ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ច្រានចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​លោក James Ricketson ជាថ្មី​ម្តង​ទៀត​។ ប៉ុន្តែ​តុលាការ​បាន​ចាប់ផ្តើម​សំណុំ​រឿង​ចារកម្ម​ដោយ​សាកសួរ​សាក្សី​ផលិតករ​ភាពយន្ត​អូស្ត្រាលី​ល្បី​ឈ្មោះ​ម្នាក់​។

លោក Ricketson អាយុ ៦៩ ឆ្នាំ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រមូល​ព័ត៌មាន​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ប៉ះពាល់​ការការពារ​សន្តិសុខ​ជាតិ​ដែល​បាន​ប្រព្រឹត្ត​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​ ១៩៩៥ រហូត​ដល់​ពេល​ចាប់​ខ្លួន​នៅ​ថ្ងៃទី​ ៣ ខែ​មិថុនា ឆ្នាំ​ ២០១៧ យោង​ទៅ​តាម​មាត្រា ៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​លោក​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​ ១០ ​ឆ្នាំ​ប្រសិន​បើ​រកឃើញ​ថា មាន​ទោស​។ ការចាប់​ខ្លួន​លោក​បាន​ធ្វើ​ឡើង​ក្នុង​អំឡុងពេល​ដែល​លោក​ធ្វើ​ការថត​តាមរយៈ​យន្ត​ហ្រោះ​ដូន​ដើម្បី​ចាប់​យក​រូបភាព​នៃ​ការប្រមូលផ្តុំ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​បោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​។

នៅក្នុង​សវនាការ​សុំ​នៅក្រៅ​ឃុំ​កាលពី​ម្សិលមិញ​មេធាវី​ការពារ​ក្តី​បាន​លើក​ឡើង ៦ ចំណុច​ក្នុង​ការធ្វើ​សំណើសុំ​នៅក្រៅ​ឃុំ​រួមមាន ឆន្ទៈ​របស់​លោក​ក្នុង​ការមក​ឲ្យ​តុលាការ​សាកសួរ​នៅ​ពេល​ណា​ក៏បាន​ការបញ្ចប់​ការស៊ើបអង្កេត​បញ្ហា​សុខភាព ការផ្តល់​ពេលវេលា​ដល់​មេធាវី ដើម្បី​ពិភាក្សា​ជាមួយ​កូនក្តី ការសន្យា​របស់​លោក​មិន​ប្រព្រឹត្ត​បទល្មើស​ដទៃ​ទៀត​ហើយ​លោក​នឹង​មិន​ដាក់​សម្ពាធ​សាក្សី ឬ​ធ្វើការ​សម្រុះសម្រួល​ជាមួយ​នរណា​ម្នាក់​ដែល​ពាក់ព័ន្ធ​នៅក្នុង​សំណុំ​រឿង​នេះ​។

លោក ពឹង យុកហៀប ដែល​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ទាំង​ ២ ​នាក់​ថ្លែង​ថា​៖ «​គាត់​ជា​មនុស្ស​មាន​ការ​ទទួល​ខុសត្រូវ ហើយ​គាត់​នឹង​មិន​រត់​ទេ​។ គាត់​នឹង​ត្រឡប់​មក​បំភ្លឺ​នៅពេល​ណា​ក៏បាន​។ គាត់​មាន​ឆន្ទៈ​ប្រគល់​ឯកសារ​ទាំងអស់​ដែល​ចាំបាច់​»​។

លោក គង់ សំអុន ដែល​ជា​មេធាវី​ការពារ​ក្តី​ម្នាក់​ទៀត​បាន​ថ្លែង​ថា​មិន​មាន​សញ្ញា​បង្ហាញ​ថា​លោក Ricketson បាន​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ​។

«​លោក James គាត់​បាន​ទទួល​យក​ថា គាត់​បាន​បង្ហោះ​យន្តហោះ​ដ្រូន​របស់​លោក​នៅ​តំបន់​ហាមឃាត់ ដែល​ប្រកាស​ដោយ​សាលា​រាជធានី​ភ្នំពេញ​។ គាត់​ជា​អ្នក​កាសែត ឬ​ផលិតករ​ភាពយន្ត ប៉ុន្តែ​គាត់​មិន​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​។ ដូច្នេះ​លោក James គួរ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ទាំង​ ២ ​នេះ​»​។

