
ជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីក្លិបលុច្សសារីកាលពីថ្ងៃទី ៨ មិថុនា។ សហការី
ភ្នំពេញៈ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ បានសម្រេចធ្វើការចោទប្រកាន់និងបញ្ជាឲ្យបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ម្ចាស់ក្លិបលុច្សសារី ក្រោយពីសមត្ថកិច្ចបានចាប់ខ្លួននៅខេត្ដបាត់ដំបងកាលពីថ្ងៃអាទិត្យ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ ករណីជនសង្ស័យជាថៅកែក្លិបលុច្សសារីនេះ»។
តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ លោក កូយ សៅ បានឲ្យដឹងថា ជនសង្ស័យជាម្ចាស់ក្លិបខាងលើឈ្មោះ ហួន ទួច អាយុ ៤០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែ មិថុនា នៅទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង។ ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ ក្រោមបទចោទជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន ប្រព្រឹត្តនៅចំណុចក្លិប លុច្សសារី ផ្ទះលេខ ៤២ ផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៩ តាមមាត្រា ៤២ និងមាត្រា ៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ក្រោយបញ្ចប់ការសាកសួរបន្ថែមនៅរសៀលថ្ងៃម្សិលមិញ ចៅក្រមស៊ើបសួរ លោក កូយ សៅ បានសម្រេចចេញដីកាបង្គាប់ «ឲ្យភ្នាក់ងារមានសមត្ថកិច្ចសាធារណៈធ្វើការនាំខ្លួនជនសង្ស័យ ហួន ទួច ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្ដឲ្យបានត្រឹមត្រូវតាមច្បាប់»។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យកាលពីថ្ងៃអាទិត្យនៅខេត្តបាត់ដំបង។
លោកបន្ដថា៖ «ការចាប់ខ្លួនជនសង្ស័យម្ចាស់ក្លិបលុច្សសារីនេះ គឺយើងចុះស្រាវជ្រាវចាប់ខ្លួន ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ»។
កាលពីថ្ងៃពុធសប្ដាហ៍មុន សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មនុស្សចំនួន ១៧ នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងក្លិប លុច្សសារីនេះពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ។
កាលពីយប់រំលងអ្រធាត្រឈានចូលថ្ងៃទី ៨ ខែមិថុនា កម្លាំងនគរបាល បានបើកប្រតិបត្តិការចុះឆែកឆេរក្លិប កម្សាន្តលុច្សសារីដោយបានឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លិបនេះ ចំនួន ៤០៨ នាក់ មានទាំងជនជាតិខ្មែរ និងបរទេស និងឆែករកឃើញគ្រឿងញៀនប្រមាណ ១៦២,៧ ក្រាម។
ករណីដោយឡែកមួយទៀត កាលថ្ងៃអាទិត្យ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់ បញ្ជូនជនសង្ស័យម្នាក់ទៀត ដែលជាមន្រ្តីនគរបាលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកដែលត្រូវបានសមត្ថកិច្ចចុះបង្ក្រាបកាលពីខែមីនា។
លោក ស ថេត បានបញ្ជាក់ថា៖ «ករណីឃាត់ខ្លួនជនសង្ស័យនៅ Rock នេះ យើងបានបញ្ចូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញហើយ។ ជនសង្ស័យនេះ យើងស្វែងរកចាប់ខ្លួនបាននៅជិតព្រំដែន»។
តាមការផ្សាយរបស់សារព័ត៌មាន Fresh News ជនសង្ស័យទាក់ទងនឹងករណីគ្រឿងញៀននៅ រ៉ុកនេះ មានឈ្មោះ ឡេង សុខគង់ ជាមន្ត្រីនគរបាលពាក់ស័ក្តិ ២ បម្រើការនៅអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន។
លោក ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានប្រតិកម្ម នឹងមតិទិតៀនដែលថា រដ្ឋាភិបាលបង្រ្កាបបានតែអ្នកជួញដូរគ្រឿងញៀនតូចតាច។ លោកថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី ៣ កាលពីថ្ងៃចន្ទម្សិលមិញ។
លោកថ្លែងថា៖ «យើងកំពុងតែខិតខំដើម្បីបង្រ្កាប ហើយត្រូវរួមគ្នាឲ្យមានការចូលរួមនិងគាំទ្រ មិនអាចគ្រាន់ចាំទិតៀន ចាំថានោះទេ ឥឡូវធ្វើទាំងអស់គ្នា ។ ថា ចាប់បានតែតូចតាច មិនឃើញចាប់មេខ្លោង។ ខ្ញុំចង់តែធ្វើបញ្ជីជូន អ្នកដែលត្រូវចាប់ដាក់គុកសព្វថ្ងៃនេះមេខ្លោងមិនស្ទើរនោះទេ»៕