ភ្នំពេញៈ យុវជន ២ រូបដែលសមត្ថកិច្ចរាជធានីភ្នំពេញចោទ ពាក់ព័ន្ធនឹងការញុះញង់បង្កើតឲ្យមានបទឧក្រិដ្ឋ និងអសន្តិសុខក្នុងសង្គម កាលពីថ្ងៃទី ៩-១០ ខែកក្កដានេះ ក្នុងពេលរៀបចំ និងប្រារព្ធខួប ៣ ឆ្នាំ លោក កែម ឡី ក្រោយពួកគេបោះពុម្ពអាវយឺតមានរូបថត និងចែកខិត្តប័ណ្ណមានភ្ជាប់បណ្ដាំ កែម ឡី។
លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងចំណោមយុវជនទាំង ២ នាក់នោះ មានយុវជនម្នាក់ត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ បទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបញ្ជូនទៅពន្ធនាគារព្រៃស ចំណែកម្នាក់ទៀតកំពុងស្ថិតក្នុងការសាកសួរបន្ដនៅតុលាការក្រុងភ្នំពេញនៅឡើយ។
លោកបានថ្លែងថា៖ «ក្រោយការសាកសួរ យុវជន រ៉ៃយ៉ា ចៅក្រមបានសម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងឲ្យឃុំខ្លួនរួចហើយ។ ចំណែក សួង នាគព័ន្ធ យើងកំពុងសាកសួរបន្ដនៅតុលាការ»។
លោក សំ សុគង់ មេធាវីការពារក្ដីឲ្យយុវជន គង់ រ៉ៃយ៉ា បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា ការចោទប្រកាន់របស់ព្រះរាជអាជ្ញានេះ ជារឿងមិនត្រឹមត្រូវ។
លោកថ្លែងថា៖ «ការបោះពុម្ពអាវយឺតដែលមានរូបថត និងបណ្ដាំលោក កែម ឡី នេះ រ៉ៃយ៉ា មានគោលបំណងតែ ២ គត់ គឺលក់អាវនេះ ដើម្បីបានផលចំណេញ ដោយបោះពុម្ពលក់តាំងពីឆ្នាំ ២០១៧ រហូតមក លក់ជាហូរហែ មិនដែលមានបញ្ហាអ្វីទេ។ មួយទៀតគាត់បោះពុម្ព អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី គឺដោយសារតែគាត់ជាអ្នកគាំទ្រ និងស្រឡាញ់គាត់អត់មានគោលដៅលក្ខណៈក្នុងការញុះញង់ ឬនយោបាយអីទេ»។
លោកបន្ថែមថា៖ «ខ្ញុំគិតថាការបោះពុម្ពដើម្បីស្វែងរកប្រាក់ចំណេញ ក្នុងនាមជាអ្នករកស៊ី ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ និងការគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី នេះ ខ្ញុំគិតថាវាមិនមែនជាបទល្មើស ហើយរឿងនេះពាក់ព័ន្ធទៅនឹងសិទ្ធិនៃការបញ្ចេញមតិ និងសិទ្ធិនៃការចេញផ្សាយ គឺមិនមែនជាចរិតដែលបង្កឲ្យមានបទល្មើសទេ។ ដូច្នេះ ការចោទប្រកាន់នេះ នៅមិនទាន់មានលក្ខណៈត្រឹមត្រូវទេ»។
លោក សំ សុគង់ ថ្លែងថា៖ «បើចៅក្រមគាត់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវាជាជម្រើសមួយល្អចំពោះអង្គហេតុនេះ។ គាត់ក៏មានក្រុមគ្រួសារដើម្បីថែទាំ រកស៊ីផ្គត់ផ្គង់ និងគួបផ្សំនឹងគាត់មានជំងឺផងដែរ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហានយោបាយ បានសរសេរនៅលើហ្វេសប៊ុកកាលពីម្សិលមិញដែរថា សុំដោះលែង គង់ រ៉ៃយ៉ា ឲ្យមានសេរីភាពវិញទៅ។
លោកបន្តថា៖ «គ្រាន់តែយកសម្តី កែម ឡី ដែលគេដឹងឮជាសាធារណ: តាំងតែពីមុនគេ បាញ់គាត់ស្លាប់ម្ល៉េះ មកបោះពុម្ពលើអាវសម្រាប់លក់ នៅថ្ងៃខួប ៣ ឆ្នាំគាត់នោះ មិនមែនជាឧក្រិដ្ឋកម្មទេ។ បើប៉ះពាល់ដល់សិទ្ធិអ្នកដទៃ គេអាចហាមឃាត់កុំឲ្យលក់ និងកុំឲ្យទិញ ឬដូចដែលធ្លាប់បានប្រមូលរឹបអូសកាសែត និងទស្សនាវដ្តីពីមុនៗ អាជ្ញាធរអាចប្រមូលរឹបអូសអាវយឺតទាំងនោះបានទេតើ»។
គួរបញ្ជាក់ថា យុវជន គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធាគារ កាលពីចុងខែសីហា ឆ្នាំ ២០១៥ ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដោយជាប់ពន្ធនាគារ ១ ឆ្នាំ ៦ ខែ ម្តងរួចមកហើយ និងត្រូវបានដោះលែងវិញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១៧។ កាលនោះ យុវជនរូបនេះបានបង្ហាញបំណងក្នុងការធ្វើបដិវត្តន៍ពណ៌ តាមរយៈសំណេរ លើគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា «Soriya Koko»។
សំណេររបស់យុវជន គង់ រ៉ៃយ៉ា បានក្លាយជាអង្គហេតុ ដែលនាំឲ្យតុលាការ ចាត់ទុកថា ជាធាតុផ្សំនៃបទល្មើស។ លោក សួង នាគព័ន្ធ សកម្មជនកូនភ្លោះ ជុំ ហួត និង ជុំ ហួរ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា បានស្នើសុំទៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដើម្បីផ្ដល់មេធាវីជួយការពារក្ដីដល់យុវជនដែលកំពុងជាប់ចោទទាំង ២ នាក់៕