ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេដឹកនាំ​អតីត​បក្សប្រឆាំង លោក សម រង្ស៊ី និង​បក្ខពួក​ ២១ ​នាក់​ ពាក់ព័ន្ធ​បទ​ចោទ​រួមគំនិត​ក្បត់​ និង​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​ និង​ញុះញង់​មិនឱ្យ​យោធិន​ស្តាប់បង្គាប់​រាជរដ្ឋាភិបាល​។

សវនាការ​ពី​ម្សិលមិញ​គេ​ឃើញ​មាន​តែ​ជន​ត្រូវ​ចោទ​ចំនួន​ ១៣ ​នាក់​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ ២២ ​នាក់ ខណៈ​ ៩ ​នាក់​ផ្សេងទៀត ​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​។ ​ជន​ត្រូវ​ចោទ​ទាំង​ ២២ ​នាក់​ ដែល​រួមទាំង​លោក​ សម រង្ស៊ី ផង​នោះ​ត្រូវបាន​ការពារ​សិទ្ធិ​ដោយ​លោក មេធាវី សំ សុគង់ លោក មេធាវី ឡោ ជុនធី រីឯ​មេធាវី​ ២ ​រូប​ទៀត ​គឺជា​មេធាវី​ចាត់​តាំងពី​គណៈមេធាវី​រួមមាន​លោកស្រី​មេធាវី ស៊ិន សាវ៉ន និង លោក មេធាវី យុង ផានិត​។

ឆ្លើយ​នៅ​ចំពោះមុខ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន​លោក រស់ ពិសិដ្ឋ និង​តំណាង​អយ្យការ លោក សេង ហៀង និង​លោក សម ឫទ្ធីវាសនា ពី​ម្សិលមិញ ជន​ត្រូវ​ចោទ​ឈ្មោះ ឡុង ផារី អាយុ ៥៨ ​ឆ្នាំ ​ជា​អតីត​ក្រុមប្រឹក្សា​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​បាន​ប្រាប់​ចៅក្រម​ថា គាត់​បាន​ស្គាល់ឈ្មោះ​មេបក្ស​របស់គាត់​គឺ​លោក សម រង្ស៊ី ​និង​លោកស្រី ជូឡុង ស៊ូម៉ូរ៉ា ជា​ភរិយា​របស់​លោក សម រង្ស៊ី ចំណែក​មន្ត្រីជាន់ខ្ពស់​នៅក្នុង​បក្ស​នេះ​ផ្សេងទៀត​លោក​ធ្លាប់តែ​ឮឈ្មោះ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​កាលពី​គណបក្ស​នៅ​ដំណើរការ​គាត់​មាន​ទំនាក់ទំនង​ជាប់​ជាប្រចាំ​មួយ​លោក ហេង ដាណារ៉ូ ជា​តំណាងរាស្ត្រ​ខេត្តព្រៃវែង​។

លោក ឡុង ផារី បន្តថា ក្រោយពី​គណបក្ស​ត្រូវបាន​តុលាការ​កំពូល​រំលាយ​មក​គឺ​លោក​មិនដែល​ទាក់ទង​ទៅ​មនុស្ស​ក្នុង​បក្ស​ទេ​ហើយ​លោក​បានមក​រត់​ម៉ូតូឌុប​នៅ​រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បាន​ចាប់​លោក​នៅ​រាជធានី​ភ្នំពេញ​ដើមឆ្នាំ​ ២០២០ ​ពេល​លោក​អង្គុយ​ផឹក​កាហ្វេ​។

លោក​ ផារី ថា​៖ «​ពេល​ខ្ញុំ​អង្គុយ​ផឹក​កាហ្វេ​ខ្ញុំ​ជជែក​គ្នា​ពី​កប៉ាល់​វេស្ទើដាម​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​ដែលមាន​អ្នក​ផ្ទុកមេរោគ​កូវីដ​ ១៩​ ផង​។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បើក​ឱ្យ​កប៉ាល់​នោះ​ចូល​ចត​។ ក្រៅពីនេះ​ខ្ញុំ​មិន​ដែល​ទាក់ទង​រឿង​គណបក្ស​ដែរ​។ ពេលនេះ​ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​មាន​ទោស​អ្វីមួយ​ទេ​»​។

