ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង «​ប្រមាថ​» និង​ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​» ដែល​មាន​ជនជាប់ចោទ​លោក សម រង្ស៊ី ហូរ វ៉ាន់ កាក់ កុម្ភារ និង គង់ ម៉ាស់​។ ប៉ុន្តែ​លើក​ពេល​ប្រកាស​ទៅ​ថ្ងៃក្រោយ​។

សំណុំ​រឿងនេះ​តុលាការ​ចោទប្រកាន់​លោក សម រង្ស៊ី អតីត​តំណាងរាស្ត្រ ហូរ វ៉ាន់ និង​អតីត​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាក់ កុម្ភារ ពីបទ​ផ្ដើមគំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​។

ចំណែក គង់ ម៉ាស់ ជាប់ចោទ​ពី​បទ ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​។

នៅក្នុង​សវនាការ​មាន​តែ​ជន​ជាប់ចោទ គង់ ម៉ាស់ និង​មេធាវី​ការពារ លោក សំ សុគង់ ប៉ុណ្ណោះ ខណៈ​ជនជាប់ចោទ​ ៣ ​នាក់​ផ្សេងទៀត​អវត្តមាន​។

លោក​ចៅក្រម​ជំនុំជម្រះ ពេជ្រ វិជ្ជាធរ បាន​លើក​ឡើង​ពី​សំណុំ​រឿងនេះ​ដោយ​បញ្ជាក់ថា ជនជាប់ចោទ​ គង់ ម៉ាស់ បាន​សរសេរ​នៅលើ​អាខោន​ហ្វេសប៊ុក​របស់​គាត់​ចំនួន​ ៥ ចាប់ពី​ខែ​មេសា​ដល់​ខែ​តុលា ឆ្នាំ​ ២០១៨ ដែល​សារ​នៅលើ​អាខោន​ទាំងនោះ​មាន​ខ្លឹមសារ​ប្រមាថ​ថា្នក់​ដឹកនាំ​រាជរដ្ឋាភិបាល និង​ញុះញុង់​ឲ្យ​មាន​ភាពវឹកវរ​ក្នុង​សង្គម និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​។

លោក​ចៅក្រម​ថ្លែងថា​៖ «​លោក​បាន​សរសេរ​ថា ហ៊ុន សែន បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ងើបឡើង​ប្រឆាំង​រដ្ឋាភិបាល ហើយ​គ្រោង​បោះ​ខិត្តប័ណ្ណ​ ១០ ​ម៉ឺន​សន្លឹក​ដោយ​អំពាវនាវ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​។ លោក​ថា គោ ក្រោល​លោក ហ៊ុន សែន ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ តើ​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ងើបឡើង លោក​ចង់​មាន​ន័យ​យ៉ាងម៉េច​?»​។

គង់ ម៉ាស់ បាន​ឆ្លើយ​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​រាជរដ្ឋាភិបាល​តាមរយៈ​ការបោះឆ្នោត មិនមែន​តាមរយៈ​រដ្ឋប្រហារ ឬ​មធ្យោបាយ​ហិង្សា​ទេ​»​។

គង់ ម៉ាស់ បាន​បន្ត​ថា​លោក​បានគេច​ខ្លួន​ទៅ​ប្រទេស​ថៃ​មួយរយៈ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រោយពេល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​កាលពី​ថ្ងៃទី​ ១៦ វិច្ឆិកា ២០១៧​។ លោក​បាន​ស្នើសុំ​សិទ្ធិ​ជ្រោក​កោន​ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​ជនភៀសខ្លួន (UNHCR) ប៉ុន្តែ​សំណើសុំ​ត្រូវបាន​ច្រានចោល​។

ចំណែក​លោក សម រង្ស៊ី ត្រូវបាន​ព្រះរាជអាជ្ញារង សេង ហ៊ាង ចោទថា​ជា​អ្នកបញ្ជា​ទៅលើ​ឈ្មោះ គង់ ម៉ាស់ ឲ្យ​បោះ​ខិត្តប័ណ្ណ​ ១០ ​ម៉ឺន​សន្លឹក​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​។

