ព្រះសីហនុៈ តុលាការខេត្ត​ព្រះសីហនុ​បាន​ចោទប្រកាន់​ពលរដ្ឋ​ប្រុស​ និង​ស្រី​ចំនួន​ ៧ ​នាក់​ ដោយហេតុ​បាន​រុករាន​ដីព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​ និង​បង្ក​របួសស្នាម​ដល់​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​។

លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​ទាំង ៧ ​នាក់​នោះ បាន​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ខែ​មករា ឆ្នាំ​ ២០២០ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ និង​ពីបទ រារាំង បង្ក​គ្រោះថ្នាក់ របួសស្នាម ដល់​មន្ដ្រី​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្នុង​ការចុះ​អនុវត្ដ​មុខនាទី និង​ភារកិច្ច​។

លោក ប៊ុនហេង បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ទាំង​ ៧ ​នាក់​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ដែល​មាន​បញ្ញត្ដិ​ឱ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៦២ ចំណុច​ ១, មាត្រា ៥៦ ចំណុច​ ៤ និង​មាត្រា ៦១ ចំណុច​ ៧ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធនធាន​ធម្មជាតិ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​ថ្លែង​កាលពី​ម្សិលមិញ​ថា​កាលពី​ថ្ងៃ​ពុធ ទី​ ១៥ ខែមករា បាន​ឱ្យ​ដឹងថា កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​ ១៥ ខែ​មករា​បាន​សហការ​ជាមួយ​កម្លាំងចម្រុះ​នៃ​រដ្ឋបាល​ស្រុក ព្រៃនប់ ដែល​ដឹកនាំ​ដោយ​លោក ព្រំ ប៊ុន្នី នាយករង​រដ្ឋបាល​ស្រុក​ព្រៃនប់​ចុះ​ធ្វើការ​ទប់ស្កាត់ និង​រុះរើ​សំណង់ផ្ទះ​ខ្ទម​អនាធិបតេយ្យ​ដែល​សង់​លើ​ដី​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​) ត្រង់​ចំណុច​តាបិន ស្ថិត​ក្នុងភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ដែល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​អេវើហ្គ្រីន​។

នៅក្នុង​ប្រតិបត្តិការ​នេះ​ត្រូវបាន​ក្រុម​អនាធិបតេយ្យ​ទាំងនោះ​បាន​ប្រើ​ហិង្សា​មកលើ​ក្រុមការងារ​ដោយ​ប្រើ​កាំបិត ពូថៅ ដំបង ដុំថ្ម ចម្ពាមកៅស៊ូ និង​ដប​សាំង​វាយ កាប់ និង​គប់​បណ្តាល​ឱ្យ​នគរបាល រងរបួស​ម្នាក់​ឈ្មោះ នី សារ៉ាត់ ជា​នាយប៉ុស្តិ៍​ទួល​ទទឹង​, មន្ត្រី​អាវុធហត្ថ​រងរបួស​ម្នាក់​ឈ្មោះ រឿង សុខជា ជា​សមាជិក​កង​អន្តរាគមន៍​ពិសេស អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​ប្រជា​ការពារ​ឃុំ​រងបួស​ម្នាក់​ឈ្មោះ លន់ សារិទ្ធ​។ ពលរដ្ឋ​ទាំង​ ៧ ​នាក់​នោះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​ដែល​អ្នកខ្លះ​មកពី​ខេត្តព្រៃវែង កំពង់ធំ ស្ទឹងត្រែង​។

លោក យូ វាសនា តំណាង​ប្រជាពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹងថា ក្នុង​ចំណោម​ពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​ដី​នៅ​ទីតាំង​ខាងលើ​មាន​ពលរដ្ឋ​មួយចំនួន​មិនមែន​ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទេ ប៉ុន្ដែ​ក៏មាន​ពលរដ្ឋ​មួយ​ចំនួន​មាន​លំនៅ​ជាក់ស្ដែង​ផងដែរ​។

លោក វាសនា ថ្លែង​ថា​ក្នុង​ពេល​សមត្ថកិច្ច​ចុះទៅ​រុះរើ​ផ្ទះសំបែង​ពលរដ្ឋ​ពេលនោះ​គឺ​ពលរដ្ឋ​ និង​សមត្ថកិច្ច​មាន​ការប៉ះទង្គិច​គ្នា​ទៅវិញ​ទៅមក ដោយហេតុ​តែ​ពលរដ្ឋ​ត្រូវការពារ​ផ្ទះសំបែង និង​ដំណាំ​ពួកគេ​ដូច្នេះ​ទើប​មានការ​ប៉ះទង្គិច​គ្នា​កើតជា​ហិង្សា​។ ពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​នោះ​មាន​ភាគតិច​ដែល​ជា​ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​លើដី ប៉ុន្ដែ​ក៏មាន​ពលរដ្ឋ​ខ្លះ​គាត់​ជា​​ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​ដែល​កំពុង​អាស្រ័យ​ផល​ធ្វើ​ដំណាំ​នៅ​ទី​នោះដែរ​៕