ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បើកសវនាការ ជំនុំជម្រះ​សំណុំរឿង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម ​នៅ​ក្លិប​កម្សាន្ត Rock ជា​អសាធារណៈ​លើ​ជនជាប់ចោទ​លោក ឧកញ៉ា គិត ធាង ដែល​ជា​ម្ចាស់​ក្លិប និង​ស្ត្រី​ចំនួន ៣ ​នាក់​ ក្នុង​ចំណោម​ជនជាប់ចោទ​ ២៧ នាក់​ ខណៈ​សំណុំរឿង​មួយ​នេះ​ត្រូវ​បាន​ជំនុំជម្រះ​ជា​អសាធារណៈ​ប្រមាណ​ ៣-៤ ​ដង​រួចមកហើយ​។

នៅក្នុង​បន្ទប់​សវនាការ មុន​នឹង​ដេញ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឲ្យ​ចេញ​ក្រៅ​បន្ទប់​សវនាការ​ពី​ម្សិលមិញ​គេ​ឃើញ​មាន​សមាសភាព​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​ ៣ ​រូប​ដោយ​មាន​លោក អ៊ឹម វណ្ណៈ ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ រីឯ​តំណាង​អយ្យការ​មាន​លោក សុក កែវបណ្ឌិត​។

ជាមួយ​គ្នា​នេះ​ដែរ​គេ​ឃើញ​មាន​វត្តមាន​មេធាវី​ចំនួន​ពី​ ៦ ​ទៅ​ ៧ ​នាក់​ ដែល​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង ២៧ ​នាក់​ ក្នុង​សំណុំ​រឿងនេះ​ផងដែរ​។

មុន​ការចាប់ផ្តើម​ជំនុំជម្រះ​លោក​ចៅក្រម អ៊ឹម វណ្ណៈ ​បាន​ហៅ​ឈ្មោះ​ជនជាប់ចោទ​តែ​ ៤ នាក់​ប៉ុណ្ណោះ ​ក្នុង​នោះ​ក៏មាន​លោក​ឧកញ៉ា គិត ធាង ​ផងដែរ ដើម្បី​ដំណើរការ​ជំនុំជម្រះ​ហើយ​ថ្លែងថា​៖ «​ដោយសារ​តែ​សំណុំ​រឿងនេះ​មាន​អនីតិជន​នៅ​ជាមួយ​ដែរ ដូច្នេះ​សូម​សាធារណជន​ចេញ​ទៅ​ក្រៅ​បន្ទប់ និង​ទុក​តែ​ជនជាប់ចោទ​ប៉ុណ្ណោះ​»​។

មេធាវី​មួយរូប​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ​បាន​និយាយថា ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​ ២៧ នាក់​ នៅក្នុង​ឃុំ​មាន​ជន​មិនទាន់​គ្រប់​អាយុ​ (​អនីតិជន​) ​តែ​ម្នាក់​ទៅ ២ ​នាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​ត្រូវ​បាន​សួរដេញដោល​អស់​ហើយ​ដែរ​កាលពី​ជំនុំជម្រះ​លើក​មុន​។ មេធាវី​រូបនោះ​បាន​ចោទ​សួរថា​៖ «​ថ្ងៃនេះ​អត់​មាន​អនីតិជន​ទេ តែ​ហេតុ​អី​ក៏ត្រូវ​ជំនុំជម្រះ​ជា​អសាធារណៈ ព្រោះ​ខ្ញុំ​ឃើញ​មនុស្ស​សុទ្ធតែ​គ្រប់អាយុ​ទាំងអស់​ហ្នឹង​»​។

លោក​ សួង ចាន់ថន ​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក​ គិត ធាង បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា​៖ «​ព្រឹក​មិញ​ (​ថ្ងៃ​អង្គារ​) ​ចៅក្រម​បាន​ហៅ​លោក​ឧកញ៉ា​ គិត ធាង ឡើង​សួរដេញដោល​ដែរ តែ​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ ខ្ញុំ​មិន​អាច​បញ្ជាក់ជូន​បានទេ​»​។

គួររំឭក​ថា​កាលពី​ថ្ងៃទី​ ២៣ ​ខែ ​កុម្ភៈ ឆ្នាំ​ ២០១៩ វេលា​ម៉ោង ១ ​កន្លះ​រំលង​អធ្រាត្រ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​មាន​ការសម្របសម្រួល​ពី​លោក លី សុផាណា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ស្ថិតនៅ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សម្រួល និង​ចាត់ចែង​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​កម្លាំង​ចម្រុះ​បាន​ឃាត់ខ្លួន​មនុស្ស ៣១១ ​នាក់​ ( ប្រុស​ ២៥៦ ​នាក់​ស្រី​ ៥៥ ​នាក់​) ជាមួយ​វត្ថុតាង​គ្រឿងញៀន​រួមមាន​ថ្នាំ​គ្រាប់​អិចស្តាស៊ី កេតាមីន ថ្នាំ​ Nimetazepam មេតំហ្វេតាមីន ហេរ៉ូ អ៊ីន និង​សារធាតុ​ផ្សំ​គ្រឿងញៀន​សរុប​ទាំងអស់​ ៤៩,៤៤ ​គីឡូក្រាម​។

បន្ទាប់ពី​ជំនុំជម្រះ​ ១ ​ព្រឹក​ចៅក្រម​បាន​លើក​ទៅ​ជម្រះ​នៅពេល​រសៀល​ទៀត​៕