ភ្នំពេញៈ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ ឆ្នាំ ចៅក្រមបារាំងបានច្រានចោលនូវរឿងក្តីចម្រូងចម្រាសមួយដែលចោទប្រកាន់ថា បារាំងបានប្រគល់អតីតមន្រ្តីក្នុងរដ្ឋាភិបាល លន់ នល់ ទៅឲ្យខ្មែរក្រហមនៅក្នុងខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលពួកកុម្មុយនីស្តចូលកាន់កាប់រាជធានីភ្នំពេញ។
លោកស្រី អ៊ុង ប៊ីលុន ប្រពន្ធរបស់លោក អ៊ុង ប៊ុនហោ អតីតប្រធានរដ្ឋសភា បានដាក់ពាក្យបណ្តឹងកាលពីឆ្នាំ ១៩៩៩។ មេធាវីរបស់លោកស្រីបានបញ្ជាក់ពីការច្រានចោលការស៊ើបអង្កេតកាលពីថ្ងៃពុធ។ ប្តីរបស់លោកស្រី ប៊ីលុន បានទៅសុំជ្រកកោននៅស្ថានទូតបារាំង នៅថ្ងៃទី១៧ ខែមេសា ព្រមជាមួយនឹងប្រជាជនកម្ពុជា និងជនបរទេសរាប់រយនាក់ទៀត ដែលរួមបញ្ចូលទាំងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលមុន។
លោក ប៊ុនហោ ព្រមទាំងព្រះអង្គម្ចាស់ សិរិមតៈ និងអ្នកដទៃទៀតបានស្នើសុំសិទិ្ធជ្រកកោននយោបាយពីរដ្ឋាភិបាលទីក្រុងប៉ារីស ប៉ុន្តែការស្នើសុំនោះ ត្រូវបានបដិសេធចោល។ ទន្ទឹមនឹងនេះ ខ្មែរក្រហម បានទាមទារឲ្យបណ្តេញអ្នកទាំងពីរ និងប្រជាជនកម្ពុជាដទៃទៀតទាំងអស់ ដែលកំពុងលាក់ខ្លួនចេញពីស្ថានទូត ដោយបានគំរាមប្រើកម្លាំង។
លោកស្រី ប៊ីលុន បានចោទថា ប្តីរបស់លោកស្រី ត្រូវបានប្រគល់ទៅឲ្យពួកកុម្មុយនីស្តនៅថ្ងៃទី ២០ ខែមេសា ដោយនគរបាលស្ថានទូត បើទោះបីជាគេដឹងថា ក្នុងឋានៈមន្រ្តីថ្នាក់កំពូល «ក្បត់ជាតិ» ក្នុងរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ គាត់នឹងត្រូវគេសម្លាប់យ៉ាងប្រាកដក៏ដោយ។ គេមិនដែលបានជួបគាត់ម្តងទៀតឡើយ។ ក្នុងបទសម្ភាសឆ្នាំ ២០១២ ជាមួយនឹងភ្នំពេញ ប៉ុស្តិ៍ លោកស្រីបានប្រដូចអ្វីដែលបានកើតឡើងនៅស្ថានទូត ថាជាការសហការគ្នារវាងរដ្ឋាភិបាល Vichy របស់បារាំង និងពួកណាស៊ី ក្នុងសង្គ្រាមលោកលើកទី២ «នៅពេលបារាំងបានប្រគល់ជនជាតិជ្វីហ្វទៅឲ្យអាល្លឺម៉ង់»។
ប៉ុន្តែ បើយោងតាមប្រភព ដែលដឹងពីរឿងក្តីនេះ បានប្រាប់ទីភ្នាក់ងារ AFP កាលពីថ្ងៃអង្គារថា នៅថ្ងៃទី ២៧ ខែមករា លោកស្រីចៅក្រម Emmanuelle Ducos បានថ្លែងថា ការចោទប្រកាន់របស់លោកស្រី ប៊ីលុន «គ្មានភ័ស្តុតាងបញ្ជាក់» ហើយបានច្រានចោលនូវរឿងក្តីនេះ។
