ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ជំនុំជម្រះ​ជនជាប់ចោទ​ ៤ នាក់ ​ក្នុង​ចំណោម​ ៦ នាក់​ ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការដាក់​បង្កៃគ្រាប់​បែក​តែ​មិន​ផ្ទុះ​ប្រព្រឹត្ត​កាលពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ឆ្នាំ​ ២០១៩ ​នៅ​ភ្នំពេញ​។

ជនជាប់ចោទ ឈ្មោះ ចាន់ សារ៉ាត់ ​បាន​ឆ្លើយ​ក្នុង​សវនាការ​កាលពី​ម្សិលមិញ​ថា លោក​ជា​កម្មករសំណង់​ហើយ​លោក​ទៅ​ធ្វើការ​សំណង់​នៅ​ខេត្តកំពត​ និង​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​ ហេង រ៉ាន់ ហើយ​ រ៉ាន់ ​បាន​ណែនាំ​ឲ្យ​ស្គាល់​ឈ្មោះ សំណាង បន្ទាប់មក​ សំណាង ​បាន​ណែនាំ​ឲ្យ​លោក​ស្គាល់​ឈ្មោះ សុខ ភារម្យ អាយុ ជាង ៦០ ឆ្នាំ​រស់នៅ​សហរដ្ឋអាមេរិក​។ ក្នុង​អំឡុង​ឆ្នាំ​ ២០១៨ ឈ្មោះ ភារម្យ បាន​ហៅ​គាត់​ឲ្យ​ទៅ​ជួប​នៅ​ប្រទេស​ថៃ​ដែល​ឆ្លងកាត់​តាម​ច្រក​ព្រំដែន​អន្តរជាតិ កម្ពុជា-ថៃ ឡែម ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង​។

ជនជាប់ចោទ សារ៉ាត់ បន្ត​ថា​គាត់​បាន​ជួប​ឈ្មោះ​ ភារម្យ ​ដែល​ជា​មេ​ចលនា​មាន​ឈ្មោះថា​« ខ្មែរ​រំដោះ​ខ្មែរ​» នេះ​បាន​ចំនួន​ ២ ​ដង ហើយ​រាល់​ការជួប​គ្នា​ម្តងៗ​គឺ​ជន​នោះ​បាន​ឲ្យ​លោក​ដើរ​ចលនា​ប្រមូល​សមាជិក​ឲ្យ​បាន​ច្រើន​នៅ​តាម​ស្រុក ខេត្ត​។ ភារម្យ បាន​ប្រាប់​លោក​ថា គេ​បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះ​ «​គណបក្ស​ចលនា​ខ្មែរ​រំដោះ​ខ្មែរ​» ​និង​កំពុង​សុំច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​។ ដោយសារ​ឮដូច្នេះ​រូបលោក​ក៏មាន​បំណង​ចូលរួម​ជាមួយ​គណបក្ស​ចលនា​ខ្មែរ​រំដោះខ្មែរ ដែរ ហើយ​ក៏​ខិតខំ​ដើរ​ប្រមូល​សមាជិក​បាន​ជាង ៤០ ​នាក់​។

ជនជាប់ចោទ​ សារ៉ាត់ ​ថា​ចំពោះ​ការរៀបចំ​រចនាសម្ព័ន្ធ​ជា​កងកម្លាំង​ប្រដាប់អាវុធ​យ៉ាងណា​នោះ​លោក​មិន​បានដឹង​ទេ ព្រោះ​រាល់​ការពិភាក្សា​គ្នា​ជាមួយ ភារម្យ ម្តងៗ​គឺ​ពិភាក្សា​គ្នា​ពី​ការបង្កើត​គណបក្ស​តែប៉ុណ្ណោះ​។

លោក សារ៉ាត់ ប្រាប់​ចៅក្រម​ក្នុង​សវនាការ​ថា​៖ «​ខ្ញុំ​គ្មាន​បំណង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ចូលរួម​ក្នុង​គណបក្ស ​ចលនាខ្មែរ​រំដោះ​ខ្មែរ​មែន​។ ខ្ញុំ​សូម​ឲ្យ​តុលាការ​បន្ធូរ​បន្ថយទោស​ខ្ញុំ​»​។

ជនជាប់ចោទ​ឈ្មោះ ហេង រ៉ាន់ ក៏បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ដែរ​ថា លោក​ជា​មេការ​សំណង់ និង​ធ្លាប់​ជា​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហើយ​ក្រោយ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​រំលាយ​មក​លោក​ដើរ​ម៉ៅការ​សំណង់​។

ជនជាប់ចោទ​បន្ត​ថា​លោក​ត្រូវបាន​ឈ្មោះ​ សំណាង នាំទៅ​ជួប​ សុខ ភារម្យ នៅ​ប្រទេស​ថៃ​បាន​​ ៣ ​ដង​ហើយ ចំពោះ​រាល់​ការចាត់តាំង​ឲ្យ​លោក​ទៅ​បំផ្ទុះ​គ្រាប់បែក​យ៉ាងណា​នោះ​លោក​មិន​បាន​ប្រព្រឹត្ត​ទេ​។ ហេង រ៉ាន់ និយាយថា​៖ «​ខ្ញុំ​សូម​ឲ្យ​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុងការ​ចូលរួម​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​ទេ​»​។

