បាត់ដំបង/សៀមរាបៈ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចចោទប្រកាន់លើអ្នកគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ចំនួន ២ នាក់ ពីបទ «រួមគំនិតក្បត់» ខណៈដែលចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបានចេញដីកាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនអ្នកគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ម្នាក់ពីបទ «រួមគំនិតក្បត់» ដូចគ្នានេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃទី ១៤ ខែ តុលា បានឲ្យដឹងថា អយ្យការអមសាលាដំបូង ខេត្តបាត់ដំបងបានចោទប្រកាន់ឈ្មោះ សួន ចំរើន ភេទប្រុស អាយុ ៣៩ ឆ្នាំ និងឈ្មោះ ផុង សុជាតិ ភេទប្រុស អាយុ ៤៦ ឆ្នាំ រួមទាំងគូកនផ្សេងទៀតពីបទ «រួមក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ការចោទប្រកាន់ខាងលើគឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះ សួន ចំរើន, ឈ្មោះ ផុង សុជាតិ ព្រមទាំងគូកន ដែលបានកៀរគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមឧបាយកល ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកន»។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានបញ្ជាក់ថាឈ្មោះ សួន ចំរើន, ឈ្មោះ ផុង សុជាតិ ព្រមទាំងគូកនបានកៀរគរ បំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខហើយថាអ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលអាចមានជាប់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំទៅ ១០ (ដប់) ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះដែរអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងដែរថា ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាបបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ជិន សុខង៉េង ភេទប្រុស អាយុ ២៨ ឆ្នាំ កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ ពីបទ «រួមគំនិតក្បត់» ដោយយោងតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យសាលាដំបូងខេត្តបានបញ្ជាក់ថា៖ «ជនត្រូវចោទត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌកាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ ពីបទរួមគំនិតក្បត់ដោយយោងតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ»។
អ្នកនាំពាក្យបានបន្តថា៖ «ពាក់ព័ន្ធនឹងអង្គហេតុនៃ "ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” ផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំង ឧទ្ទាមប្រដាប់អាវុធខុសច្បាប់ដើម្បីចូលរួមអនុវត្តផែនការនេះ»។
ទន្ទឹមនឹងនេះអ្នកនាំពាក្យក្រសួងការពារជាតិកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយការពារនូវបទបញ្ជារបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិដែលបានណែនាំដល់មេបញ្ជាការមេបញ្ជាការរង និងពលទាហាន កងពលតូចលេខ ៧០ ក៏ដូចជាកងទ័ពទាំងអស់ត្រូវសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ចាត់វិធានការចំពោះលោក សម រង្ស៊ី និងបក្ខពួកដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងថាកងយោធពលខេមរភូមិន្ទមានតួនាទីដូចដែលបានចែងក្នុងរដ្នធម្មនុញ្ញគឺការពារជាតិ សាសនា និងព្រះមហាក្សត្រ។ ដូច្នេះប្រសាសន៍ និងបទបញ្ជារបស់លោក ទៀ បាញ់ កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ ក្នុងឱកាសប្រារព្ធខួបលើកទី ២៥ ឆ្នាំនៃការបង្កើតកងពលតូចលេខ ៧០ គឺជាបទបញ្ជា «ដ៏ត្រឹមត្រូវបំផុត» ដែលកងយោធពលខេមរភូមិន្ទត្រូវតែអនុវត្តជាដាច់ខាតពីព្រោះបញ្ហានេះទាក់ទងទៅនឹងសន្តិសុខ សន្តិភាពស្ថិរភាពទាំងសេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ក៏ប៉ុន្តែបើសិនជាមានវិវាទនយោបាយរវាងគណបក្សនយោបាយ និងគណបក្សនយោបាយកងយោធពលខេមរភូមិន្ទ រក្សាជំហរអព្យាក្រឹតភាពរបស់ខ្លួន។
ផ្ទុយទៅវិញទង្វើប៉ុនប៉ងរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួករបស់ខ្លួនតម្រូវឱ្យកងយោធពលខេមរភូមិន្ទមិនអាចអត់ឱនឱ្យបានជាដាច់ខាត ពីព្រោះក្រុមអគតិទាំងនោះដែលមានទណ្ឌិត សម រង្ស៊ី ជាមេខ្លោងត្រូវបានស្ថាប័នមានសមត្ថកិច្ចចោទពីបទឧបឃាតកាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ»។
សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ក្នុងបរិបទនេះកងយោធពលខេមរភូមិន្ទត្រូវតែមានកាតព្វកិច្ចពេញលេញដើម្បីការពារព្រះរាជាណាចក្រកម្ពុជាគ្រប់ទម្រង់ទាំងអស់។
ក៏ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ថ្លែងថាការចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់អ្នកគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី របស់សមត្ថកិច្ចគឺដោយសារតែរាជរដ្ឋាភិបាលមានការព្រួយបារម្ភខ្លាំងដែលថាការវិលត្រឡប់របស់លោក សម រង្ស៊ី គឺជាការមកផ្តួលរំលំរាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «វាជាការប្រតិកម្មមួយដែលហួសហេតុ ហើយបើនៅតែបន្តចាប់ខ្លួនរហូតបែបនេះនឹងបង្កឲ្យមានការរំលោភសិទ្ធិមនុស្សប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចហើយការនេះនឹងមិនចំណេញដល់ប្រទេសកម្ពុជាទេ បើខ្លួននៅតែបន្តការចាប់ខ្លួនបែបហ្នឹង»។
យ៉ាងណាក្តីកាលពីថ្ងៃទី ១៣ ខែ តុលា លោកឧត្តមសេនីយ៍ ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចមានកាតព្វកិច្ចធ្វើការទប់ស្កាត់ និងចាប់ខ្លួនជនណាដែលពាក់ព័ន្ធនឹងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយចាប់តាំងពីមានការប្រកាសធ្វើរដ្ឋប្រហាររបស់លោក សម រង្ស៊ី មកសមត្ថកិច្ចបានឃាត់ខ្លួនអ្នកគាំទ្រផែនការរដ្ឋប្រហាររបស់លោក សម រង្ស៊ី ចំនួន ៤០ នាក់ និងមានអ្នកគាំទ្រផែនការរដ្ឋប្រហាររបស់លោក សម រង្ស៊ី ៣ នាក់ បានចូលសារភាព៕