ភ្នំពេញៈ អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​បានសម្រេច​​ចោទ​ប្រកាន់​មន្ត្រី​​នគរបាល ៥ រូប​ ពី​បទ​សូក​ប៉ាន់​ ​ពាក់​ព័ន្ធ​នឹង​ករណី​ពុក​រលួយ ជួយ​អន្ត​រាគ​មន៍​ឲ្យ​មាន​ការ​ដោះ​លែង​ ​ជន​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត​ចំនួន​ ១៨ នាក់។​

លោក ​គុជ​ ​គឹម​ឡុង​ ​អ្នក​នាំ​ពាក្យ​ស្ថាប័ន​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​ថា ​ ​ជន​ជាប់​ចោទ​មាន​៖​ ឈ្មោះ ​សឿ ​ស៊ី​ថា​ ​អនុ​ប្រធាន​ ​នាយ​ក​​ដ្ឋាន​នៃ​អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​​, ឈ្មោះ ​រ័ត្ឋ ​ពិន​ ​មន្ត្រី​ការិ​យាល័យ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៃ​អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម, ឈ្មោះ ​វណ្ណ ​សុភាព​ ​មន្ត្រី​ការិ​យា​ល័យ​អនុ​វត្ត​នីតិ​វិធី​​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ពី​បទ​សូក​ប៉ាន់​ ​និង​បទ​រារាំង​ក្នុង​ការ​អនុ​វត្ត​ច្បាប់​ ខណៈ​ពេល​ដែល​ជន​ ​សង្ស័យ​ ២ នាក់​ផ្សេង​ទៀត​ ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​នេះ​បាន​និង​កំពុង​រត់​គេច​ខ្លួន។​

​មន្ដ្រី​នគរ​បាល​ទាំង​ ​៣ ​នាក់​នេះ ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ នៅ​ខេត្ត​កំពង់​ស្ពឺ នៅ​ពេល​ដែល​ពួក​គេ​ជួយ​ធ្វើ​អន្ត​រាគ​មន៍​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ជាតិ​ចិន​ ​១៨​ នាក់​ ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អីុន​ធឺ​ណិត​ដែល​ត្រូវ​បាន​ ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​បើក​ប្រតិ​បត្តិ​ការ​ឃាត់​​ខ្លួន​ខណៈ​ពេល​ ដែល​បាន​ពួន​សំងំលាក់​ខ្លួន​ធ្វើ​សកម្ម​ភាព​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ចា​ ​ឃុំ​ស្វាយ​ ​ច​ចឹប​ ​ស្រុក​បសេដ្ឋ​ ​ប្រព្រឹត្ត​បទ​ល្មើស​ជំរិត​ទារប្រាក់​តាម​អីុន​​ធឺ​ណិ​ត (​VOIP​)​​ កាល​ពី​ថ្ងៃ​ទី​ ​១៧​ ​ខែ​ កក្កដា​ ​ឆ្នាំ ២០១៩​។​

លោក​ ​វ៉ី​ ​សំណាង​ អភិ​បាល​ខេត្ត​កំពង់​ស្ពឺ ​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ​មន្ត្រី​នគរ​បាល​ទាំង​ ៣ នាក់​នេះ ​បាន​យក​ប្រាក់​ចំនួន ៤ ម៉ឺន​ដុល្លារ​អា​មេរិក​ ​ទៅ​សូក​ប៉ាន់​មន្ត្រី​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ ​ដើម្បី​ដោះ​លែង​ជន​ជាតិ​ចិន​ ៨ ​នាក់​ក្នុង​ចំណោម​ជន​ជាតិ​ចិន​ទាំង​ ​១៨​ ​នាក់​។​

​លោក​បញ្ជាក់​ថា​៖​ ​«​​យើង​ចាប់​បាន​ទាំង​មនុស្ស​ ​៣​ នាក់​ ​និង​លុយ​ ​៤​ ម៉ឺន»៕​​