​អ៊ាង ​អតី​ត​តំណាង​រាស្រ្ត​ លោក ឡុង រី ​​លោក ម៉ែន សុថាវរិន្ទ ​លោក អ៊ូ ចាន់​ឫទ្ធិ លោក​ តុ វ៉ាន់​ចាន់ និង​លោក ហូរ វ៉ាន់ ខណៈ​ពួកគេ​ទាំង​អស់គ្នា​​ កំពុង​រស់​នៅ​និរទេស។ ​

ដីកា​ ១ ​ក្នុង​ចំណោ​ម​​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ទាំង​នោះ ​​បាន​​សរសេរ​​ថា​៖ «​​ត្រូវ​​ចោទ​ប្រកាន់​​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះ​ញង់​​ឲ្យ​ប្រព្រឹត្ត​​​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​និង​ទី​កន្លែង​ផ្សេង​​ទៀត​ កាល​ពី​ថ្ងៃ​ទី​ ២០-២១-២២-២៥- ២៦ និង​ថ្ងៃទី​ ២៧ ខែ​មករា ឆ្នាំ ​២០១៩ ​តាម​​បញ្ញត្តិ​មាត្រា​​ ៤៥៣​ មាត្រា​ ៤៩៤​ និង​មាត្រា ៤៩៥​​ នៃ​ក្រម​ព្រហ្មទណ្ឌ»។ ​

ដីកា​ផ្សេង​​ទៀត​​មាន​ខ្លឹម​សារ​ដូច​គ្នា​​​សម្រាប់​អ្នក​ទាំង​៨នាក់​នោះ​។ ​ដីកា​សរសេរ​​ថា ​ជន​ត្រូវ​ចោទ​ទាំង​​​អស់​​​ពុំ​មាន​វត្តមាន​​នៅ​តាម​​ទី​លំ​នៅ​ក្នុង​មូល​ដ្ឋាន​​របស់​ខ្លួន ​​ក្នុង​ប្រទេស​ កម្ពុជា ​ទេ។

​ដីកា​​​តុលាការ​សរសេរ​​ថា​៖ «​ហេតុ​ដូច្នេះ​​ សម្រេច​​បង្គាប់​​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ ហូរ វ៉ាន់ ​ដែល​មាន​​អត្ត​សញ្ញាណ​​ដូច​ខាង​លើ​នេះ​។ បញ្ជា​​ដល់​កង​កម្លាំង​សាធារណៈ​ឲ្យ​ស្រាវ​ជ្រាវ​រក​ចាប់​ និង​នាំ​ខ្លួន​​ឈ្មោះ​ខាង​លើ​នេះ ​មក​ប្រគល់​ជូន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​​ដើម្បី​ ចាត់​ការ​​តាម​ច្បាប់»។​

​ទាំង​ចៅ​ក្រម​ស៊ើប​សួរ​​​លោក កូយ សៅ ​និង​លោក ខៀវ សុភ័​គ ​អ្នក​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ​ មិន​អាច​ទាក់ទង​សុំ​អត្ថា​ធិប្បា​យ​​បាន​ទេ​កាល​ពី​ម្សិលមិញ។

លោក ឆាយ គីម​ខឿន អ្នកនាំ​ពាក្យ​នគរ​បាល​ជាតិ​ ​បាន​ថ្លែង​ថា លោក​មាន​ព័ត៌​មាន​អំពី​មូល​ដ្ឋាន​​នៃ​ការ​ចោទ​ប្រកាន់​នេះ​ ​ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​​ អត្ថា​ធិប្បាយ​បាន​ទេ​​​ដោយថ្លែ​ង​ថា សំណុំ​រឿង​នេះ​បាន​ទៅ​​ដល់​តុលាការ​ហើយ។

​បន្ទាប់​ពី​មាន​ការ​ចេញ​ដីកា​បង្គាប់​​ឲ្យ​ចាប់​ខ្លួន​​នេះ​ ​លោក ឡុង រី និង​លោក អេង​ ឆៃ​អ៊ាង ​បាន​ថ្លែង​ថា ​ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ «​កាដូ​​» សម្រាប់​ពួក​​លោក​​​នៅ​ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។

លោក ហូរ វ៉ាន់ ​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​​របស់​លោក​ថា​៖ «​​តុលាការ​ចេញ​ដីកា​ឲ្យ​​ចាប់​ខ្លួន​​ថ្នាក់​ដឹក​នំា​បក្ស​​សង្គ្រោះ​​​ជាតិ​តើ​បង​ប្អូន​​ជន​រួម​ជាតិ​​យ​ល់​​យ៉ាង​ណា​ចំពោះ​ការ​ចេញ​ដីកា​នេះ?»។​

​លោក​ស្រី​ មូរ សុខ​ហួរ​ ​បាន​បដិសេធ​​ធ្វើ​អត្ថា​ធិប្បាយ​​​អំពី​អ្វី​ដែល​បាន​កើត​ឡើង​​នៅ​ថ្ងៃ​នោះ​។ លោក​ស្រី​បាន​ប្រាប់​ភ្នំ​ពេញប៉ុស្តិ៍​​កាល​ពី​ថ្ងៃ​​អាទិត្យ​ថា ​ពួកគេ​នឹង​​មិន​ចុះ​ចាញ់​ទេ។

