ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​កំបាំងមុខ ជំនុំជម្រះ​សំណុំរឿង​របស់​លោក​ សម រង្ស៊ី និង​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​ ២ ​នាក់​ទៀត ក្រោម​ការចោទប្រកាន់​ពី​បទ​បង្ក​ការញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​សង្គម ហើយ​ការប្រកាស​សាលក្រម​នៃ​សំណុំ​រឿងនេះ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​ ៣០ ធ្នូ​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​តាមរយៈ​ប្រព័ន្ធ​តេឡេក្រាម​ថា តុលាការ​នៅ​ថ្ងៃទី​ ២១ ខែធ្នូ​បាន​លើកយក​សំណុំរឿង​លោក សម រង្ស៊ី មក​ធ្វើការ​ជំនុំជម្រះ​ជា​សាធារណៈ​។ នៅក្នុង​សំណុំ​រឿងនេះ​មាន​ឈ្មោះ​ជន​ត្រូវ​ចោទ​ចំនួន ៣ ​នាក់​គឺ​ទី​ ១ ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទី​ ២ ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ និង​ទី ៣ ​ឈ្មោះ ទុំ ប៊ុនថន​។ លោក​ថ្លែងថា​៖ «​ជន​ទាំង​ ៣ ​នាក់​ត្រូវ​ចោទប្រកាន់​ពី​បទ​បង្ក​ការញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​សង្គម​។ ចំពោះ​​សាលក្រម​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៣០ ​ធ្នូ​ខាង​មុខ​»​។

លោក គុជ គឹមឡុង មិនបាន​ប្រាប់​ពី​សមាសភាព​នៃ​ចៅក្រម​ក្នុង​អង្គសវនាការ​ជំនុំជម្រះ​ក្នុង​សំណុំ​រឿងនេះ​ទេ តែបើ​តាម​ព្រះរាជអាជ្ញារង​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​រឿងនេះ​មាន​លោក រស់ ពិសិដ្ឋ និង​លោក សេង ហៀង ​ជា​តំណាង​អយ្យការ​។

ក្នុង​បទចោទ​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​ថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៦ ​ខែ​ដល់​ ២ ​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​ ១ ​លាន​ដល់​ ៤ ​លាន​រៀល​។

លោក គុជ គឹមឡុង មិនបាន​បញ្ជាក់​លម្អិត​ពី​អង្គហេតុ​នៃ​ការជំនុំជម្រះ​នេះ​ទេ តែ​បើ​តាម​លោក​ព្រះរាជអាជ្ញារង​ខាងលើ​បាន​ប្រាប់ថា សំណុំ​រឿងនេះ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក សម រង្ស៊ី បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​ករណី​ដែល​លោក សម រង្ស៊ី បាន​ញុះញង់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​សងលុយ​ដែល​ជំពាក់​ធនាគារ​។

បើ​តាម​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០២០ លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​» ទៅតាម​បណ្ដឹង​របស់​លោក ឌី វីជ្ជា កូនប្រុស​របស់​លោក ហុក ឡង់ឌី​។

ក្រៅពី​សំណុំ​រឿងនេះ​លោក​​ សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​នៅក្រៅ​ប្រទេស​មាន​ជាប់​រឿង​ក្តីក្តាំ​ជាច្រើន​ទៀត​នៅ​តុលាការ​។

មេធាវី​ការពារ​ក្តី​លោក​ សម រង្ស៊ី គឺ​លោក​ សំ សុគង់ មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕

វីដេអូ៖