លោក សេង ហ៊ាង ថ្លែង​ថា​បន្ទាប់មក​ឈ្មោះ គង់ ម៉ាស់ បានរៀបចំ​សារ​សម្រាប់​បោះ​លើ​ខិត្តប័ណ្ណ ហើយ​បាន​ស្នើសុំ​ថវិកា​សម្រាប់​បោះ​ខិត្តប័ណ្ណ​នោះ​ពី​លោក សម រង្ស៊ី ឆ្លងតាម​រយៈ​លោក ហូរ វ៉ាន់​។ ចំណែក​ជនជាប់ចោទ កាក់ កុម្ភារ ត្រូវបាន​ចោទថា​ជា​អ្នកបញ្ជា​ឲ្យ គង់ ម៉ាស់ កាត់ត​សំឡេង ធី សុវណ្ណ ​ថា​។ ប៉ុន្តែ គង់ ម៉ាស់ បាន​ឆ្លើយថា លោក​មិន​បាន​ទទួលបញ្ជា​ពី​អ្នកផ្សេង​ទេ បន្ទាប់ពី​គណបក្ស​ត្រូវបាន​រំលាយ ហើយ​រាល់​សារ​ដែល​លោក​បង្ហោះ​គឺ​ធ្វើ​ឡើង​ដោយ​ចិត្ត​ខ្លួនឯង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​រៀបចំ​ខិត្តប័ណ្ណ​ដោយ​ខ្លួនឯង ដោយ​មិន​មាន​ការបញ្ជា​ពី​ណា​ទេ​។ ខ្ញុំ​គ្រោង​ចែកចាយ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​គិតពិចារណា​ម្ដង​ទៀត​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ខ្លឹមសារ​ដែល​ខ្ញុំ​សរសេរ គឺ​ខ្ញុំ​យក​ពី​ហ្វេសប៊ុក​របស់​លោក​ប្រធាន សម រង្ស៊ី ដែល​សរសេរ​ថា សូម​ពលរដ្ឋ​កុំទៅ​បោះឆ្នោត​ថ្ងៃទី​ ២៩ កក្កដា ២០១៨»​។

គង់ ម៉ាស់ បដិសេធ​ថា​លោក​មិន​ដែល​វាយប្រហារ ឬ​ប្រមាថ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជា​លក្ខណៈ​បុគ្គល​ទេ​។ ទោះ​យ៉ាងណា​តំណាង​អយ្យការ​លោក សេង ហ៊ាង បាន​សន្និដ្ឋាន​ថា ទង្វើ​របស់ គង់ ម៉ាស់ និង​ជនជាប់ចោទ​ ៣ ​នាក់​ទៀត​គឺ​ចូលក្នុង​បទល្មើស​ប្រមាថ និង​ញុះញង់ ហើយ​លោក​ស្នើសុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ពួកគេ​ទៅតាម​ច្បាប់​។

ប៉ុន្តែ​លោក សំ សុគង់ មេធាវី​ការពារ គង់ ម៉ាស់ ថ្លែង​ថា​អ្វី​ដែល​ គង់ ម៉ាស់ បាន​សរសេរ​គឺ​មិនមែន​ជា​ការប្រមាថ​ទេ ប៉ុន្តែ​ជា​ការរិះគន់​ដែល​​ពលរដ្ឋ​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​អាចធ្វើ​បាន​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ពិនិត្យ​មើល​សារ​របស់​គាត់​គឺជា​ការរិះគន់ ប៉ុន្តែ​សារ​ខ្លះ​មាន​ពាក្យ​ដែល​ធ្វើឲ្យ​យល់ច្រឡំ ដូចជា​ពាក្យ​ថា ផ្លាស់ប្ដូរ​។ ប៉ុន្តែ​អ្វី​ដែល​គាត់​ចង់​មាន​ន័យ​គឺ​ការផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត​។ អត្ថន័យ​នៃ​សារ​ទាំងនោះ​មិន​មាន​ខ្លឹមសារ​ញុះញង់​ទេ​»​។ លោក​ស្នើសុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ គង់ ម៉ាស់ រួចផុត​ពី​បទចោទ​។ ជា​ពាក្យសម្ដី​ចុងក្រោយ គង់ ម៉ាស់ ក៏​បាន​ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​ដោយ​អះអាង​ថា អ្វី​ដែល​លោក​សរសេរ​គឺ​ដើម្បី​ស្ថាបនា​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​។

យោង​តាម​ក្រមព្រហ្មទណ្ឌ ជន​ជាប់ចោទ​ទាំង​ ៤ ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី​ ៦ ​ខែ ដល់​ ២ ​ឆ្នាំ​។

លោក​ចៅក្រម ពេជ្រ វិជ្ជាធរ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​ ១៨ ខែ​តុលា​នេះ​៕