ភ្នំពេញៈ ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្រេច​ចោទប្រកាន់​បុរស​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន បន្ទាប់ពី​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ដល់​តុលាការ​កាលពី​ថ្ងៃ​ ៩ ​កុម្ភៈ​ ប៉ុន្មាន​ថ្ងៃ​ក្រោយពេល​ឃាត់ខ្លួន​បាន​នៅ​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ជាមួយ​គ្រឿងញៀន​មេតំហ្វេតាមីន​ជាង ១៥ ​គីឡូក្រាម​។

លោក សេង ឃុនណាង ប្រធាន​ការិយាល័យ​ (​ក​ ១១) ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា បុរស​ជនសង្ស័យ​នោះ ឈ្មោះ ភី សុផល អាយុ​ ៣៤ ​ឆ្នាំ​ជា​ជនជាតិខ្មែរ​ត្រូវ​សមត្ថកិច្ច​របស់លោក​ចាប់ខ្លួន​កាលពី​ថ្ងៃ​ ៦ កុម្ភៈ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោយពី​បញ្ចប់​ការសាកសួរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជន​ម្នាក់​នោះ​ខាង​ខ្ញុំ​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​ព្រឹក​ (​ថ្ងៃទី​ ៩ កុម្ភៈ​) ក្រោយពី​បាន​ការឯកភាព​ពី​ថ្នាក់លើ​របស់ខ្ញុំ​»​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​ផ្នែក​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ ១០ ​កុម្ភៈ​​ថា បុរស​ជា​ជនសង្ស័យ​ឈ្មោះ ភី សុផល ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​រួចហើយ និង​បាន​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​បន្ត​នីតិវិធី​។

លោក​បាន​ថ្លែងថា​៖ «​គាត់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទជួញដូរ​គ្រឿងញៀន​តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ហើយ​បាន​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​បន្ត​»​។

បើតាម​លោក សេង ឃុនណាង ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​ ២១ និង​ ១០ ​នាទី​យប់​ថ្ងៃទី​ ៦ ​ខែ​កុម្ភៈ​នៅ​ចំណុច​បន្ទប់​ជួល​ (​គ្មាន​លេខ​) ផ្លូវ​លេខ​ ១១៣ ​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឯក ស៊ី ផល្លា នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​មានការ​សម្របសម្រួល​ពី​លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ​

លោក​ថា​ មុន​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ស៊ើបអង្កេត​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ទើប​ឈាន​ទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ថៃ​មក​កម្ពុជា​នេះ​។

លោក​បាន​បញ្ជាក់ថា វត្ថុតាង​ដែល​​សមត្ថកិច្ច​រឹបអូស​បាន​រួមមាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ICE) ​ទម្ងន់​ ១៥,៣៥៨.៦៥ ​គីឡូក្រាម ជញ្ជីង​ថ្លឹង​ចំនួន​ ២ ​គ្រឿង និង​ម៉ូតូ​ ១ ​គ្រឿង​ ហើយ​បើតាម​ចម្លើយ​របស់​ជនសង្ស័យ​គឺ​គ្រឿងញៀន​នេះ​គេ​បាន​នាំចូល​មកពី​ប្រទេស​​ ថៃ​។

ពាក់ព័ន្ធ​ការបង្ក្រាប​គ្រឿងញៀន​នេះដែរ បើ​តាម​របាយការណ៍​របស់​មន្ទីរប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​ចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាលជាតិ​បង្ហាញថា មាន​មនុស្ស​ ៨៦ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​ ៨ ​ខែ​កុម្ភៈ ​ក្នុង​នោះ​ (​ស្រី​ ៥ ​នាក់​) ​ក្នុង​ ២១ ​ករណី​។ ​ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៨៦ ​នាក់​នោះ ​មាន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ៧១ ​នាក់​ និង​អ្នកប្រើប្រាស់​ ១៥ ​នាក់ ​រួម​​នឹង​គ្រឿងញៀន​មេតំហ្វេតាមីន​ប្រមាណ​ ២៤,៩៧ ​ក្រាម​ និង​ ៧១ ​កញ្ចប់​តូច​ផង​។

បើតាម​របាយករណ៍​ដដែល​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាំងនោះ​បាន​ធ្វើ​ឡើង​នៅ​បណ្ដា​ខេត្ត-ក្រុង​មួយ​ចំនួន​រួមមាន ខេត្ត​បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្ដាល ពោធិ៍សាត់ រតនគិរី ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ​៕