ចំណែក​ជនជាប់ចោទ​ម្នាក់​ផ្សេងទៀត​ឈ្មោះ អ៊ុក រឹម បាន​ឆ្លើយ​ក្នុង​សវនាការ​ពី​ម្សិលមិញ​ដែរ​ថា​ពាក់ព័ន្ធ​ការចូលរួម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល ដែល​មាន​ឈ្មោះ សុខ ភារម្យ ជា​អ្នកដឹកនាំ និង​ចាត់តាំង​នោះ គឺ​រូបលោក​មិនបាន​ពាក់ព័ន្ធ​ទេ​ដោយ​លោក​ចង់​ចូលរួម​ជា​សមាជិក​ក្នុង​គណបក្ស​ខ្មែរ​រំដោះ​ខ្មែរ​តែប៉ុណ្ណោះ​។ «​ខ្ញុំ​សូម​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​ផង​»​។

ស្ត្រី​ជាប់ចោទ​ឈ្មោះ អេក អមរី ដែលជា​ចៅ​បង្កើត​របស់​ឈ្មោះ សុខ ភារម្យ បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ដែរ​ថា នាង​មិន​បាន​ចូលរួម​ក្នុង​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​។ ប៉ុន្តែ​នាង​ជា​អ្នក​វាយ​កុំព្យួទ័រ​ឲ្យ​ជីតា​របស់​នាង​រាល់ពេល​ផ្ញើ​ឯកសារ​មក​ព្រោះ​នាង​គិតថា ជីតានាង​ជា​អ្នកផ្តល់​ថវិកា​ឲ្យ​នាង​រៀនសូត្រ ដែល​នាង​មិន​អាច​ប្រកែក​បានទេ​។

អមរី និយាយ​ថា៖ «​រាល់​ការជួបប្រជុំ​មនុស្ស​ ៣ ​នាក់​ខាងលើ គឺ​នាង​មិន​បាន​ចូលរួម​ទេ ព្រោះ​នាង​មិនបាន​គិតពី​ការធ្វើ​នយោបាយ​អី​ទេ​។ ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​ដោះលែង​ខ្ញុំ​»​។

លោក​ សំម ឫទ្ធីវាសនា តំណាង​អយ្យការ​បាន​សន្និដ្ឋានថា ឆ្លងតាម​ការសួរដេញដោល និង​តាម​អង្គហេតុ​បង្ហាញថា​ជន​ជាប់ចោទ​ទាំង​ ៦ ​នាក់​ពិតជា​បាន​ចូលរួម​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ពិតមែន​។​ «​ខ្ញុំ​សូម​រក្សា​បទ​ចោទប្រកាន់​តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​» ។

លោក អ៊ុន ច័ន្ទថុល មេធាវី ការពារ​ឲ្យ ឈ្មោះ គង់ ថាន់ សន្និដ្ឋាន​ថា​ក្នុង​រឿងនេះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​មនុស្ស​ចំនួន ៤​ នាក់​ខាងលើ​ដោយសារ​ជាប់​ពាក់ព័ន្ធ​ការដាក់​បង្កៃគ្រាប់​បំណង​បំផ្ទុះ​តែ​មិន​ផ្ទុះ​ហើយ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ថា​ពាក់ព័ន្ធ​ការបញ្ជា​តាម​ទូរស័ព្ទ​។

ចំពោះ​កូនក្តី​របស់​លោក​ឈ្មោះ គង់ ថាន់ មាន​អាយុ ៨១ ​ឆ្នាំ​ហើយ ហើយ​គាត់​មាន​ជំងឺ​លើសឈាម ខូច​តម្រងនោម ហើយ​អ្វី​ដែល​តុលាការ​ចោទប្រកាន់​លើ​កូនក្តី​លោក​នោះ​គឺ​ដោយសារ​កូនក្តី​លោក​មាន​សម្ភារ​ជា​គ្រឿង​អេឡិចត្រូនិក ឈ្មោះ MK 160 ហើយ​ឲ្យ​ទៅ​មនុស្ស​ម្នាក់​ដែល​វត្ថុ​នេះ គេ​ដាក់​ភ្ជាប់​នឹង​ទូរស័ព្ទ អាច​បញ្ជា បិទ​បើកទ្វារ​ដោយ​ស្វ័យប្រវត្តិ​បាន​។ ចំពោះ​សម្ភារ​ប្រភេទ​នេះ​ក៏​អាច​រក​ទិញ​តាម​អនឡាញ​បាន​ផងដែរ​។ លោក​ថា​៖ «​កូនក្តី​ខ្ញុំ​គ្មាន​ចេតនា​ទុច្ចរិត​ទេ​ព្រោះ​គាត់​ក៏​ជា​មន្ត្រីរាជការ​ចូលនិវត្តន៍​ដែរ​។ សូម​តុលាការ​ទម្លាក់​បទចោទ​លើ​កូនក្តី​ខ្ញុំ​»​។

លោកស្រី​មេធាវី ជា ពិសី ដែល​ការពារ​ឲ្យ​ជនជាប់ចោទ ចាន់ សារ៉ាត់​,​អ៊ុក រឹម​,​អេក អមរី និង សុខ ភារម្យ បាន​សន្និដ្ឋានថា កូនក្តី​លោកស្រី ចាន់ សារ៉ាត់​,​អ៊ុក រឹម​និង អេក អមរី គឺជា​អ្នក​ចាញ់បោក សុខ ភារម្យ ហើយ​ សុខ ភារម្យ ​ក៏​ចាញ់បោក​គេ​បន្តទៀត​ដែរ​។ លោកស្រី​បាន​ស្នើ​ថា​៖ «​សូម​តុលាការ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ផង​» ។

បន្ទាប់ពី​បើក​សវនាការ លោក លិ សុខា ប្រធាន ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែងថា សាលក្រម​នៃ​សំណុំ​រឿងនេះ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ៦ ខែ​ ធ្នូ ឆ្នាំ​ ២០១៩៕