ស្វាយរៀងៈ ប្រពលរដ្ឋ​ទំនាស់​ដីធ្លី​ចំនួន​ ៤ ​នាក់​តំណាង​ពលរដ្ឋ​ ៤៤០ ​គ្រួសារ រស់នៅ​ឃុំ​អំពិល ស្រុក​រមាសហែក​នៅ​ថ្ងៃទី​ ១៧ ​ខែ​កញ្ញា​បាន​ចូល​ខ្លួន​តតាំង​ក្តី​ក្នុង​សវនាការ​នៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ជុំវិញ​បទ​ចោទ​ធ្វើឲ្យ​ខូច​ដោយ​អចេតនា និង​រំលោភ​កាន់កាប់​ដីឯកជន​របស់​រដ្ឋ​ដែល​ការចោទប្រកាន់​នេះ​ត្រូវបាន​ចុងចោទ​ច្រានចោល និង​ថា​ជា​រឿង​មិន​ពិត​។

ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ឈាន​ដល់​ការប្តឹង​គ្នា​នេះ អ្នកឃ្លាំមើល​រំពឹង​ថា តុលាការ​នឹង​ទម្លាក់ចោល​បទចោទប្រកាន់​នេះ និង​ស្នើឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​។

ក្នុង​អំឡុងពេល​ពលរដ្ឋ​ទាំង​ ៤ ​នាក់​កំពុង​បំភ្លឺ​ក្នុង​សវនាការ ពលរដ្ឋ​សហគមន៍​ប្រមាណ​ ១០០ ​នាក់​ដែល​តំណាង​ឲ្យ​ជាង​ ៤៤០ ​គ្រួសារ​នាំគ្នា​ទៅ​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត​ស្វាយរៀង​។ ពលរដ្ឋ​ទាំងនោះ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​តំណាង​របស់​ពួកគេ ក្រោយពី​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ប្ដឹង​ពី​បទ​ «​ធ្វើឲ្យ​ខូច​ដោយ​អចេតនា និង​រំលោភ​កាន់កាប់​ដីឯកជន​របស់​រដ្ឋ​»​។

តំណាង​សហគមន៍​ ៤ ​នាក់​ដែល​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​នោះ​រួមមាន អ្នកស្រី​ ខៀវ សារ៉ុន អ្នកស្រី​ ម៉ន ស៊ីណា លោក​ ធឿន វ៉េង និង​លោក​ សំ វឿន​។ ប៉ុន្ដែ​លោក​ ធឿន វ៉េង មិនមាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​តតាំង​ក្ដី​នោះ​ទេ ដោយ​លោក​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំ​ណោម​ ៤ ​នាក់​អ្នកស្រី​ ខៀវ សារ៉ុន ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា តុលាការ​បាន​សាកសួរ​អ្នកស្រី និង​តំណាង​ពលរដ្ឋ​ ២ ​នាក់​ផ្សេងទៀត​ជាច្រើន​សំណួរ​ជុំវិញ​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន អ៊ិនខេ វេនឈ័រ​ (N-K Venture) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដាំ​អំពៅ​លើដី​រដ្ឋ​ទំហំ​ ៦៧០ ​ហិកតា ស្ថិត​នៅ​ភូមិ​ស្រែឫស្សី ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។

អ្នកស្រី​បន្ត​ថា​ពួកគាត់​ទាំង​ ៤ ​នាក់​ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​ភាគី​ក្រុមហ៊ុន​នោះ​ទេ​។ អ្នកស្រី​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ ៨ ខែ ​មេសា ឆ្នាំ​ ២០១៧ អ្នកភូមិ​បាន​ប្រារព្ធ​ពិធីបុណ្យ​ឡើង​អ្នកតា ភ្លាមៗ​នោះ​មាន​សមត្ថកិច្ច​ប្រមាណ​ជិត​ ២០ ​នាក់​ បាន​នាំគ្នា​មក​រុះរើ​អីវ៉ាន់​ក្នុង​ពិធីបុណ្យ​នោះ ហើយ​ក៏​ដាំ​បង្គោល​របង​នៅ​លើ​ដី​ពលរដ្ឋ​ក្នុង​តំបន់​ជម្លោះ​នោះ​។

ក្រោយមក​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​តវ៉ា និង​ដក​បង្គោលរបង​នោះ​ចំនួន​ ៨ ​ដើម​ទើប​ក្រុមហ៊ុន​បាន​ដាក់ពាក្យ​ប្ដឹង ដោយ​ដាក់​ក្នុង​ពាក្យបណ្ដឹង​ថា ប្រជាពលរដ្ឋ​បាន​ដក​បង្គោលរបង​របស់​ក្រុមហ៊ុន​ចំនួន​ ១០០ ​ដើម​។