លោកស្រីចៅក្រមបានសម្រេចថា៖ «បើទោះបីជាមានការខ្វែងគំនិតគ្នាអំពីរបៀបដែលឥស្សរជនកម្ពុជាចាកចេញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៧៥ ក៏ដោយ ក៏ប៉ុន្តែសាក្សីទាំងអស់បានយល់ស្របថា ការចាកចេញនេះគឺជាផ្នែកនៃការចុះចាញ់ដោយស្ម័គ្រចិត្ត»។ «ដោយជ្រាបពីឱសានវាទរបស់ខ្មែរក្រហមឲ្យប្រគល់ខ្លួនពួកគេ ឥស្សរជននៃរបបចាស់ រួមទាំងលោក អ៊ុង ប៊ុនហោ បានសម្រេចចិត្តចុះចាញ់នឹងអាជ្ញាធរទាំងនេះដើម្បីចៀសវាងនូវកិច្ចអន្តរាគមន៍ប្រដាប់អាវុធក្នុងស្ថានទូត និងការពារជនភៀសខ្លួនដទៃទៀត»។
លោកស្រី Ducos ក៏បានលើកលែងអង្គប្រតិបតិ្តរបស់បារាំង ដែលរួមទាំងលោកប្រធានាធិបតីនៅ Vale'ry Giscard d'Estaing ពេលនោះ ឲ្យរួចផុតពីការទទួលខុសត្រូវ។
យោងតាមទីភ្នាក់ងារ AFP បានឲ្យដឹងថា លោកស្រីចៅក្រមបានបញ្ជាក់ថា ខណៈដែលទីក្រុងប៉ារីសបានបដិសេធ មិនផ្តល់សិទិ្ធជ្រកកោនដល់ឥស្សរជន ហើយបានប្រាប់ឈ្មោះរបស់ពួកគេទៅខ្មែរក្រហម ប៉ុន្តែសេចក្តីសម្រេចទាំងនេះ «មិនអាចចាត់ទុកថាជាការចូលរួមដោយស្ម័គ្រចិត្ត និងដឹងខ្លួនក្នុងអំពើល្មើសទេ»។
បើទោះបីជារូបថតដែលចេញដោយកាសែត Newsweek កាលពីខែឧសភា ឆ្នាំ១៩៧៥ ទំនងជាបង្ហាញថា ប៊ុនហោ កំពុងតស៊ូជាមួយកងតម្រួតបារាំង នៅស្ថានទូត Ducos ថ្លែងថា រូបថត ដែលខុសបរិបទមិនមែនជាភ័ស្តុតាងគ្រប់គ្រាន់ដើម្បី «បង្ហាញអំពីការពិតបានទេ»។
តាមពិត បើយោងតាមទស្សនាវដ្តីបារាំង L'Express អតីតអនុប្រធានកុងស៊ុលស្ថានទូតកាលពេលនោះ Jean Dyrac និង Georges Villevieille គឺជាតម្រួតម្នាក់ ក្នុងចំណោមកងតម្រួតទាំងនោះ អ្នកទាំងពីរបានយល់ស្របថា រូបថតនេះត្រូវបានពិពណ៌នាខុសដោយកាសែត Newsweek ហើយតាមពិតបង្ហាញពីលោក ប៊ុនហោ ចូលទៅស្ថានទូតកាលថ្ងៃទី១៧ មេសា ជាជាងការចាកចេញកាលថ្ងៃទី ២០ មេសា។
ប៉ុន្តែ បញ្ហាស្មុគស្មាញជាងនេះទៀត Pierre Gouillon ដែលជាតម្រួតម្នាក់ទៀតក្នុងរូបថតនេះ បានប្រាប់កាសែត Le Monde កាលពីឆ្នាំ ២០០៧ ផ្ទុយពីនេះ ហើយថា តាមពិត ប៊ុនហោ «មិនចង់ទៅទេ»។
លោកថ្លែងបន្តថា៖ «គាត់ប្រាកដជាដឹងថាអ្វីនឹងកើតឡើងចំពោះគាត់។ គាត់បានតស៊ូ គាត់ត្រូវបានរុញ។ ក្នុងករណីណាក៏ដោយ ខ្មែរក្រហមនឹងយកគាត់ដោយកម្លាំងបាយ»។
លោក Patrick Baudouin មេធាវីរបស់ Billon បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា សេចក្តីសម្រេចរបស់ចៅក្រមនៅតុលាការបារាំងគឺជា «ការខកចិត្តយ៉ាងខ្លាំង»។