លោក​ស្រី​ថ្លែង​ថា​៖ «នេះ​គ្មាន​អ្វី​លើស​ពី​ ការ​គំរាម​កំហែង​និង​ការ​បំភិតបំភ័យ​នោះ​ទេ​។ ​យើង​​ប្តេជ្ញា​​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​បេសក​កម្ម​​របស់​យើង​ដើម្បី​សង្គ្រោះ​​​មាតុ​​ភូមិ​ និង​ប្រជា​ជន​របស់​យើង​ពី​​របប​ផ្តាច់​ការ​​។ ​ប្រជា​ធិបតេយ្យ​ត្រូវ​តែ​ស្តារ​ឡើង​វិញ​។ ​ហ៊ុន សែន ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​សេដ្ឋ​កិច្ច​ និង​​​ទម្រង់​​ទណ្ឌ​កម្ម​ណា​មួយ​​ពី​សហភាព​អឺរ៉ុប​ អាមេរិក និង​ប្រទេស​ដទៃៗ​ទៀត»។

​អ្នក​ទាំង​ ៨ ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​គឺ​ជា​សមាជិក​​នៃ​គណៈ​កម្មា​​ធិការ​អចិន្រ្ដៃយ៍​​​អតី​ត​​​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ក្នុង​ចំណោម​​សមាជិក​​សរុប​ ២៤ ​នាក់​​។ ​​កាល​ពី​ថ្ងៃ​ទី​ ២១ ​មករា ពួក​គេ​បាន​ប្រារព្ធ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង Lowell រដ្ឋ​ Massachusetts សហរដ្ឋ​អាមេរិក ​ដើម្បី​រៀប​ចំ​ឲ្យ​មាន​ការ​វិល​​ត្រឡប់​មក​វិញ​​របស់​លោក សម រង្ស៊ី ​​រួម​ទាំង​ការ​រៃអង្គាស​ប្រាក់​​ដើម្បី​​សម្រាប់​ការ​វិលត្រឡប់​មក​វិញ​នេះ​ ​បង្កើត​បណ្តា​ញ​ស្វាគមន៍​លោក សម រង្ស៊ី ​​បង្កើន​ការ​ងារ​ការ​ទូត ​ផ្សព្វ​​ផ្សាយ​ព័ត៌​មាន​អំពី​បញ្ហា​ក្នុង​ប្រទេស​កម្ពុជា និង​ការ​សហការ​ជាមួយ​អ្នក​ប្រជា​ធិបតេយ្យ​ទាំង​អស់។

លោក អ៊ូ ចាន់​ឫទ្ធិ ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​​ថា៖ «​​ខ្ញុំ​ទើប​តែ​​បាន​ឃើញ​ដីកា​បង្គាប់​​ឲ្យ​ចាប់​ខ្លួន​​ដែល​ផ្ញើ​​មក​ខ្ញុំ​តាម​រយៈ messenger ។ ​ខ្ញុំ​មានការ​ភ្ញាក់​ផ្អើល​ដែល​ឃើញ​​​ខ្លឹម​សារ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ខ្ញុំ​​និង​សហការី​ ៧ នាក់​ដទៃ​ទៀត​របស់​ខ្ញុំ​​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ»។

​លោក​បាន​ថ្លែង​ថា ​កិច្ច​ប្រជុំ​​នៅ​ទីក្រុង​ Lowell ​កាល​ថ្ងៃទី​ ២១ ខែ​មករា ​គឺ​ជា​កិច្ច​ប្រជុំ​​លើក​ទី​មួយ​​ បន្ទាប់​ពី​លោក សម រង្ស៊ី ​ត្រូវ​បាន​ជ្រើស​រើស​​ ជា ​«​ប្រធាន​ស្តីទី​​» នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​បាន​ប្រាប់​ភ្នំ​ពេញ​​ថា​៖ «​ប៉ុន្តែ​បទ​រួម​គំនិត​ក្បត់ និង​ញុះ​ញង់​​ឲ្យ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ខ្ញុំ​មិន​ដឹង​អំពី​មូល​ហេតុ​នៃ​ការ​ចោទ​ប្រកាន់​នេះ​ទេ»។

យោង​តាម​ក្រម​ព្រហ្មទណ្ឌ​ បទ​ញុះ​ញង់​​ឲ្យ​ប្រព្រឹត្ត​​បទ​ឧក្រិ​ដ្ឋ​​ជា​អាទិ៍ អាច​ជាប់​ពន្ធនា​គារ​ពី​ ៦ ​ខែ​ទៅ​ ២ ​ឆ្នាំ ​ខណៈ​បទ​រួម​គំនិ​ត​​ក្បត់ អាច​ជាប់​ពន្ធនាគារ​ពី ​៥ ​ទៅ ១០ ឆ្នាំ៕