លោក ផារី និយាយប្រាប់​ចៅក្រម​ថា លោក​លេង​ហ្វេសប៊ុក ប៉ុន្តែ​លោក​មិនដែល​ហ្វ្រេន​ជាមួយ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់​ទេ​។ លោក​បានដឹង​ពី​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​ ២៨ មករា ឆ្នាំ ២០១៨ ​តាមរយៈ​ការស្តាប់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​ VOA ប៉ុន្តែ លោក​មិនដែល​ចូលរួម​ក្នុង​ចលនា​នេះ​ទេ​។ ​ដោយឡែក​ទាក់ទង​នឹង​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ​ ២០១៩ ដែល​លោក​ សម រង្ស៊ី ប្រកាស​វិល​ចូល​ប្រទេស​វិញ កាលនោះ​មន្ត្រី​បក្ស​សង្គ្រោះជាតិ​ខេត្តព្រៃវែង​បាន​ឱ្យ​លោក​ដើរ​ប្រមូល​មនុស្ស​ទៅ​ទទួល​ដែរ​តែ​លោក​មិន​ធ្វើតាម​។

បើតាម​លោក ងិន ឃាង អាយុ ៣២ ​ឆ្នាំ ​ដែល​ជា​ជន​ត្រូវចោទ​ម្នាក់ទៀត​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ពី​ម្សិលមិញ​ដែរ​ថា លោក​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៧ មីនា ឆ្នាំ​ ២០២០​។ មុន​ចាប់ខ្លួន​លោក​បាន​សរសេរ​សារ​ក្នុង​ក្រុម​ដែលជា​មិត្តភកិ្ត​អំពី​ជំងឺ​កូវីដ​ ១៩​ ប៉ុន្តែ​លោក​គ្មាន​ទំនាក់​ទំនង​ជាមួយ​អតីត​គណបក្ស​សង្គ្រោះជាតិ​ទេ​។ ប៉ុន្តែ​លោក​បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ឆ្នាំ​ ២០១៣ តែ​លោក​មិន​ដែល​គិតថា​ស្រឡាញ់​គណបក្ស​នោះទេ​។

លោក ងិន ឃាង និយាយ​ថា​៖ «​ខ្ញុំ​បាន​និយាយ​ហ្វេសប៊ុក​ក្នុង​ក្រុម​អំពី​ជំងឺ​កូវីដ​ថា រដ្ឋាភិបាល​កម្ពុជា​បណ្តោយ​ឱ្យ​យន្តហោះ​ចូល​ក្នុង​ប្រទេស​ និង​រិះគន់​ក្រសួង​សុខាភិបាល​កម្ពុជា​»​។

បន្ទាប់ពី​ចៅក្រម​សាកសួរ ជន​ត្រូវ​ចោទ ងិន ឃាង ចប់ ហើយ​ម្យ៉ាង​ដោយសារ​តែ​ជនជាប់ចោទ​មាន​ចំនួន​ច្រើន​ផង​នោះ​លោក​ចៅក្រម រស់ ពិសិដ្ឋ បាន​ប្រកាស​លើក​ពេល​សវនាការ​ទៅ​ថ្ងៃទី​ ២២ ខែមករា​បន្តទៀត​។

លោក នី សុខា ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ផ្តល់​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា បើ​មើល​ទៅ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​រឿងនេះ​កើតមាន​ក្រោយ​តុលាការ​រំលាយ​គណបក្ស​។ ជាធម្មតា​អាច​មាន​ការមិន​សុខចិត្ត​នឹង​ការរំលាយ​គណបក្ស​នេះ​ព្រោះ​អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​មួយចំនួន គឺ​ពួកគាត់​មិន​សុខ​ចិត្តនឹង​ការរំលាយ​បក្ស​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា ជា​រឿង​នយោបាយ​ទេ​។ មិនមែន​ថា​ការរំលាយ​នេះ​រចនាសម្ព័ន្ធ​វា​រលាយ​បាត់​ទៅ​ឯណា​តែ​វា​នៅតែ​មាន​ការទាមទារ​»​។

លោក នី សុខា អះអាង​ថា ដំណោះស្រាយ​រឿងនេះ​គួរតែ​ពាក់ព័ន្ធ​ជាមួយ​មេបក្ស​ធំៗ​ជា​អ្នកដឹង​ពី​បញ្ហា​នេះហើយ​សវនាការ​ដែល​មាន​មេបក្ស​ធំៗ​ចូល​ប្រហែល​ជា​មាន​ការសួរ​ដេញដោល​បាន​ច្បាស់លាស់​ជាង​នេះ​ព្រោះ​នៅក្នុង​កម្រិត​ពួកគាត់​មាន​គម្លាត​ឆ្ងាយ​ពី​រចនាសម្ព័ន្ធ​ដឹកនាំ​ធំៗ​ក្នុង​គណបក្ស​។ «​ខ្ញុំ​គិតថា​បើ​អាចឱ្យ​មេបក្ស​ធំៗ​ដែល​កំពុង​ជាប់ចោទ​មក​ឆ្លើយ​ចំពោះ​តុលាការ​ខ្ញុំ​គិតថា​ជា​រឿង​ល្អ​»៕