លោកបន្តថា៖ «វាគឺជាឱកាសមួយសម្រាប់លោកស្រី អ៊ុង ប៊ីលុន ដែលនៅទីបំផុតមានការពិតអំពីអ្វីដែលបានកើតឡើងចំពោះប្តីលោកស្រីក្នុងឆ្នាំ ១៩៧៥»។
បើទោះបីជា Baudouin បាននិយាយថា វាអាចមានការស៊ើបអង្កេតបន្ថែម លោកបានទទួលស្គាល់ថា មូលដ្ឋានច្បាប់តិចតួចសម្រាប់ករណីនេះធ្វើឲ្យវាពិបាក។
លោកបានថ្លែងថា៖ «លោកស្រីអាចមានយុត្តាធិការ លុះត្រាតែគាត់អាចរកបានភ័ស្តុតាងថា លោក ប៊ុន ហោ ទទួលរងទារុណ្ឌកម្មពិតប្រាកដមែន»។
ភ័ស្តុតាងបែបនេះមិនដែលរកបានទេ។ លោកបន្ថែមថា ប៉ុន្តែ«សំណួរ នៅតែជាការទទួលខុសត្រូវមួយក្នុងចំណោមការទទួលខុសត្រូវនយោបាយ»។
អ្វីដែលបានកើតឡើងពិតប្រាកដ នៅស្ថានទូតបារាំង ប៉ុន្មានថ្ងៃបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោកលន់ នល់ និងតួនាទីអ្វីដែលទីក្រុង ប៉ារីស បានដើរតួក្នុងការបញ្ជូនប្រជាជនកម្ពុជាទៅស្លាប់ គឺជាកម្មវត្ថុចម្រូងចម្រាសនៃការជជែកវែកញែកនៅប្រទេសបារាំង។ ព្រឹត្តិការណ៍ទាំងនោះត្រូវបានធ្វើឲ្យល្បីនៅក្នុងឆ្នាំ ១៩៨៤ តាមរយៈខ្សែភាពយន្តរឿងវាលពិឃាត និងសៀវភៅ និយាយអំពីជីវិតពិតរបស់លោក Francois Bizot ឈ្មោះ The Gate។
លេខាទីមួយរបស់ស្ថានទូតបារាំង Nicolas Baudouin បានថ្លែងកាលពីថ្ងៃពុធថា ស្ថានទូតមិនមានអត្ថាធិប្បាយអំពីសេចក្តីសម្រេចរបស់តុលាការទេ។ ប៉ុន្តែលោកបានអះអាងថា ស្ថានទូតបានផ្តល់ការគាំទ្រដល់ចៅក្រមបារាំង និងក្រុមរបស់លោកស្រី នៅពេលដែលពួកគេ បានមកកម្ពុជាក្នុងឆ្នាំ២០១៣។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានថ្លែងកាលពីថ្ងៃពុធថា បារាំងមិនមានកំណត់ត្រាល្អនៃការដោះស្រាយជាមួយ «អតីតកាលអមនុស្សធម៌របស់ខ្លួនទេ»។ «ហើយការចងចាំជាមួយប្រទេសដែលខ្លួនបានធ្វើអាណានិគមហាក់បីដូចជាតិចតួចណាស់»។
នៅក្នុងសៀវភៅឈ្មោះ The Life and Death of Dith Pran អតីតអ្នកកាសែត New York Times លោក Sydney Schanberg ដែលកាលពីពេលនោះ ស្ថិតនៅស្ថានទូតបារាំងបានសម្ដែងការអាណិតចំពោះអនុកុងស៊ុល Dyrac បន្ទាប់ពីជនជាតិកម្ពុជាត្រូវបានបណ្តេញចេញកាលថ្ងៃទី ២០ មេសា។
Dyrac បានប្រាប់ Schanberg ថា៖«នៅពេលដែលយើងធ្វើបែបនេះ យើងមិនមែនជាបុរសទៀតទេ»៕ រាយការណ៍បន្ថែមដោយ AFP