លោក សំអុន បន្ត​ថា​ក្នុង​នាម​ជា​អ្នកកាសែត ឬ​ផលិតករ​ភាពយន្ត ការសម្ភាស​អ្នក​នយោបាយ​គឺជា​រឿង​ធម្មតា ហើយ​មិន​គួរ​ចាត់​ទុក​ថា​ជា​ការប្រមូល​ព័ត៌មាន​ដែល​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​ជាតិ​នោះ​ទេ​។

«​ជាការពិត​ការការពារ​ជាតិ​គឺជា​កាតព្វកិច្ច​របស់​យោធា មិនមែន​នគរបាល​ទេ​។ ប៉ុន្តែ​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​នគរបាល​»​។

ទោះ​យ៉ាង​ណា​ក្តី​សំណើសុំ​នៅ​ក្រៅ​ឃុំ​ត្រូវ​បាន​ច្រានចោល​ដោយ​ប្រធាន​ចៅក្រម​លោក សេង លាង បន្ទាប់ពី​ការពិចារណា​រយៈពេល ៣០ ​នាទី ខណៈ​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ស្នើ​ដោយ​ព្រះរាជអាជ្ញា សៀង សុខ​។ បន្ទាប់ពី​សំណើសុំ​នៅ​ក្រៅ​ឃុំ​ត្រូវ​បាន​ច្រានចោល​ការជំនុំ​ជម្រះ​បាន​បន្ត​ទៅ​បទចោទប្រកាន់​ជាក់ស្តែង​។

មេធាវី​ការពារ​ក្តី​លោក គង់ សំអុន បាន​ដាក់​សាក្សី ៤ នាក់​បន្ថែម​ទៀត​ចំពោះ​សំណុំ​រឿង​នេះ​។ នេះ​បាន​ធ្វើឲ្យ​ចំនួន​សាក្សី​ឡើង​ដល់​ ៧ ​នាក់​រួម​ទាំង​សាក្សី ៣ ​នាក់​ដែល​ត្រូវ​បាន​ដាក់​កាលពី​ពេល​មុន​។

ប៉ុន្តែ​សវនាការ​ទាំង​មូល​បាន​បន្ត​ជាមួយ​នឹង​ការ​សួរ​ទៅ​សាក្សី​ម្នាក់​ឈ្មោះ Peter Weir អាយុ ៧៤ ឆ្នាំ​ដែល​ជា​នាយក​ផលិតកម្ម​ភាពយន្ត​អូស្ត្រាលី​ល្បី​ឈ្មោះ​ម្នាក់ ដែល​បាន​អះអាង​ថា​បាន​ផលិត​ភាពយន្ត​ហូលីវូដ​មួយ​ចំនួន​។

លោក Peter បាន​រៀបរាប់​អំពី​ទំនាក់​ទំនង​ជាយូរ​មក​ហើយ​របស់​លោក​ជាមួយ​លោក Ricketson ដែល​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ១៩៧៣ នៅពេល​ដែល​លោក Ricketson បាន​ចាប់ផ្តើម​រៀន​នៅ​សាលា​ភាពយន្ត​ក្នុង​ប្រទេស​អូស្ត្រាលី ហើយ​លោក Peter គឺជា​ទីប្រឹក្សា​ម្នាក់​សម្រាប់​គាត់​។ លោក​បាន​ថ្លែង​ថា​លោក James មិន​មាន​ការពាក់ព័ន្ធ​ណា​មួយ​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ទេ​ទាំង​ក្នុង​ប្រទេស​អូស្ត្រាលី​ និង​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​លោក Ricketson បាន​ផលិត​ភាពយន្ត​ប្រឌិត និង​ភាពយន្ត​ឯកសារ​លើ​ប្រធានបទ​ផ្សេងៗ​ទាំង​ក្នុង​អំឡុង​ពេល​លោក​នៅ​ប្រទេស​អូស្ត្រាលី និង​ក្នុង​ប្រទេស​កម្ពុជា​។

លោក Peter ថ្លែង​ថា​លោក​ជឿ​ថា​ការចាប់​ខ្លួន​លោក Ricketson គឺ​ដោយសារ​តែ​ការយល់ច្រឡំ​ដែល​កើត​ចេញ​ពី​វប្បធម៌​ផ្សេង​គ្នា​។

ចៅក្រម សេង លាង បាន​សម្រេច​បញ្ចប់​សវនាការ​នៅ​វេលា​ម៉ោង​ ៦ ​ល្ងាច ហើយ​ការជំនុំជម្រះ​នឹង​បន្ត​នៅ​ថ្ងៃទី​ ២០ ខែ​សីហា​៕ PS