អ្នកស្រី សារ៉ុន បន្ថែម​ថា​៖ «​ខ្ញុំ​សូម​ឲ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​ពួក​ខ្ញុំ ហើយ​ខ្ញុំ​ក៏​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដីធ្លី​ឲ្យ​ពួកខ្ញុំ ដោយ​ចុះមក​មើល​ថា តើ​ពួក​ខ្ញុំ​វេទនា​យ៉ាងណា​។ កុំ​ឲ្យ​ពួកគាត់​ជឿ​តែ​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ហ្នឹង​ពេក​គឺ​ពួក​ខ្ញុំ​ទាមទារ​ដី​ដែល​បាត់​ទាំង​ប៉ុន្មាន​នោះ​មក​វិញ​»​។

លោក​ ទេព ផល្លា អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ពី​ម្សិលមិញ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ដោយ​លោក​អះអាង​ថា កំពុង​ជាប់​រវល់​មិន​អាច​និយាយ​ទូរស័ព្ទ​បាន​ទេ​។

ក្រោយ​សាកសួរ​រយៈពេល​ជិត​ ២ ​ម៉ោង​លោក​ សុវណ្ណ ច័ន្ទគ្រឹស្នា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​ខេត្ត​ស្វាយរៀង​នឹង​ប្រកាស​សាលក្រម​លើ​សំណុំ​រឿងនេះ​នៅ​ថ្ងៃទី​ ៩ ខែ​តុលា​ក្រោយពី​បញ្ចប់​សវនាការ​ពេញ​សេចក្ដី​នៅ​ថ្ងៃទី​ ១៧ កញ្ញា​។

លោកស្រី កែវ សម្ផស្ស តំណាង​ក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ (N-K Venture) ពី​ម្សិលមិញ​មិន​ទាន់​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​។

លោក​ នុត បូពិណ្ណារ័ត្ន មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​ (​លីកាដូ​) ​ប្រចាំ​ខេត្ត​ស្វាយរៀង​ថ្លែង​ថា ការប្ដឹង​តំណាង​សហគមន៍​ទៅ​តុលាការ គឺជា​ការបំបាក់​ស្មារតី​អ្នកតវ៉ា​។ ប៉ុន្ដែ​លោក​ថា​តាម​ការសង្កេត បើ​ទោះ​ជា​យ៉ាងណា​ក៏​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ការតវ៉ា​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​បណ្ដា​ក្រសួង​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែរ​។

លោក​រំពឹង​ថា​តុលាការខេត្ត​ស្វាយរៀង​នឹង​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​កសិករ​ទាំង​ ៤ ​នាក់​។ លោក​ថ្លែងថា​៖ «​តាងនាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល គឺ​សំណូមពរ​ខាង​ចៅក្រម ខាង​តុលាការ ទម្លាក់ចោល​បទ​ចោទ​ពួកគាត់​ទៅ​។ កុំ​ឲ្យ​មាន​ការចោទប្រកាន់​ពួកគាត់​អី​ទៀត​។ ពេល​ទម្លាក់​ចោល​បទ​ចោទ​ហ្នឹង​ហើយ​ពាក់ព័ន្ធ​នឹង​រឿង​ដី​ធ្វើ​ម៉េច​ឲ្យ​ខាង​មន្ទីរ ឬ​ក្រសួង​កសិកម្ម​អីហ្នឹង ឬក៏​រដ្ឋាភិបាល​ធ្វើការ​រក​ដំណោះស្រាយ​មួយណា​ឲ្យ​ពួកគាត់​តាម​លទ្ធភាព​ជាក់ស្ដែង​»​។

បើ​តាម​អ្នកស្រី​ ខៀវ សារ៉ុន បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​ ៤៤០ ​គ្រួសារ​បាន​ប្រកបរបរ​ធ្វើ​ស្រែ​ចម្ការ​លើ​ផ្ទៃដី ៦៧០ ​ហិកតា​ស្ថិត​នៅក្នុង​ឃុំ​អំពិល ស្រុក​រមាសហែក​នោះ​ជាធម្មតា​ចាប់ពី​ឆ្នាំ​ ១៩៨២ រហូតមក​។ ប៉ុន្ដែ​មិន​មាន​ប័ណ្ណ​សម្គាល់​កម្មសិទិ្ធ​ (​ប្លង់រឹង​) ​ទេ​។ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ ​២០១០ ស្រាប់តែ​មាន​ក្រុមហ៊ុន​ឥណ្ឌា​ឈ្មោះ​អ៊ិនខេ វេនឈ័រ (N-K Venture) ចូល​មក​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​អ្នកភូមិ​លើ​ដី​ ៦៧០ ​ហិកតា​នោះ ដោយ​បាន​អះអាង​ថា ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​។ ក្រោយមក​ទៀត​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយទៀត (​មិន​ស្គាល់​អត្តសញ្ញាណ​) ដោយ​បាន​ប្ដឹង​ប្រជាពលរដ្ឋ និង​ធ្វើការ​ដាំដុះ​ដំណាំ​ពេញ​ដី​កំពុង​មាន​ទំនាស់​នេះ​៕