ក្រចេះ: សាលាដំបូងខេត្តក្រចេះបានចោទប្រកាន់ជនសង្ស័យម្នាក់ដែលគេស្គាល់ថា ជាឈ្មួញឈើចំនួន ៣ ករណី និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តក្រចេះ បន្ទាប់ពីជនសង្ស័យរូបនេះបានលួចដឹកឈើខុសច្បាប់ និងបានប្រើហិង្សាលើអ្នកសារព័ត៌មាន។
ជនសង្ស័យខាងលើមានឈ្មោះ ឃាន សម្បិត្ត ភេទប្រុស អាយុ ៣៨ ឆ្នាំ មានលំនៅ ភូមិព្រែកប្រាំ ឃុំ-ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដោយត្រូវបានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការពីថ្ងៃទី ២៣ ខែសីហា តាមបណ្ដឹងរបស់ឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ ៥០ ឆ្នាំ ជាអ្នកសារព័ត៌មានគេហទំព័រ BDP។
លោក ទីវ វុធធេន អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យឈ្មោះ ឃាន សម្បត្តិ នេះត្រូវបានតុលាការសម្រេចចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ពីថ្ងៃទី ២៤ សីហា។ លោកបន្តថា បទចោទលើជនសង្ស័យរូបនេះគឺមាន ៣ ករណី គឺបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ បទល្មើសហិង្សាស្រាល និងបទល្មើសក្លែងឯកសារសាធារណៈ (ប្រើប្រាស់រថយន្ដស្លាកលេខ ខ.ម)។
លោកថា៖ «យើងបានសម្រេចឃុំខ្លួនហើយ... តែយើងមិនទាន់សម្រេចបើកសវនាការនៅឡើយទេ រង់ចាំការអនុវត្តនីតិវិធីបន្តសិន»។
យោងតាមរបាយការណ៍កងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២០ ជនសង្ស័យឈ្មោះ ឃាន សម្បិត្ត បានដឹកជញ្ជូនឈើក្រហម (ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃពីចំណុចព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លុះដល់ម៉ោងប្រហែល ៤ និង ៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២២ ខែសីហា ពេលឡានដឹកឈើរបស់ឈ្មោះ ឃាន សម្បិត្ត បើកដល់ចំណុចភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ក៏បានជួបរថយន្ដក្រុមអ្នកសារព័ត៌មានចំនួន ២ រថយន្ដ ធ្វើការបើកបិទផ្លូវ មិនឲ្យរថយន្ដដឹកឈើធ្វើដំណើរហើយក៏មានការប៉ះទង្គិចគ្នាតែម្ដង។
របាយការណ៍ដដែលបានឲ្យដឹងថា៖ «ខណៈនោះដែរ ស្រាប់តែឈ្មោះ ឃាន សម្បិត្ត បានបើករថយន្ដម៉ាកឡិចស៊ីស ៤៧០ ពណ៌ត្រេអី ពាក់ស្លាកលេខខម ទៅដល់ក៏ចុះពីលើរថយន្ដទៅប្រវាយប្រតប់គ្នាជាមួយឈ្មោះ ម៉ូវ សុខឌីម ជាអ្នកសារព័ត៌មានដើម្បីកុំឲ្យថតសកម្មភាពរបស់ខ្លួន ក៏បង្កើតទៅជាករណីហិង្សាកើតឡើង»។
អ្នកស្រី ឃុត ស្រីនុច ត្រូវជាភរិយាលោក ម៉ូវ សុខឌីម ជាជនរងគ្រោះដោយការប្រើហិង្សាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ប្តីអ្នកស្រីមានរបួសត្រង់ខ្នង ភ្នែក និងមុខ ដោយសារតែលោក ឃាន សម្បតិ្ត បានប្រើហិង្សាលើគាត់។ លោកស្រីបានបន្តថា ជនសង្ស័យត្រូវគេស្គាល់ថា ជាអ្នករកស៊ីបទល្មើសឈើ ហើយមានការអួតក្អេងក្អាង មិនខ្លាចនរណានោះទេ ដូច្នេះអ្នកស្រីបារម្ភពីសុវត្ថិភាពគ្រួសារ ព្រោះខ្លាចបុគ្គលរូបនេះសងសឹកនៅថ្ងៃក្រោយ។
អ្នកស្រីបានបន្តថា៖ «តាមដែលប្តីខ្ញុំនិយាយមក គឺគាត់ឃើញឡានគេបើកមក ហើយមានភ្លើងច្រើន ហើយគាត់ក៏បានទាញទូរស័ព្ទថត ហើយក៏ជនបង្កស្ទុះមកវ៉ៃប្តីខ្ញុំតែម្តង។ និយាយទៅ ខ្ញុំចង់បានភាពយុត្តិធម៌ឲ្យប្តីខ្ញុំហ្នឹងណា ពេលដែលវ៉ៃ និងព្រមានដាក់ប្តីខ្ញុំ វាវ៉ៃហ្នឹង ចង់វ៉ៃសម្លាប់យើងចោលតែម្ដងហ្នឹង ព្រោះមានទាំងកូនចៅវាច្រើនទៀត។ បើសិនយើងគ្មានភ័ស្តុតាងទេ ធ្វើអីវាមិនបានទេ ហើយវាបានជំរុញឲ្យប្តីខ្ញុំប្តឹងទៀត»៕