ស្ទឹងត្រែងៈ តុលាការខេត្ត​ស្ទឹងត្រែង​បាន​ចោទប្រកាន់​បុរស​ ២ ​នាក់​ជា​កូនភ្លោះ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពី​ម្សិលមិញ បន្ទាប់ពី​សមត្ថកិច្ច​ជលផល​ខេត្តស្ទឹងត្រែង​ចាប់​ពួកគេ​ពីថ្ងៃ​ទី​ ២៨ កក្កដា ហើយ​បាន​បញ្ជូន​ទៅ​តុលាការ ករណី​ឆក់​ត្រី​ខុសច្បាប់ ប្រព្រឹត្ត​នៅ​​ភូមិ-ឃុំ​ស្ដៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​។

លោក គឹម ហុងសាន អ្នកនាំពាក្យ​ផ្នែក​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹង​ពី​ព្រឹក​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ឈ្មោះ ពុន រស្មី ហៅ អាម៉ី អាយុ​ ២៥ ​ឆ្នាំ និង​ឈ្មោះ ពុន មិនប៉ាក់ អាយុ​ ២៥ ​ឆ្នាំ​ត្រូវ​បាន​អយ្យការ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដោយ​​ឯកភាព​ចោទប្រកាន់​ពួកគេ​ទាំង​ ២ ​នាក់​។ ​ពួកគេ​ត្រូវបាន​ចោទ​ពី​បទ​នេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​តាម​បញ្ញត្តិ​មាត្រា​ ៩៨ នៃ​ច្បាប់​ស្តីពី​ជលផល និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​ ៣០ កក្កដា​។

ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​មាន​កំហុស​ដូច​ការចោទប្រកាន់​​តាម​មាត្រា​ ៩៨ ​នៃ​ច្បាប់​ស្តីពី​ជលផល​មែន​នោះ ពួកគេ​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី​ ៣ ​ទៅ​ ៥ ​ឆ្នាំ​។

លោក​ ទុំ នីរ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​ប្រាប់​ពី​ថ្ងៃ​ទី​ ២៩ កក្កដា​ថា ជនសង្ស័យ​​ឈ្មោះ ពុន រស្មី ហៅ​អាម៉ី អាយុ​ ២៥ ​ឆ្នាំ និង​ឈ្មោះ ពុន មិនប៉ាក់ អាយុ​ ២៥ (​កូនភ្លោះ​) ​ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​ ២៨ កក្កដា បន្ទាប់ពី​អ្នកភូមិ​រាយការណ៍​មក​ខណ្ឌ​រដ្ឋបាល​ជលផល​ថា ពួកគេ​ឆក់​ត្រី​នៅ​ចំណុច​បឹង​យ៉ក​តាម​ដង​ទន្លេ​សេកុង​។

លោក​ថា ក្រោយ​ទទួល​ព័ត៌មាន​នេះ សមត្ថកិច្ច​មន្ត្រី​ជលផល​បាន​ចុះទៅ​ចំណុច​កើតហេតុ ហើយ​ក៏​ឃាត់​ខ្លួន​ពួកគេ​។ ចំពោះ​វត្ថុតាង​ដែល​រឹបអូស​បាន រួមមាន​អាគុយ​ ១២ ​វ៉ុល​ចំនួន​ ២, ក្បាលឆក់​ក្តៅ​ ១២ ​គ្រាប់ ខ្សែ​កាប្លិ៍​ ១ ​ខ្សែ ថ្នង​ដងត្រី​ ២ ទូក​ ១ ​គ្រឿង​ប្រវែង​ ៧ ​ម៉ែត្រ ម៉ាស៊ីន​ទូក​ ១ ​គ្រឿង​កម្លាំង​ ៦ ​សេះ និង​ត្រី​ចម្រុះ​ចំនួន​ ៥ ​គីឡូក្រាម​។

លោក​បន្ថែម​ថា ខណ្ឌ​រដ្ឋបាល​ជលផល​ធ្វើការ​តាមរយៈ​សហគមន៍​ដែលមាន​ចំនួន​ ៥៦​។ ​ប្រជាសហគមន៍​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការផ្តល់​ព័ត៌មាន និង​ជួយ​ប្រឆាំង​នឹង​ការនេសាទ​ត្រី​ខុសច្បាប់​នេះ​។

បើ​តាម​លោក ទុំ នីរ៉ូ តំបន់​មាន​បទល្មើស​នោះ​គឺ​នៅ​ដាច់ស្រយាល​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ប៉ុន្តែ​មិនមែន​ជា​តំបន់​អភិរក្ស​ត្រី​ទេ​។ តែ​រដូវ​នេះ​ជា​រដូវ​បិទ​នេសាទ​គិត​ចាប់ពី​ថ្ងៃទី​ ១ ខែ​ឧសភា ដល់​ថ្ងៃទី​ ៣១ ខែ​កញ្ញា ដែល​ការនេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​ហាមឃាត់ ពិសេស​ការឆក់​​នេះ​។ ​ម្យ៉ាង​បញ្ហា​នេះ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ធម្មជាតិ​ខ្លាំង​ទៀតផង​។

លោក​បាន​បន្ថែមថា​៖ «​ប្រសិន​បើ​ត្រី​នោះគេ​ចរួច​ពី​ការឆក់​ក៏​វា​មិនអាច​ទៅ​ពង​កូន​បាន​ទៀត​​ដែរ​។ បើ​ត្រី​ហ្នឹង​ជ្រក​លាក់ខ្លួន​នៅ​កន្លៀត​ណា​​ក៏​មិន​សល់​ដែរ​»​។

ទន្ទឹម​នឹង​នេះ​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​នេះ​បរិមាណ​ត្រី​ដែល​ខណ្ឌ​រដ្ឋបាល​ចាប់បាន​មាន​ប្រមាណ​ ២០៨០ ​តោន​។ រីឯ​ផល​នេសាទ​កែច្នៃ​មាន​ប្រមាណ​ ៥៣ ​តោន​ក្នុង​​នោះ​មាន​ប្រហុក​ ១៨ ​តោន ត្រីងៀត​ ៤ ​តោន និង​ផ្អក​ ៣១ តោន​៕